​យុវជន​ថ្នាល​នៃ​៩​ប្រភេទ​កីឡា​ត្រូវ​ប្រមូលផ្តុំ ខណៈ​អគ្គនាយក​កីឡា​ជំរុញ​ឲ្យ​ជ្រើសរើស​ដោយ​តម្លាភាព​

លោក អ៊ុក សិទ្ធិជាតិ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឲ្យ​មានការ​វាយតម្លៃ​ដោយ​តម្លាភាព និង​ត្រឹមត្រូវ ជុំវិញ​ការប្រមូលផ្តុំ​គ្រូបង្វឹក កីឡាករ កីឡាការិនី​ថ្នាល និង​យុវជន​។ លោក​មានប្រសាសន៍​បែបនេះ នា​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដោយមាន​កីឡាករ​៩​ប្រភេទ​ដែល​ត្រូវ​ប្រមូលផ្តុំ​សម្រាប់​ឆ្នាំ​២០១៦​នេះ​។​

​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​លក្ខណៈ​អន្តរជាតិ និង​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បានរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៦ ស្តីពី​ការត្រៀម​លក្ខណៈសម្បត្តិ​ប្រមូលផ្តុំ​ក្រុមកីឡា​ជម្រើសជាតិ​យុវជន​ថ្នាល​ចាប់ពី​អាយុ​១៣​ឆ្នាំ​ដល់​១៧​ឆ្នាំ​។ នាឱកាស​នោះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកដ្ឋាន​កីឡា បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ជាតិ​ទាំង​៩​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​ប្រមូល​ក​ផ្តុំ​កីឡាករ​កីឡាការិនី​ថ្នាល ធ្វើការ​ជ្រើសរើស​ដោយ​គោរព​តាម​ឆន្ទៈ​របស់ខ្លួន ព្រមទាំង​គោរព​តាម​គោលការណ៍​តម្លាភាព និង​ត្រូវ​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់​តាមរយៈ​ការធ្វើ​តេស្ត៍​សមត្ថភាព ជាពិសេស​ឲ្យ​ស្របតាម​លក្ខខណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បានកំណត់​។​

​លោក​បាន​បញ្ជាក់ថា​៖«​សហព័ន្ធ​ជាតិ​ទាំង​៩​ត្រូវបង្កើត​គណៈកម្មាកា​រ​បច្ចេកទេស​រៀបចំ​ជ្រើសរើស​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​ថ្នាល ឲ្យ​មាន​តម្លាភាព សក្តានុពល សីលធម៌ និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានកំណត់​»​។

​នា​កិច្ចប្រជុំ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺ​នី​កីឡា​នេះដែរ លោក អ៊ុក សិទ្ធិ​ជាតិ បានលើកឡើង​ដូច​ក្នុង​លិខិត​របស់ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ញើ​ទៅ​ប្រធាន​សហព័ន្ធ​កីឡា​ជាតិ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ថា គ្រូបង្វឹក និង​គ្រូ​ជំនួយ​ដែល​ត្រូវ​ជ្រើសរើស​នោះ គឺជា​អ្នក​ដែល​ធ្លាប់​បង្ហាត់​ក្រុមកីឡា​បានទទួល​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​, បាន​ឆ្លងកាត់​វគ្គ​គ្រូបង្វឹក​ជាតិ ឬ​អន្តរជាតិ​ដោយមាន​សញ្ញាបត្រ ឬ​លិខិតបញ្ជាក់​ត្រឹមត្រូវ​, មានបទពិសោធន៍ និង​ពេលវេលា​គ្រប់គ្រាន់ មាន​សីលធម៌ និង​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​ត្រឹមត្រូវ​។​

​ដោយឡែក​កីឡាករ កីឡាការិនី​ត្រូវមាន​អាយុ​ចាប់ពី​១៣​ដល់​១៧​ឆ្នាំ ហើយ​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​ជើងឯក​ទូទាំងប្រទេស មាន​សក្តានុពល មាន​វិន័យ សីលធម៌​ជា​តំណាង​ពលរដ្ឋ​ខ្មែរ មាន​ឆន្ទៈ មាន​ពេលវេលា​គ្រប់គ្រាន់ និង​មាន​លិ​ខិ​បញ្ជាក់​សុខភាព​ត្រឹមត្រូវ​។  សម្រាប់​ការប្រមូលផ្តុំ​នេះ​កីឡាករ​-​ការិនី ដោយ​ទទួលបាន​របប​អាហារ​បំប៉ន​ប្រចាំថ្ងៃ ប៉ុន្តែ​មិន​ប្រាក់​ប្រចាំខែ​នោះទេ ដោយឡែក​គ្រូបង្វឹក​-​ជំនួយ និង អនុរក្ស ទទួលបាន​ថវិកា​ឧបត្ថម្ភ​ប្រចាំខែ និង​ប្រាក់​បំប៉ន​អាហារ​ប្រចាំថ្ងៃ​ថែម​ទៀតផង​។

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ បាន​បញ្ជាក់ថា សម្រាប់​ការប្រមូលផ្តុំ​គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ​កីឡាការិនី​ជម្រើសជាតិ​យុវជន​ថ្នាល​ទាំងអស់​មាន​ចំនួន​១៧២​នាក់ ក្នុងចំណោម​កីឡា​៩​ប្រភេទ ក្នុងនោះ​កីឡាបាល់ទាត់​ចំនួន​២​ប្រភេទ​អាយុ​ក្រោម​១៤​ឆ្នាំ និង​អាយុ​ក្រោម​១៦​ឆ្នាំ ដោយ​អាយុ​ក្រោម​១៤​ឆ្នាំ មាន​កីឡាករ​ចំនួន​២០​នាក់ និង​គ្រូបង្វឹក​ចំនួន​៥​នាក់ ខណៈ​អាយុ​ក្រោម​១៦​ឆ្នាំមាន​កីឡាករ​ចំនួន​២៥​នាក់ និង​គ្រូបង្វឹក​ចំនួន​៤​នាក់​។​

​ចំណែក​កីឡា​តេ​ក្វាន់​ដូ W.T.F មាន​កីឡាករ​៥​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​ចំនួន​២​នាក់ ឬ​ឯ​កីឡាហែលទឹក មាន​កីឡាករ​ចំនួន​៧​នាក់ កីឡាការិនី​ចំនួន​៧​នាក់ និង​គ្រូបង្វឹក​២​នាក់​ចំណែក​កីឡាបាល់បោះ កីឡាករ​មាន​ចំនួន​១២​នាក់ និង​គ្រូបង្វឹក​ចំនួន​២​នាក់​។ ជាមួយគ្នានេះដែរ​កីឡា​ចំបាប់ កីឡាករ​មាន​ចំនួន​១០​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​២​នាក់ ខណៈ​កីឡាអត្តពលកម្ម មាន​កីឡាករ​ចំនួន​៤​នាក់ កីឡាការិនី​៤​នាក់ និង​គ្រូបង្វឹក​ចំនួន​២​នាក់ ចំណែក​កីឡាបាល់ទះ មាន​កីឡាករ​ចំនួន​១២​នាក់ និង​គ្រូបង្វឹក​២​នាក់​។ ដោយឡែក​កីឡាប្រដាល់​មាន​កីឡាករ​ចូលរួម​ចំនួន​១២​នាក់ និង​គ្រូបង្វឹក​ចំនួន​២​នាក់ ខណៈ​កីឡា​ប៉េតង់​មាន​កីឡាករ​ចូលរួម​ចំនួន​៥​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​២​នាក់​។​

​ក្រុមកីឡា​បាល់ទាត់ U-16  ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ ខែមករា កីឡាបាល់ទាត់ U-14 តេ​ក្វាន់​ដូ W-T-F ប៉េតង់ ហែល​ទឹក បាល់បោះ ចំបាប់ និង​អត្តពលកម្ម ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែមីនា កីឡាបាល់ទះ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែមេសា និង​កីឡាប្រដាល់​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែឧសភា ដោយ​ការប្រមូល​ទាំងអស់​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​