លោកតា គង់ ណៃ បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ជួប​មិត្ត​នៅ​សៀមរាប​

​សៀមរាប​៖ ព្រឹទ្ធ​ចា​រ្យ​ចាប៉ីដងវែង លោកតា គង់ ណៃ បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «​តន្ត្រី​ជួប​មិត្ត​» ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សៀមរាប​។ ក្រៅពីនេះ​ក៏មាន​ក្រុម​សិល្បៈករ​ខ្មែរ​អមតៈ​ជាង​៥០​នាក់​ទៀត បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ដើម្បី​បង្ហាញ​ពី​តន្ត្រី សិល្បៈ និង​វប្បធម៌​បុរាណ​ខ្មែរ ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បាន​ទស្សនា​។​

​លោកតា គង់ ណៃ បានបង្ហាញ​អារម្មណ៍​រំភើប រីករាយ ដែល​លោក​បាន​ចូលរួម​ក្នុង​កម្មវិធី តន្ត្រី​ជួប​មិត្ត​នៅ​សៀមរាប​។ សម្រាប់​លោកតា គង់ ណៃ វា​ជា​រឿង​ប្រសើរ​បំផុត ដែល​ទម្រង់​ចាប៉ីដងវែង ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​តន្ត្រី​ជួប​មិត្ត ដែល​សម្តែង​ឲ្យ​អន្តរជាតិ​មើល​។ លោកតា គង់ ណៃ បន្ថែមថា ក្នុង​វត្តមាន​កម្មវិធី​តន្ត្រី​តន្ត្រីបុរាណ​នេះ អាច​ឲ្យ​ចាប៉ីដងវែង មាន​ដង្ហើម​ដក​ឡើងវិញ ខណៈដែល​បច្ចុប្បន្ននេះ គេ​មិនសូវ​ស្គាល់ និង​ឲ្យ​តម្លៃ​លើ​សិល្បៈ​បុរាណ​មួយ​នេះ​។​

​នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន ឃី​ង​រ៉ូ​ដ អង្គរ (King’s Road Angkor) កាលពី​ល្ងាច​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ​២០១៦ មាន​រៀបចំ​ពិធី​សម្ពោធ​កម្មវិធី តន្ត្រី​ជួប​មិត្ត ជា​លើកដំបូង​។ ជា​កម្មវិធី​តន្ត្រី ដែល​ប្រមូលផ្តុំ​ដោយ​សិល្បៈករ​ក្មេង ចាស់​ជាច្រើន ដែលមាន​បទពិសោធន៍ ក្នុង​រង្វង់​សិល្បៈ​ខ្មែរ​។ ព្រឹត្តិការណ៍​ដែល​រៀបចំ​រយៈពេល​មួយ​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ កុម្ភៈ ក្នុង​បំណង​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ស្គាល់​ពី​តន្ត្រី សិល្បៈ និង​វប្បធម៌​ដ៏​ផូរផង់​នៃ​ជាតិខ្មែរ​។​

លោកតា គង់ ណៃ បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ជួប​មិត្ត​នៅ​សៀមរាប​

​ក្រៅពីនេះ កម្មវិធី​តន្ត្រី​ជួប​មិត្ត ដែល​រៀបចំឡើង​ដោយ​ក្រុម​តន្ត្រី​ថត​សំឡេង​ឧបករណ៍​បុរាណ​ខ្មែរ​ផ្លូវ​៦០ ក៏បាន​រៀបចំ​ឲ្យ​មានការ​ប្រគំ​តន្ត្រី​បែប​សម័យ​ផងដែរ​។ មូលហេតុ​ដោយសារ អ្នករៀបចំ​កម្មវិធី​ចង់​ឲ្យ​អ្នកទស្សនា​មើលឃើញ​ពី​ភាព​អស្ចារ្យ​នៃ​តន្ត្រីបុរាណ​ខ្មែរ ដែល​ប្រគំ​ឆ្លាស់គ្នា​នឹង​តន្ត្រីសម័យ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Amund Maarud​។ លោក Amund Maarud ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ រំពឹងថា តន្ត្រីបុរាណ​ខ្មែរ នឹង​ត្រូវបាន​លើកស្ទួយ​ឡើងវិញ  ហើយ​ការដែល​លោក​អញ្ជើញ​លោកតា គង់ ណៃ មក​ចូលរួម​ក្នុង​តន្ត្រី​នេះ​ ក៏​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​តន្ត្រីបុរាណ​ខ្មែរ​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក Amund Maarud បានបញ្ជាក់​ពី​មូលហេតុ ដែល​លោក​ជ្រើសរើស​ភោជនីយដ្ឋាន ឃី​ង​រ៉ូ​ដ អង្គរ ជាទី​តាំង​បើកសម្ពោធ​កម្មវិធី​តន្ត្រី​ជួប​មិត្ត​នេះ ព្រោះថា ឃី​ង​រ៉ូ​ដ ជា​មជ្ឈមណ្ឌល​ទេសចរណ៍​មួយ ដែលមាន​រចនាបថ័ទ្មបុរាណ​ខ្មែរ ហើយ​វា​ស៊ី​ទៅនឹង​កម្មវិធី​តន្ត្រី​របស់​ពួកគេ​តែម្តង​។​

លោកតា គង់ ណៃ បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ជួប​មិត្ត​នៅ​សៀមរាប​

​គួរ​បញ្ជាក់ថា កម្មវិធី​តន្ត្រី​ជួប​មិត្ត នឹង​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ កុម្ភៈ តាម​បណ្តា​កន្លែង​កម្សាន្ត​សំខាន់ៗ​ក្នុង​ទីក្រុង​សៀមរាប ក្នុងនោះ​រួមមាន Hard Rock Cafe’ Angkor, X Bar, FCC, Golden City, Heritage Suites Hotel, Abacus Restaurant, Laundry Bar, King’s Road Angkor, New Leaf ហើយ​ថ្ងៃ​បញ្ចប់ កម្មវិធី​នេះ​នឹង​ប្រគំ​តន្ត្រី​ធំ​មួយ​នៅ​ស្តា​ត​ចាស់ ក្រោយ​សារមន្ទីរ​អង្គរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​