និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ PPIU​ ២​នាក់​ដែល​ដើរ​លេង​ដល់​យប់​ជ្រៅ​ ត្រូវ​ចោរ​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ប្លន់​ម៉ូតូ​ Scoopy​ យក​ទៅ​បាត់​

​និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU)​ចំនួន​២​នាក់​ ជិះ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក​ Scoopy​ ដើរ​លេង​ដល់​យប់​ជ្រៅ​ ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មាន​គ្នីគ្នា​ចំនួន​៣​នាក់​ ពាក់​ឯក​សណ្ឋាគារ​ជា​សមត្ថកិច្ច​នគរបាល​ មាន​ទាំង​ខ្នោះ​ មាន​ទាំង​វិទ្យុទាក់ទង​ផង​ ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក​ Scoopy​ បាន​សម្រេច​ កាលពី​វេលា​ម៉ោង​០០​និង​០៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រឹក​នា​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ នៅ​ត្រង់​ចំណុច​ផ្លូវ​ក្រោម​ដី​នៃ​ស្ពាន​អាកាស​៥​មក​រា​(​សាលា​តិច​ណូ​)​ ឋិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ រួច​ហើយ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ប្រភព​ព័ត៌មាន​បា្យ​ដឹង​ថា​ និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ PPIU​ រង​គ្រោះ​ទាំង​២​នាក់​ដែល​ត្រូវ​ក្រុម​ចោរ​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ ប្លន់​យក​ម៉ូតូ​ Scoopy​ មួយ​គ្រឿង​ទៅ​បាត់​នោះ​មាន​ឈ្មាះ​ ហេង​ ស្រី​ស្រស់​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​(​ជា​ម្ចាស់​ម៉ូតូ​)​ និង​ឈ្មាះ​ ក្រូច​ ដា​រា​ធីតា​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​អូរ​ឫស្សី​ទី​១​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ព័ត៌មាន​ពី​កន្លែង​ក៊ើ​ត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​នា​វេលា​ម៉ោង​ប្រមាណ​២៣​និង​១៥​នាទី​ រាត្រី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ និស្សិត​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ Scoopy​ ពណ៌​ក្រហម​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​-7989​ (​មិន​ចាំ​ច្បាស់​)​ ចេញពី​ម្តុំ​ផ្សារ​អូរ​ឫស្សី​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​មាត់ទន្លេ​ រួច​ហើយ​ត្រឡប់​មក​ជួប​សង្សារ​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោក​ ។​ បន្ទាប់​ពី​ជួប​ជាមួយ​មិត្ត​ប្រុស​ ព្រមទាំង​មានរឿង​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​រួច​ហើយ​ផង​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​មក​វិញ​ បំណង​វិល​ត្រឡប់​ទៅ​ផ្ទះ​ កាត់​តាម​ផ្លូវ​ក្រោម​ដី​នៃ​ស្ពាន​អាកាស​៥​មក​រា​ ក៏​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ SUZUKI​ Smash​ ពណ៌​ក្រហម​ មិន​ចាំ​ស្លាក​លេខ​ធ្វើ​សកម្មភាព​កៀរ​ និង​ដក​កាំភ្លើងខ្លី​១​ដើម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ ជិះ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ ។​

​ក្រោយ​ពេល​កើតហេតុ​ និស្សិត​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​៣​ ឲ្យ​ជួយ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​ និង​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ PPIU​ ២​នាក់​ដែល​ដើរ​លេង​ដល់​យប់​ជ្រៅ​ ត្រូវ​ចោរ​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ប្លន់​ម៉ូតូ​ Scoopy​ យក​ទៅ​បាត់​

Related