Facebook៖ ប្រើត្រូវមានប្រយោជន៍ ​ប្រើ​មិន​ត្រូវ​ខ្ទេច​ខ្ទាំ​សង្គម​ខ្មែរ​

បណ្ដាញ​សង្គម​បែប​ទំនើប​ ឬFacebook ​គឺ​ជា​ប្រព័ន្ធ​ទំនាក់​ទំនង​ និង​ចែក​ចាយ​ពត៌មាន​ដ៏​ឆាប់​រហ័ស​ និង​មាន​ប្រជាប្រិយ​ភាព​មួយ​នៅ​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ​ ។ ប្រព័ន្ធ​មួយ​នេះ ​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៧ ​និង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ​២០០៩​-២០១០​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ។ ដើម្បី​ចូល​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បែប​ទំនើប​មួយ​នេះ​បាន ​គេ​ចាំ​បាច់​ត្រូវ​មាន​ឧបករណ៍​អេឡិក​ត្រូនិច​ ដូច​ជា​កុំព្យូទ័រ ​ឬ​ទូរស័ព្ទ​ដៃ​ដើម្បី​ត​ភ្ជាប់​ជា​មួយ​នឹង​សេវា​អ៊ីន​ធើណេត ​។ ជារៀង​រាល់​ថ្ងៃ​ មាន​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ក្រោម​១លាន​នាក់​ឡើយ​ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយ​នេះ​ដើម្បី​ទំនាក់​ទំនង​គ្នា ​និង​ចែក​ចាយ​ពត៌មាន​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅមក មិនថាទោះបីជានោះជាពត៌មានបែបអវិជ្ជមានក្ដី ឬវិជ្ជមានក្ដី។
ជាទូទៅ គេសង្កេតឃើញថា ការចែកចាយពត៌មានរបស់មនុស្សមួយចំនួនធំ តាមរយៈប្រព័ន្ធបណ្ដាញសង្គមFacebook នាពេលបច្ចុប្បន្ននេះ មានលក្ខណៈបែបបង្កជាផលអវិជ្ជមាន ឬឥទ្ធិពលអាក្រក់ច្រើនជាងផលវិជ្ជមានសម្រាប់វឌ្ឍនភាពសង្គមខ្មែរ ។ មានលក្ខណៈបង្កជាឥទ្ធិពលអាក្រក់ដល់សង្គមខ្មែរនោះគឺថា៖-មានការផ្សព្វផ្សាយវីដេអូ និងរូបភាពអាសអាភាសជាប្រចាំ-យុវជនភាគច្រើន ចំណាយពេលច្រើនទៅលើប្រព័ន្ធមួយនេះជាជាងទៅលើការសិក្សា-ខ្វាត់ខ្វែងដោយទិន្នន័យមិនប្រក្រតី ឬគ្មានមូលដ្ឋានច្បាស់លាស់-ធ្វើឱ្យពេលវេលាតាមដានសុខទុក្ខរបស់ប្រជាពលរដ្ឋជាក់ស្ដែងនៅតាមមូលដ្ឋានពីសំណាក់តំណាងរាស្រ្ត និងមន្រ្តីរាជការ មានការកាត់បន្ថយ-វប្បធម៌ផឹក-ស៊ី ល្បែងពាលា ស្រីញី រាំរែក និងការសាបព្រោះវប្បធម៌អកុសលរបស់បរទេសនានា មានចលនារស់រវើកជាញឹកញាប់-ជាទីដែលបំបែកមនោសញ្ចេតនារវាងខ្មែរនឹងខ្មែរ-ជាទីដែលប្រមូលផ្ដុំដោយរូបភាពកាប់ សម្លាប់ ដាច់ក្បាល ដាច់ដៃ ដាច់ជើង ហូរឈាមជាប្រចាំ-ជាទីប្រមូលផ្ដុំទៅដោយទស្សនៈ និងទ្រឹស្ដីអប្បជន មូលធន និងសេរីនិយមជាដើម-ជាទីល្អ សម្រាប់បុគ្គលអ្នកឱកាសនិយមទាំងឡាយ ដើម្បីបម្រើមហិច្ឆតាអាត្មានិយមរបស់ខ្លួន ដោយមិនគិតខ្វល់ពីការខាតបង់ប្រយោជន៍ដល់សង្គម ។ល។
ទោះជាយ៉ាងនេះក្ដី យើងក៏សង្កេតឃើញដែរថា ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួនច្រើនដែរ ដែលប្រើប្រាស់នៅក្នុងផ្លូវមានប្រយោជន៍ដល់សង្គម និងសាធារណជនដូចជា៖ ចែករំលែកនូវដំណឹងកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសប្បុរសធម៌ កម្មវិធីសាសនា កម្មវិធីព្រះធម៌ ដំណឹងសិក្សា គន្លឹះមានប្រយោជន៍ និងទិន្នន័យល្អៗជាច្រើនដើម្បីជាជំនួយដល់ការសិក្សា និងការងារប្រចាំថ្ងៃ និងពត៌មានទាន់ហេតុការណ៍ជាតិ និងអន្តរជាតិជាច្រើនទៀត ។ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមក្នុងផ្លូវវិជ្ជមានដែលនាំប្រយោជន៍ដល់សង្គម ភាគច្រើនពួកគេគឺជាសិស្ស-និស្សិតដែលខិតខំសិក្សារៀនសូត្រ និងជាសាធារណជនដែលប្រកបដោយភាពចាស់ទុំនៅក្នុងខ្លួន ។ ពួកគេតែងតែប្រយ័ត្នជានិច្ចនូវរាល់គ្រប់ពត៌មានដែលគេចែករំលែក នឹងទទួលបាន។ ដោយសារតែកត្តាអាក្រក់ទាំង៩ចំណុចខាងលើ ទើបធ្វើឱ្យយើងគ្រប់គ្នាដែលជាអ្នកកំពុងប្រើប្រាស់បណ្ដាញសង្គមបែបទំនើបមួយនេះ ត្រូវចៀសវាងការចែករំលែក និងទទួលនូវរាល់ពត៌មាន និងទិន្នន័យទាំងឡាយណា ដែលរុញច្រានសង្គមខ្មែរឱ្យខ្ទេចខ្ទាំ ហើយត្រូវឈរលើហេតុផលដើម្បីប្រយោជន៍សង្គមជាចម្បងទើបធ្វើឱ្យសង្គមខ្មែរអាចរីកចម្រើនបាន ៕
Facebook៖ ប្រើត្រូវមានប្រយោជន៍ ​ប្រើ​មិន​ត្រូវ​ខ្ទេច​ខ្ទាំ​សង្គម​ខ្មែរ​

ដោយ៖ ឈូក ស
Cool FM 100.7