អូ​បា​ម៉ា យក​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អាមេរិក ទាញ​ការគាំទ្រ​កិច្ចព្រមព្រៀង TPP ពី​ប្រជាជន​អាមេរិក

ទីប្រឹក្សាសន្តិសុខរងអាមេរិកលោក Ben RhodesRancho Mirage-​សហរដ្ឋអាមេរិក ៖ មន្ត្រីជាន់ខ្ពស់​សេត​វិមាន​អាមេរិក ទទួលស្គាល់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា អញ្ជើញ​មេដឹកនាំ​អាស៊ាន​ជា​យុទ្ធសាស្ត្រ​ទាញ​ការគាំទ្រ​ប្រជាជន​អាមេរិក និង​សភា​ឲ្យ​គាំទ្រ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​កំពុង​ស្ថិតក្នុង​ភាពចម្រូងចម្រាស​។ ហើយ​លោក ក៏​ចង់​ឲ្យ​អនាគត​ប្រធាន​ធិបតី​អាមេរិក បន្ត​គោលនយោបាយ​ផ្សាភ្ជាប់​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​ជាមួយ​រដ្ឋ​អាស៊ាន​ក្នុង​កម្រិត​រដ្ឋ​ដូច​ពេលអនាគត​ដែរ​។

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ដោយឡែក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ទីប្រឹក្សា​សន្តិសុខ​រង​លោក Ben Rhodes បាន​បញ្ជាក់ថា ផ្នែក​មួយ​នៃ​មូលហេតុ​នៃ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ​អាមេរិក មុន​ផុត​អាណត្តិ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​ការទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន សភា ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក និង​ផ្ញើរ​សារ​ទៅ​អនាគត​ប្រធានាធិបតី​អាមេរិក​ថា កាលៈទេសៈ​ណាក៏ដោយ អាមេរិក​មិនអាច​បោះបង់​អាស៊ាន​បានឡើយ ព្រោះ​អាស៊ាន​សំខាន់​សម្រាប់​ការពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​។

​លោក Ben Rhodes ថា​៖« ផ្នែក​មួយ​នៃ​អ្វីដែល​យើង​កំពុង​ធ្វើ​បច្ចុប្បន្ន គឺ​ចង់​ផ្ញើរ​សារ​ទៅកាន់​ប្រជាជន​អាមេរិក និង​សភា ពី​សារៈសំខាន់​នៃ​អាស៊ាន ព្រោះ​អាស៊ាន​ជា​អង្គការ​តំបន់​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​រហ័ស​ជាងគេ​និង​មាន​ទំហំ​ធំ​បំផុត​មួយ​លើ​ពិភពលោក​ផង​។ ហើយ​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​គាំទ្រ​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក ព្រោះ​វា​នឹងធ្វើ​ឲ្យ​យើង​កាន់តែ​ប្រកួតប្រជែង​ខ្ពស់​ក្នុង​សេដ្ឋកិច្ចពិភពលោក​ផង​»​។

​លោក អូ​បា​ម៉ា កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ប្រជាជន​អាមេរិក និង​ការអនុញ្ញាត​ពី​សមាជិកសភា​អាមេរិក​ផង ព្រោះ​បច្ចុប្បន្ន​អាមេរិក​កំពុងស្ថិត​ក្នុងដំណាក់កាល​ផ្តល់​សច្ចាប័ន កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រជាជន​អាមេរិក​មួយចំនួន​បាន​តវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​ស្តង់ដា​ខ្ពស់​នេះ ហើយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​បានបង្ហាញ​ការជំទាស់​រួចទៅហើយ​ចំពោះ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះដែរ​។​

​ប្រទេស​ជា​សមាជិក​ទាំង​១២ ក្នុងនោះ​មាន​សមាជិក​អាស៊ាន ៤​ផង​នោះ មាន​ពេល ២​ឆ្នាំ ដើម្បី​ផ្តល់​សច្ចាប័ន​នេះ ក្រោយ​ពេលដែល​ពួកគេ​ឯកភាពគ្នា​ទទួលយក​កិច្ចព្រមព្រៀង​នេះ​កាលពីដើម​ខែតុលា​កន្លង​ទៅ​។

​ក្រៅពី​លួងលោម​ឲ្យ​ប្រជាជន​និង​សភា​គាំទ្រ​កិច្ចព្រមព្រៀង​ដែល​រដ្ឋបាល​លោក អូ​បា​ម៉ា ប្រឹង​ចរចា រដ្ឋបាល​ដដែល​នេះ​ក៏​ចង់​ឲ្យ​ប្រជាជន​អាមេរិក​ធម្មតា​យល់ដឹង​ថា អនាគត​របស់​យើង​ពឹងផ្អែក​សំខាន់​លើ​អាស៊ាន ជាពិសេស​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​ជាដើម​។ ហើយ​ស្របពេល​ជាមួយគ្នា​នោះ អូ​បា​ម៉ា ក៏​ចង់​ផ្ញើរ​សារ​ដល់​អ្នក​ស្នង​តំណែង​លោក​នៅពេល​ខាងមុខ​ផង ដើម្បី​ធានាថា គោលនយោបាយ​អាមេរិក​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ក្នុង​កម្រិត​រដ្ឋ​ដូច​ពេលបច្ចុប្បន្ន​នឹង​បន្ត​កើតមាន​ទៅ​ពេលអនាគត​ទៀត​។ គេ​វាយតម្លៃថា ទោះជា​ប្រធានាធិបតី​បក្ស​ណា​ជាប់ឆ្នោត​ក៏ដោយ គោលនយោបាយ​អាមេរិក​ចំពោះ​តំបន់​អាស៊ាន​នឹងមិន​ផ្លាស់ប្តូរ​ឡើង ព្រោះ​អាស៊ាន សំខាន់​សម្រាប់​អាមេរិក​ទាំង​សេដ្ឋកិច្ច សន្តិសុខ នយោបាយ​និង​បញ្ហា​ផ្សេង​ទៀតផង​។ ដូច្នេះ បើ​បក្ស​សាធារណរដ្ឋ​ជាប់ឆ្នោត​ក៏ដោយ យ៉ាងហោចណាស់ គេ​ត្រឹម​ផ្លាស់ប្តូរ​ឈ្មោះ​គោលនយោបាយ​ការបរទេស​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន​ដែល​លោក អូ​បា​ម៉ា បង្កើតឡើង​ប៉ុណ្ណោះ​។

​ត្រលប់​មកវិញ លោក អូ​បា​ម៉ា ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី មួយ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ពង្រឹង​ចំណង​ការទូត​និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាស៊ាន​និង​អាមេរិក ដោយ​ដាក់ចេញ​នយោបាយ​ការបរទេស​មួយ​ដើម្បី​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​។ ក្រោម​ក្របខណ្ឌ​គោលនយោបាយ​នេះ អាមេរិក​ក្លាយជា​រដ្ឋ​ជា​ដៃគូ​ទីមួយ​ដែល​បញ្ជូន​ឯកអគ្គរដ្ឋទូត​មកកាន់​អាស៊ាន​មុនគេ ហើយ​បន្ត​ឈានទៅ​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​រហូតដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​