សិស្ស​វិទ្យាល័យ​ចាក់​សម្លាប់​គ្នា​ស្លាប់​ម្នាក់​ ព្រោះ​សងសឹក​គំនុំ​ចាស់​

​កាលពី​វេលា​ម៉ោង​០៩​និង​៥៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​ នៅ​ត្រង់​ចំណុច​ខាងកើត​វិទ្យាល័យ​ព្រៃ​ពោន​ ឋិត​ក្នុងភូមិ​ព្រៃ​ពោន​ ឃុំ​ព្រៃ​ពោន​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ បាន​កើត​មាន​អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ​ បង្ក​ឡើង​ដោយ​សិស្ស​វិទ្យាល័យ​ម្នាក់​ចាក់​សម្លាប់​ដោយ​កាំបិត​ចំពុះទង់​កាំភ្លើង​ ទៅ​លើ​សិស្ស​វិទ្យាល័យ​ម្នាក់​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ យុវជន​ជា​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នេះ​ មានឈ្មោះ​ លី​ សុធី​រៈ​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រៃ​ពោន​ ថ្នាក់​ទី​១១D​ រីឯ​យុវជន​រង​គ្រោះ​មានឈ្មោះ​ ជុំ​ រី​ឆាត​ អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​នៃ​វិទ្យាល័យ​ព្រៃ​ពោន​ដូច​គ្នា​ មាន​ទីលំនៅ​ភូមិ​រលួស​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ។​

​ព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​ បាន​ឲ្យ​ដឹង​ដែរ​ថា​ កន្លង​មក​ យុវជន​ទាំង​២​នាក់​នេះ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា​ ក៏​កើតជា​រឿង​គំនុំ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ជា​ថ្ងៃ​កើតហេតុ​ ក្នុង​ម៉ោង​ចេញលេង​ យុវជន​ ជុំ​ រី​ឆាត​ បាន​ចេញ​មក​ក្រៅរបង​សាលារៀន​ ពេល​នោះ​ឃើញ​ឱកាសល្អ​ យុវជន​ លី​ សុធី​រៈ​ ក៏​បាន​ដក​កាំបិត​ចំពុះទង់​កាំភ្លើង​ចេញពី​សំពៀត​ ចាក់​សំដៅ​ទៅ​លើ​យុវជន​ ជុំ​ រី​ឆាត​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ រហូត​ដល់​ថ្នាក់​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ខណៈ​យុវជន​ជា​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​យុវជន​ជា​សិស្សសាលា​ដៃដល់​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ខណៈ​សាកសព​យុវជន​រង​គ្រោះ​ក្រោយ​ពេល​ធ្វើ​កោសល្យវិច័យ​រួច​ហើយ​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

សិស្ស​វិទ្យាល័យ​ចាក់​សម្លាប់​គ្នា​ស្លាប់​ម្នាក់​ ព្រោះ​សងសឹក​គំនុំ​ចាស់​

Related