សហគមន៍​ពីរ​បន្ថែម​ទៀត​នៅ​ខេត្ត​រតនគិរី​ជំទាស់​គម្រោង​ស្រាវជ្រាវ​រ៉ែ​មាស​ក្រុមហ៊ុន​អូស្ត្រាលី

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ពីរ​ភូមិ​បន្ថែម​ទៀត មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ​របស់​ប្រទេស​អូស្ត្រាលី ចូល​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ​ឡើយ។ ចំណែក​តំណាង​ក្រុមហ៊ុន រក្សា​គោលការណ៍​ពិភាក្សា​ដោយ​សន្តិវិធី​ជាមួយ​សហគមន៍ និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សម្រប​សម្រួល​បញ្ហា​នេះ។

រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ តួលេខ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី ដែល​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ចូល​ទៅ​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ កើន​ឡើង​ដល់​បី​សហគមន៍​ហើយ។

កាល​ពី​ខែ​ធ្នូ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​គងធំ និង​ភូមិ​ប្លង់ ក្នុង​ឃុំ​ប៉ាតេ បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រុម​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ដក​ទីតាំង​ចេញ​ពី​ភូមិ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ​ទេ បើ​ទោះ​បី​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​យ៉ាង​ណា​ក្តី។

តំណាង​ក្រុមហ៊ុន លោក ម៉ា សំអាត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​យល់ព្រម​ដក​ទីតាំង​បណ្ដោះអាសន្ន​ចេញ​ពី​ភូមិ​ដែល​សហគមន៍​ជំទាស់ និង​ផ្តល់​ព័ត៌មាន​នេះ​ជូន​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ជួយ​អន្តរាគមន៍​សម្រប​សម្រួល​ជាមួយ​សហគមន៍​ដោយ​សន្តិវិធី។ លោក​បន្ត​ថា ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​យក​គោលការណ៍​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សហគមន៍ និង​ទទួល​ខុស​ត្រូវ​លើ​ផល​ប៉ះពាល់ ប្រសិន​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន បង្ក​ផល​ប៉ះពាល់​ណា​មួយ​ដល់​សហគមន៍៖ «ភូមិ​ប្លង់ និង​ភូមិ​ប៉ាតេ ក្នុង​ហ្នឹង​ប៉ះពាល់​ពីរ​ភូមិ។ យើង​ចាប់​ផ្ដើម​ចុះ​ធ្វើ​ខែ​១២ ទៅ​គាត់​ឃាត់​មិន​ឲ្យ​ចូល​ទៅ ប៉ុន្តែ​កាល​ពី​ខែ​៨ យើង​ធ្វើ​ទីស្នាក់ការ​កន្លែង​ស្នាក់នៅ​ក្នុង​នៅ​ទេ»

កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៥ សហគមន៍​ភូមិ​តាំម្លូ ឋិត​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស បាន​បដិសេធ​ដាច់​ខាត​ទៅ​នឹង​ការ​សម្រប​សម្រួល​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទាក់ទិន​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​មាស​របស់​ក្រុមហ៊ុន អង្គរ ហ្គោល ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រ៉ែ​មាស​នៅ​តំបន់​នោះ បើ​ទោះ​បី​ការ​សម្រប​សម្រួល​ឈរ​លើ​គោលការណ៍​បី​ចំណុច ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​មុន​ក្ដី។ គោលការណ៍​បី​ចំណុច​នោះ​រួម​មាន ការ​បង្កើត​ក្រុម​ការងារ​មាន​តំណាង​សហគមន៍​ពី ៥ ទៅ ៧​នាក់ ចូលរួម​តាម​ដាន​ពិនិត្យ​សកម្មភាព​ស្រាវជ្រាវ​រ៉ែ​របស់​ក្រុមហ៊ុន បង្កើត​ក្រុម​ទស្សនកិច្ច​សិក្សា​សហគមន៍ ស្វែង​យល់​ពី​តំបន់​កំពុង​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​របស់​ក្រុមហ៊ុន និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ធានា​ផ្លូវ​ច្បាប់ ប្រសិន​ក្រុមហ៊ុន​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

មេ​ឃុំ​ប៉ាតេ លោក រម៉ាម យុត បញ្ជាក់​ថា អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់ ទើប​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​នោះ។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ពន្យល់​អ្នក​ភូមិ​ទាក់ទិន​គម្រោង​សិក្សា ដែល​រាជ​រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ និង​លក្ខខណ្ឌ​ធានា​ចំពោះ​ផល​ប៉ះពាល់ ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​មិន​យល់ស្រប៖ «ទេ​ខ្ញុំ​ដោះស្រាយ​អត់​ចេញ ខ្ញុំ​ថា​ឲ្យ​ស្រុក​ខេត្ត​ដោះស្រាយ​ទៅ បើ​ខ្ញុំ​ដោះស្រាយ គេ​ថា​ភូមិ-ឃុំ​ត្រូវរ៉ូវ​គ្នា​ហើយ។ ខ្ញុំ​អត់​ហ៊ាន​ទេ ឲ្យ​អ្នក​ពី​ក្រៅ​ទៅ​សង្ស័យ​បាន»

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​លើ​ផ្ទៃ​ដី​ទំហំ​ជិត ២០០​គីឡូ​ម៉ែត្រ​ក្រឡា (១៨៧​គីឡូ​ម៉ែត្រ​ការ៉េ) នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ចាប់​ពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​នោះ​បាន​ហាម​ឃាត់​ដាច់​ខាត​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​កំណត់​ថា ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។ ដោយឡែក​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្ទៃ​ដី​ជា​កម្មសិទ្ធិ​ឯកជន ក្រុមហ៊ុន​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ស្ដីពី​មិន​ជ្រៀតជ្រែក និង​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ធ្វើ​ការ​ទូទាត់​សំណង​ការ​ខូចខាត​ទាំងឡាយ ដែល​បណ្ដាល​មក​ពី​សកម្មភាព​របស់​ក្រុមហ៊ុន។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ព័ត៌មាន និង​ការ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​តំណាង​ក្រុមហ៊ុន អង្គរ ហ្គោល រួច​ហើយ ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ផ្ញើ​ផែនទី​ទាក់ទិន​តំបន់​ប្រតិបត្តិការ​ស្រាវជ្រាវ​រ៉ែ​ដែល​អ្នក​ភូមិ​ជំទាស់ មក​ក្រសួង​នៅ​ឡើយ។ លោក​ថា ក្រសួង​នឹង​ចាត់​ក្រុម​ការងារ​ចុះ​សម្រប​សម្រួល​ករណី​ទាំងអស់​នោះ​ជាមួយ​សហគមន៍ នៅ​ពេល​ក្រុមហ៊ុន​ផ្ញើ​ឯកសារ​ពាក់ព័ន្ធ​មក​ដល់​ក្រសួង៖ «គាត់​មក​រាយការណ៍​ផ្ទាល់​មាត់​ហើយ ប៉ុន្តែ​យើង​សុំ​ឲ្យ​គាត់​ផ្តល់​ផែនទី​ទីតាំង​ដែល​គាត់​ត្រូវ​ចូល ទំហំ​ប្រតិបត្តិការ​កន្លែង​ណា​ខ្លះ​ឲ្យ​មក។ យើង​នឹង​ចុះ​ទៅ​ជួប​ប្រជាជន​សម្រប​សម្រួល​រឿង​ហ្នឹង»

ក្រុមហ៊ុន អង្គរ ហ្គោល ប្រទេស​អូស្ត្រាលី សិក្សា​ស្រាវជ្រាវ​រយៈពេល ១០​ឆ្នាំ។ ក្រុមហ៊ុន​នេះ​រក​ឃើញ​មាន​សក្ដានុពល​រ៉ែ​មាស លាត​សន្ធឹង​ពី​ស្រុក​អូរយ៉ាដាវ រហូត​ទៅ​ដល់​ព្រំដែន​ប្រទេស​វៀតណាម និង​ឡាវ។ បច្ចុប្បន្ន ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) នៃ​ប្រទេស​ឥណ្ឌា កំពុង​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​ដែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា កន្លង​ទៅ​នេះ គម្រោង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន បាន​បំពាន​សិទ្ធិ​រស់នៅ និង​រំលោភ​ដីធ្លី​សហគមន៍ ទើប​ធ្វើ​ឲ្យ​សហគមន៍​បាក់​ស្មារតី មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ណា​មក​វិនិយោគ​នៅ​តំបន់​ពួក​គាត់​រស់នៅ​ទៀត​ឡើយ។ លោក​ថា ក្រុមហ៊ុន អង្គរ ហ្គោល គឺ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​គោរព​ទៅ​លើ​គោលការណ៍​ពិភាក្សា​ដោះស្រាយ​ផល​ប៉ះពាល់​សហគមន៍​ជា​បឋម។ ហេតុ​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ព្យាយាម​បង្ហាញ​ឲ្យ​អ្នក​ភូមិ​ឃើញ​ជាក់លាក់​ពី​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ដែល​មិន​បង្ក​ផល​ប៉ះពាល់ ឬ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ៖ «ក្រុមហ៊ុន​រ៉ែ​នេះ​សហការ​ល្អ​ជាមួយ​អាជ្ញាធរ សង្គម​ស៊ីវិល។ សូម្បី​ប្រជាពលរដ្ឋ ក៏​គាត់​សហការ​យ៉ាង​ជិតស្និទ្ធ ប៉ុន្តែ​ពលរដ្ឋ​បាក់​ស្បាត ឲ្យ​តែ​មាន​ក្រុមហ៊ុន​ចូល​មក ធ្វើ​ឲ្យ​ខាតបង់​ផល​ប្រយោជន៍​ពួក​គាត់»

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​សហគមន៍​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន មេស្កូ ហ្គោល បើក​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ។ ចំណែក​ក្រុម​ការងារ​នៃ​គណៈកម្មការ​ទី​៩ រដ្ឋសភា ក៏​បាន​ថ្លែង​គាំទ្រ​គម្រោង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ នេះ​ដែរ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។