កម្មករ​រោងចក្រ​សេរី​មក​ពី​ខេត្ត​កំពង់ស្ពឺ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ

ពលរដ្ឋ​និង​កម្មករ​កម្មការិនី​ប្រមាណ ៦០​នាក់​នៃ​រោងចក្រ​សេរី (CERIE) ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​មក​ជួបជុំ​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ដើម្បី​សុំ​​ឲ្យ​មន្ត្រី​ក្រសួង​នេះ ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​សហជីព ២​រូប​ដែល​តុលាការ​ចាប់​ខ្លួន និង​ទាមទារ​ឲ្យ​ប្រញាប់​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ជូន​ពួកគេ។

សំឡេង​ស្រែក​តវ៉ា៖ «ក្រុមហ៊ុន​ខុស​ច្បាប់​មើល​អត់​ឃើញ ដល់​តែ​កម្មករ​កូដកម្ម​ដុត​កង់​ឡាន​ខុស​ច្បាប់។ សង្ឃឹម​ថា ឯកឧត្ដម អ៊ិត សំហេង ជួយ​មើល​កូន​ចៅ រាល់​ថ្ងៃ​ជួប​ផល​លំបាក​ច្រើន​ណាស់»

តំណាង​ក្រសួង​ការងារ មិន​បាន​ចេញ​មក​ជួប​ក្រុម​កម្មករ ដើម្បី​ជួយ​ដោះស្រាយ​នូវ​រាល់​ការ​ទាមទារ​របស់​កម្មករ​ទេ ទោះ​បី​ជា​ក្រុម​កម្មករ​បាន​ចំណាយ​ពេល​តវ៉ា​ជិត​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ក្ដី។

ប្រធាន​ផ្នែក​ពិនិត្យ អ្នកស្រី សំ សុខា ថ្លែង​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ថា ពួកគាត់​ធ្វើ​កូដកម្ម​ទាមទារ​ដោះស្រាយ​វិវាទ​ការងារ​តាំង​ពី​ដើម​ខែ​មករា មក តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ។ ការ​តវ៉ា​នេះ ដោយសារ​តែ​ថៅកែ​បាន​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​សេរី​កម្មករ ៣​នាក់ ហើយ​មិន​គោរព​លក្ខខណ្ឌ​ការងារ​ជា​ច្រើន​ដែល​ពួកគាត់​យល់​ថា រំលោភ​សិទ្ធិ​កម្មករ។ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ ថ្នាក់​ដឹកនាំ​សហជីព​សេរី​កម្មករ ២​រូប ក៏​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ចោទ​ប្រកាន់​ពី​បទ ​ញុះញង់​ដោយ​ប្រព្រឹត្ត​បទល្មើស​បង្ក​ហិង្សា​ដោយ​ចេតនា ស្រប​ពេល​ដែល​កម្មករ ៩​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​អ្នកស្រី​ផង ក៏​មាន​ដីកា​ពី​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ដូច​គ្នា ​ដែល​ត្រូវ​ថៅកែ​ក្រុមហ៊ុន​ប្ដឹង។ អ្នកស្រី​បន្ត​ថា មន្ត្រី​ក្រសួង​ការងារ បាន​ប្រាប់​ឲ្យ​ពួកគាត់​ទទួល​យក​លុយ​ពី​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​រឿង​ទៅ​វិញ«ខ្ញុំ​អស់​សង្ឃឹម​ម៉ង ពីព្រោះ​អី​គាត់​កាន់​ជើង​តែ​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច បែរ​ជា​គាប​សង្កត់​ពួក​ខ្ញុំ​ឲ្យ​និយាយ​ពី​រឿង​លក្ខខណ្ឌ​ដោះ​ដូរ បើ​សិន​ជា​ចង់​ឲ្យ​មាន​ការ​ដោះ​លែង ទាល់​តែ​ពួក​ខ្ញុំ​ព្រម​ទទួល​លុយ​ដើរ​ចេញ។ នេះ​គឺ​ជា​សម្ដី​របស់​ឯកឧត្ដម លី សុធា គាត់​ថា​ព្រម​យក​លុយ​គេ​ដើរ​ចេញ​ទៅ គេ​នឹង​ដក​ពាក្យ​បណ្ដឹង។ គាត់​បញ្ជាក់​ទៀត បើ​ដឹង​ក្រុមហ៊ុន​ហ្នឹង​គាប​សង្កត់​ហើយ នៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​ធ្វើ​អី​ទៀត? ម៉េច​ក៏​មិន​ដើរ​ចេញ​ទៅ ធ្វើ​ការ​នៅ​រោងចក្រ​ផ្សេង​ទៅ? គាត់​ប្រើ​ភាសា​នេះ​មក​មាន​ន័យ​ថា គាត់​ដឹង មិន​មែន​គាត់​មិន​ដឹង​ថា​ក្រុមហ៊ុន​ហ្នឹង​ល្មើស​ច្បាប់​ទេ។ ខ្ញុំ​មក​នេះ​ក៏​ខ្ញុំ​មាន​ដីកា​ជាប់​ខ្លួន​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​ខ្លាច ដោយសារ​ខ្ញុំ​អត់​ធ្វើ​ខុស ខ្ញុំ​អត់​ខ្លាច»

កម្មករ​ទាំង​នោះ​បាន​ឈរ​កាន់​បដា​ដែល​សរសេរ​ថា ដោះលែង កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង។

កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ក្រោម​បទ​ចោទ​ញុះញង់ បន្ទាប់​ពី​ពួកគេ​រំសាយ​បាតុកម្ម​ដុត​កង់​ឡាន​មុខ​រោងចក្រ​សេរី ទាមទារ​ឲ្យ​ថៅកែ​ចេញ​មក​ដោះស្រាយ​បញ្ហា​ជូន​កម្មករ។

កម្មការិនី​នៃ​រោងចក្រ​សេរី​ម្នាក់​ទៀត គឺ​អ្នកស្រី សឿន ចាន់ណា ជា​ភរិយា​លោក ទូច ស្រ៊ុន ដែល​តុលាការ​ចាប់​ខ្លួន បាន​អំពាវនាវ​ឲ្យ​ក្រសួង​ការងារ​អន្តរាគមន៍​ទៅ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ស្វាមី​អ្នកស្រី​ចេញ​ពី​ពន្ធនាគារ​ជា​បន្ទាន់។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​ផ្ទាល់​បាន​បាត់បង់​ការងារ ហើយ​ភាគី​រោងចក្រ​ក៏​ប្ដឹង​អ្នកស្រី​ក្នុង​បណ្ដឹង​តែ​មួយ​ដូច​ស្វាមី​នាង​ដែរ«ប្ដី​ខ្ញុំ​គាត់​ជា​មេ​គ្រួសារ គាត់​ត្រូវ​រក​លុយ​រក​កាក់​ចិញ្ចឹម​គ្រួសារ។ ដល់​ពេល​ខាង​ក្រុមហ៊ុន​គាត់​ប្ដឹង ហើយ​ចាប់​គាត់​ទៅ។ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​ខាង​ក្រសួង ក៏ដូចជា​តុលាការ ជួយ​រក​កំហុស​រោងចក្រ​ផង ថា​ប្ដី​ខ្ញុំ​ខុស​អី បាន​ពួក​គាត់​ចាប់​ប្ដី​ខ្ញុំ​ទៅ​តាំង​ពី​ថ្ងៃ​ទី​២។ សូម្បី​តែ​ខ្ញុំ ក៏​អត់​មាន​ការងារ​ធ្វើ​ដែរ។ ខ្ញុំ​ចង់​ទៅ​ធ្វើ​ការ​នៅ​ណា ក៏​អត់​បាន​ទៀត កាល​ណា​ខ្ញុំ​ទៅ អត់​មាន​នរណា​គេ​មើល​ប្ដី​ខ្ញុំ អត់​មាន​អ្នក​រក​លុយ​ចិញ្ចឹម​កូន។ ពី​ថ្ងៃ​នេះ​ទៅ​មុខ មិន​ដឹង​សង្ឃឹម​អី​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​សេរី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។

កម្មករ​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​រសៀល​ថ្ងៃ​ដដែល ដោយ​មន្ត្រី​ក្រសួង​ការងារ​មិន​ចេញ​មក​ជួប​ពួកគាត់​នោះ​ទេ។

ក្រៅ​អំពី​ការ​ស្នើ​សុំ​ឲ្យ​អន្តរាគមន៍​ដោះលែង​មនុស្ស ពួកគេ​ជំរុញ​ឲ្យ​មន្ត្រី​គណៈកម្មការ​សម្រាប់​ដោះស្រាយ​វិវាទ ដោះស្រាយ​សំណើ​មួយ​ចំនួន​គឺ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​ចូល​ធ្វើការ​វិញ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​រំលឹក​ពី​ថ្ងៃ​បញ្ឈប់​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ និង​ស្នើសុំ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​កូដកម្ម និង​ដក​ពាក្យ​ប្ដឹង​ពី​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។