នាយករដ្ឋមន្ត្រី​ស្តីទី​៖​អត្តសញ្ញាណប័ណ្ណ​ជិត​៧​លាន​សន្លឹក​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​និង​សល់​ជាង​៣​លាន​សន្លឹក

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយករដ្ឋមន្ត្រី​ស្តីទី បាន​បញ្ជាក់ថា ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជិត​៧​លាន​សន្លឹក​ហើយ និង​នៅសល់​៣​លាន ៧​សែន​សន្លឹក​ទៀត មិនទាន់​ធ្វើ​ហើយ​។ ប៉ុន្តែ​បើតាម​ផែនការ​ត្រូវធ្វើ​ឲ្យ​ហើយ​នៅ​ឆ្នាំ​២០១៦​នេះ​។​

ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ធ្វើការ​ជម្រុញ​ឲ្យ​មន្ត្រី​ផ្តល់​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ប្រើប្រាស់​សម្រាប់​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​នាពេល​ខាងមុខនេះ​។

ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ធ្វើឡើង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦​និង​ប្រគល់​សញ្ញប​ត្រ​ជូន​និស្សិត​.​សិក្ខាកាម​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសា​ន៍​ថា ក្រៅពី​កិច្ចការពារ​សន្តិសុខ​ក្នុងពេល​បោះឆ្នោត នគរបាល​មាន​ភារកិច្ច​ផលិត និង​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​ឲ្យ​ពួកគាត់​យក​ប្រើប្រាស់​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត និង ទៅ​បោះឆ្នោត​នាពេលខាងមុខ​ឲ្យ​ទាន់ពេលវេលា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា “​ទាក់ទង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ គឺ​ធ្វើតាម​ផែនការ ពីព្រោះ​ទាំងអស់​១០​លាន (១០​លាន​ស្លឹក​) ឥឡូវនេះ​យើង​ធ្វើបាន​ជិត​៧​លាន​ហើយ នៅសល់​៣​លាន ៧​សែន ហើយ​បើតាម​ផែនការ​ត្រូវធ្វើ​ឲ្យ​ហើយ​នៅ​ឆ្នាំ​២០១៦​នេះ យើង​ខិតខំ​ធ្វើ ប៉ុន្តែ​យើង​បាន​កំណត់ថា យើង​ខំ​ធ្វើ​ឲ្យ​ទាន់ ប៉ុន្តែ​ក្នុងករណី​ធ្វើ​មិនទាន់ យើង​ក៏បាន​គ្រោងទុក​ថា ទី​១.​យើង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ដែល​នៅមាន​សុពលភាព ឬក៏​អស់​សុពលភាព យើង​អាច​ប្រកាស​បន្ត​សុពលភាព​។ ទី​២.​យើង​នឹងធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ដែលមាន​ចុងសន្លឹក និង​គល់បញ្ជី​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មានការ​បន្លំ យើង​បានគិត​អស់ហើយ​ត្រង់​នឹង​”៕​

នាយករដ្ឋមន្ត្រី​ស្តីទី​៖​អត្តសញ្ញាណប័ណ្ណ​ជិត​៧​លាន​សន្លឹក​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​និង​សល់​ជាង​៣​លាន​សន្លឹក