ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​៖​រថយន្ត​ស៊េរី​ទំនើប​ៗ​ចំនួន​៣​គ្រឿង​អត់​ពន្ធ​ក្នុង​នោះ​មាន​មួយ​គ្រឿង​ជា​រថយន្ត​របស់​មន្ត្រី​យោធា​ផ្កាយ​១​នៅ​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ចុះ​ចាប់​តាម​ផ្លូវ​សាធារណៈ នៅ​តាម​ភោជនីយដ្ឋាន និង​ឃ្លាំង​លក់​រថយន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដឹកនាំ​ផ្ទាល់​ដោយ លោក​ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ​ហៅ​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។

​លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ​ហៅ​គយ​ចល័ត ដែល​បាន​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ផ្ទាល់​បានអោយ​ដឹង​ថា​រថយន្ត​ស៊េរី​ទំនើប​អត់​ព​ន្ឋ​ទាំង​៣​គ្រឿង​ទាំងនោះ​ទី​១-​រថយន្ត​ម៉ាក​SIENNA​ពណ៌​ទឹកប៊ិច មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2X-9753 ចាប់​បាន​នៅ​ក្នុង​ឃ្លាំង​លក់​រថយន្ត​លេខ​១១១​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​,​ទី​២-​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2S-8338 ចាប់​បាន​នៅ​ភោជនីយដ្ឋាន​Ifforno​នៅ​តាម​បណ្តោយ​ផ្លូវ​៣០២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ចំណែក​រថយន្ត​ទី​៣ ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ជា​រថយន្ត​របស់​មន្ត្រី​យោធា​ផ្កាយ​១​នៅ​បន្ទាយ​មាន​ជ័យ  ចាប់​បាន​នៅ​ភោជនីយដ្ឋាន​BKK​តាម​បណ្តោយ​ផ្លូវ​៣៥២​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

លោក ព្រាប គា​រ៉ាត់​បាន​អះអាង​បន្ត​ថា​បច្ចុប្បន្ន​នេះ​កម្លាំង​គយ​ចល័ត​បាន​ឲ្យ​ដឹង​ថា នៅ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​បាន​នឹង​កំពុង​លាក់​ទុក​នៅ​ក្នុងផ្ទះ​ឬ​ភូមិ​គ្រឹះ ហើយ​កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​ទៅ​ដល់​គេហដ្ឋាន ឬ​តាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​ទៅ​បង់ពន្ធ​តាម​ផ្លូវច្បាប់​។​

ទោះបី​យ៉ាងណា​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់​និង​ទាន់​ពេលវេលា​ដើម្បី​ជៀសវាង​ការ​ចុះ​ចាប់​ដល់​គេហដ្ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល​និង​ប៉ះពាល់​កិត្តិយស​។​ក្រោយ​ពេល​ចាប់​បាន​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​៣​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ​ដើម្បី​អោយ​ម្ចាស់​រថយន្ត​ចូលខ្លួន​បង់​ព​ន្ឋ​តាម​ក្រោយ​ផង​ដែរ​៕​