អង្គរសង្រ្កាន្ត ឆ្នាំវកនឹងមាន រៀបចំជា២៤ កម្មវិធីធំៗ ឆ្លុះបញ្ចាំងអំពី វប្បធម៌ទំនៀម ទម្លាប់ប្រពៃណី ដូនតាខ្មែរ

ភ្នំពេញ៖  អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធ យុវជនកម្ពុជា បានជួបពិភាក្សាគ្នា ស្តីពីការងាររៀបចំ ព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៥៩ ឈានចូល២៥៦០ កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈនេះ។

ជំនួបពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិ អប្សរាខេត្តសៀមរាប។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ នៅរមណីយដ្ឋាន អង្គរ ដែលជាដួងព្រលឹង ជាតិខ្មែរ។ យោងតាមបទបង្ហាញ របស់សហភាពសហព័ន្ធយុវជន កម្ពុជា ឆ្នាំនេះនឹងមានរៀបចំជា ២៤កម្មវិធីធំៗ ដូចជា ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ របាំប្រពៃណីបុរាណ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជាដើម។ អ្វីដែលថ្មីសម្រាប់កម្មវិធី អង្គរសង្ក្រាន្តឆ្នាំថ្មី នេះមានដូចជា ការសម្តែងល្ខោន បាសាក់រឿង នាងទិព្វសង្វារ កម្មវិធីវិចិត្រករឯក ដែលតាំងពិព័រណ៍រូបគំនូរ ដើម្បីប្រកួតប្រជែង ជាលក្ខណៈមិត្តភាព និងសួនកុមារជាដើម។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា « កម្មវិធីអង្គរសង្ក្រាន្ត ដែលបានទទួល ជោគជ័យជា បន្តបន្ទាប់មកនេះ ពិតណាស់ គឺបានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ជាពិសេសគឺ អាជ្ញាធរជាតិអប្សរា»។

លោកបានបន្ថែមថា “គោលបំណងសំខាន់ នៃការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តគឺ ស្នាមញញឹម និងស្មារតី រួបរួមនៃ មហាគ្រួសារខ្មែរ។ ដូច្នេះហើយ យើងពិតជាត្រូវការ ចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរជាតិអប្សរា ធ្វើយ៉ាងណាឲ្យ ព្រឹត្តិការណ៍ នេះប្រព្រឹត្ត ទៅដោយភាពសប្បាយ រីករាយផង ឆ្លុះបញ្ចាំង អំពីវប្បធម៌ ទំនៀម ទម្លាប់ប្រពៃណី ដូនតាខ្មែរផង”។

ជាការឆ្លើយតប លោក ស៊ុ ម៉ាប់ បានលើកឡើងថា “អាជ្ញាធរជាតិអប្សរា រីករាយនឹងគាំទ្រ និងសហការ យ៉ាងពេញទំហឹង ក្នុងការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ ព្រោះនេះជាព្រឹត្តិការណ៍ មានលក្ខណៈវប្បធម៌ និងប្រពៃណី ដែលស្របនឹង គោលការណ៍របស់ អាជ្ញាធរជាតិអប្សរា គឺអភិរក្ស ដើម្បីអភិវឌ្ឍ និងអភិវឌ្ឍ ដើម្បីអភិរក្ស។ ម្យ៉ាងវិញទៀតនោះ ព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យកិត្តិសព្ទ របស់អង្គរកាន់តែ ល្បីល្បាញ ដែលនេះជា យុទ្ធសាស្ត្រ យ៉ាងសំខាន់ ក្នុងការទាក់ទាញ ភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋានអង្គរ”។ លោកអគ្គនាយក ក៏បានជម្រាបជូន អង្គប្រជុំ អំពីការត្រៀមខ្លួន រួចជាស្រេច របស់អាជ្ញាធរ ជាតិអប្សរា ដូចជា បានបង្កើតក្រុម ការងារដើម្បី សហការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ទាំងមូល ទទួលបន្ទុករ៉ាប់រងទាំងស្រុង ក្នុងការរៀបចំ កម្មវិធីនិមិ្មតភូមិ រៀបចំកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ដោយបាន ជួសជុលផ្លូវកៅស៊ូ ពីមុខប្រាសាទ អង្គរវត្តដល់ ប្រាសាទបាយ័ន រៀបចំទីលានចំណតថ្មីនៅមុខ ប្រាសាទអង្គរវត្ត និងផ្លូវវាងនៅមុខ ប្រាសាទអង្គរវត្ត ពីស្នងការនគរបាល ការពារ បេតិកភណ្ឌដល់ ត្រពាំងសេះ ការដាំស្មៅនៅមុខ ព្រះលានជល់ដំរី កាត់ក្រីមែកឈើ បង្ការគ្រោះថ្នាក់ បន្ថែមធុងសំរាម តាមទីកន្លែងនានា ក្នុងបរិវេណ ព្រឹត្តិការណ៍ និងប្រាង្គប្រាសាទ ព្រមទាំងបានធ្វើការ ទាក់ទងជាមួយ ស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀត។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើរ សុំសហភាព សហព័ន្ធយុវជនកម្ពុជា សហការបញ្ជ្រាប ការយល់ដឹងឲ្យបានកាន់តែ ទូលំទូលាយ អំពីក្រមប្រតិបត្តិអង្គរ ជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលនឹងមក ចូលរួមក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នាពេលនោះ៕