ពាន​ហ៊ុនសែន រក​ឃើញ​ក្រុមទៅ​វគ្គ​បន្ត​ចំនួន​៦ មុន​បើក​រដូវ​កាល​នៅ​ថ្ងៃ​នេះ

យុទ្ធនាការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី​១០ ប្រចាំ​ឆ្នាំ​២០១៦ នឹង​ចាប់​ដំណើរ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជា​បឋម នៅតាម​តំបន់ទាំង​៦​ នៅ​ថ្ងៃ​ពុធ​នេះ នឹង​គ្រោង​បញ្ចប់​នៅ​​ថ្ងៃ​ទី​២៣ ខែមីនា ប៉ុន្តែ​ក្រុម​ចំនួន​៦ ​បាន​ឈ្នះ​ឱកាស​ទៅ​វគ្គ​បន្ត​រួច​ជាស​ស្រេច ទោះ​បី​ពួក​គេ​ទទួល​បាន​លទ្ធ​ផល​បែប​ណា​ក្នុងការ​ប្រកួត​នេះ​ក៏​ដោយ។

kh-sportក្រុម​ចំនួន​៦ ដែល​ទទួល​បាន​ឱកាស​ទៅ​វគ្គ​បន្ត មុន​ប្រកួត​បើក​រដូវ​កាល​នេះ រួម​មាន​ ក្រុម​ខេត្ត​កំពង់​ស្ពឺ ខេត្ត​កណ្តាល​ ដែល​​ឈរនៅ​ពូល​A ឬ​តំបន់​រាជធានី​ភ្នំពេញ ​ក្រុមកំពង់ផែ​ស្វ័យ​យ័ត​ខេត្ត​ព្រះសីហនុ ក្រុម​ខេត្ត​កំពត ដែល​ឈរ​នៅ​តំបន់​ខាង​លិច​ឬ​ពូល​E ព្រម​ទាំង​ក្រុម​ខេត្ត​ស្ទឹង​ត្រែង និង​ក្រុម​ខេត្ត​​ក្រចេះ ដែល​ឈរ​នៅ​ពូល​F ឬ​តំបន់​ខាង​ជើង ប៉ុន្តែ​ក្រុម​ទាំង​៦ ក៏​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​កំណត់​យក​លេខ​១ និង​លេខ​២ ប្រចាំ​តំបន់​ទាំង​៣​នោះ​ដែរ។

ការ​ឈ្នះ​កៅ​អី​ទៅ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​របស់​ក្រុម​ទាំង​៦ ខាង​លើ​នេះ ដោយ​សារ​ការ​ប្រកួត​ជម្រុះ​ជា​បឋម​នេះ ត្រូវ​បាន​គេ​កំណត់​យក​ក្រុម​លេខ​១ ​ក្រុម​​លេខ​២ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ល្អ(២​ក្រុម)​​សរុប​ចំនួន​១៤​​ក្រុម ដើម្បី​ឡើង​ទៅ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រជាមួយ​ក្រុម​ឈរ​ជើងចាំ​ចំនួន​១០​ទៀត ខណៈ​ក្រុម​ចូល​រួម​ប្រកួត​ជម្រុះ​នៅ​វគ្គ​នេះ​មាន​តែ​១៧​ក្រុម​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម Cambodia Future បាន​ដក​ខ្លួន​ចេញ​ពី​ពូល​A ហើយ​ក្រុម​នគរ​បាល​ខេត្ត​ព្រះសីហនុ បាន​សុំ​ដក​ខ្លួន​ចេញពូល​E​នោះ។

ដោយ​ឡែក សម្រាប់​ការ​ប្រកួតជម្រុះ​​​បើក​ឆាក នៅ​ថ្ងៃ​ពុធ​នេះ គឺ​មាន​ចំនួន​៧​គូ ហើយ​ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​លាន​តាម​ខេត្ត​ទាំង​អស់ ហេតុ​នេះ​អ្នក​និយម​មើល​ការ​ប្រកួត​បាល់​ទាត់​នៅ​ភ្នំពេញ មិន​អាច​ទស្សនា​ការ​ប្រកួត​នេះ​បាន​ឡើយ ព្រោះវា​នៅ​ឆ្ងាយ​ពេក ហើយ​ក៏​អត់​មាន​ទូរទស្សន៍​ជាតិ​ណា​មួយ ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នោះ​ដែរ។ ចំពោះ​កម្ម​វិធី​នៃ​ការ​ប្រកួត​ទាំង​៧​គូ​នៅ​​ថ្ងៃ​នេះ​​មាន​ដូច​ខាង​ក្រុម៖

ពូលពB ឬតំបន់​ខាង​កើត ដែល​មាន​៤​ក្រុម
– ក្រុម​​យុវជន​បឹង​កេតកំពង់​ចាម v ​ក្រុមខេត្ត​ត្បូង​ឃ្មុំ នៅកីឡដ្ឋា​នបឹង​កេត ម៉ោង ១៥:៣០
-ក្រុម​ខេត្ត​ស្វាយ​រៀង v ក្រុម​ខេត្ត​ព្រៃ​វែង នៅ​កីឡដ្ឋាន​ខេត្ត​សា្វយ​រៀង ម៉ោង ១៥:៣០

ពូល​C ឬតំបន់​កណ្តាល ដែល​មាន​​៤​ក្រុម​
-ក្រុមម្ចាស់​ផ្ទះ​សៀម​រាប​អង្គរ v ​​ខេត្ត​ព្រះ​វិហារ នៅ​កីឡដ្ឋាន​ខេត្ត​សៀម​រាប ម៉ោង ១៥:៣០
-ក្រុម​​ខេត្ត​ឧត្តរ​មាន​ជ័យ v ​ក្រុមអ.ហ​ខេត្ត​កំពង់​ធំ កីឡដ្ឋាន​ខេត្ត​ឧត្តរ​មាន​ជ័យ ម៉ោង ១៥:៣០

តំបន់​ខាង​លិច ឬ​ពូល​D ដែលមាន​៣​ក្រុម
-ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​កំពង់​ឆ្នាំង v ខេត្ត​បាត់​ដំបង នៅ​​កីឡដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង ម៉ោង ១៥:៣០

ក្រុម​ឈរ​ពូល​E​ឬ​​តំបន់​ខាង​លិច
​-ក្រុម​កំពង់ផែ​ស្វ័យ​យ័ត​ខេត្ត​ព្រះសីហនុ v ក្រុម​​​ខេត្ត​កំពត នៅ​កីឡដ្ឋាន​ខេត្ត​ព្រះសីហនុ ម៉ោង ១៥:៣០

ក្រុម​ទាំង​២​​ឈរ​នៅ​ពូលFឬ​តំបន់​ខាង​ជើង
-ក្រុម​ខេត្ត​ស្ទឹង​ត្រែង v ខេត្ត​ក្រចេះ នៅកីឡដ្ឋាន​ខេត្ត​ស្ទឹង​ត្រែង រសៀល​ម៉ោង ១៥:៣០៕​