ក្មេង​-​ចាស់​៨៦​នាក់​ពុល​នំ​បញ្ចុក​បុណ្យ​សង្ឃទាន

ក្មេង​-​ចាស់​៨៦​នាក់​ពុល​នំ​បញ្ចុក​បុណ្យ​សង្ឃទាន

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​អង្គរកា​ជា​បន្តបន្ទាប់ ចំណែក​អ្នកមាន​អាការ​ធ្ងន់ធ្ងរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ខណៈ​ពេល​ដែល​អ្នក​ភូមិ​ទាំង​អស់នោះ បាន​ហូប​នំ​បញ្ចុក​នៅ​ក្នុង​ពិធីបុណ្យ​ស​ង្ឈ​ទាន​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

ក្រោយ​ពី​ហូប​នំ​បញ្ចុក​រួច ភ្លាម​ៗ​មិន​ទាន់​ពុល​ទេ រហូត​ដល់់​ជិត​រំលង​អធ្រាត្រ​ទើប​អ្នក​ដែល​បាន​ហូប​ទាំង​អស់នោះ​មាន​អាការ​ពុល​រាក​ក្អួតចង្អោ​គ្រប់​ៗ​គ្នា ។

ហេតុការណ៍​ពុល​នំ​បញ្ចុក​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ វេលា​ម៉ោង​១​រំលង​អធ្រាត្រ នៅ​ភូមិ​តា​តឹ​ម ឃុំ​ជាងទង ស្រុក​ត្រាំកក់ ។ មន្ត្រី​នគរបាល​រដ្ឋបាល​ឃុំ​ជាងទង​បានឱ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​រង​គ្រោះ​ដោយ​ហូប​នំ​បញ្ចុក​រួច​បាន​ពុល​នេះ មាន​រហូត​៨៦​នាក់ ក្នុង​នោះ​ស្រី​៥៧​នាក់​ទាំង​ក្មេង​ទាំង​ចាស់ ។

មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ផ្ទះ​របស់​ឈ្មោះ​នាង សា​រិ​ទ្ធ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​បាន​ធ្វើបុណ្យ​ស​ង្ឈ​ទាន​និមន្ត​ព្រះសង្ឃ​ឆាន់​ដោយ​ទទួល​តែ​បាយ​ម្ហូប​ប៉ុណ្ណោះ ។ លុះដល់​ម៉ោង​១០​ព្រឹក​ក៏​ទទួល​នំ​បញ្ចុក​ដល់​បងប្អូន​អ្នក​ភូមិ​ដែល​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ទាំងអស់​គ្នា​ឱ្យ​សប្បាយ​ធ្វើបុណ្យ​ម្ដង ។ នៅ​ពេល​ពួក​គាត់​ហូប​នោះ មិន​ទាន់​ពុល​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​វេលា​ម៉ោង​ខាងលើ​ទើប​ពួក​គាត់​មាន​អាការ​រាក​ក្អួតចង្អោ​គ្រប់​គ្នា​តែ​ម្ដង ។

រហូត​ដល់​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ អ្នក​ភូមិ​ខ្លះ​បន្ទាប់​ពី​ព្យួរសេរ៉ូម​រួច ក៏​បាន​ធូរស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ខ្លះ​ៗ​ហើយ ។

នៅ​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ លោក ឡាយ​វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​នាំ​ក្រុមការងារ​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​ជន​រង​គ្រោះ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ ។ ដោយ​បាន​នាំ​អំណោយ​មាន មុង ភួយ ក្រមា សារុង​និង​ថវិកា​៣​ម៉ឺ​ន​រៀល​ក្នុង​ម្នាក់​ជួយ​ឧបត្ថម្ភ​អ្នក​រង​គ្រោះ ។

ទាក់ទង​ពុល​នំ​បញ្ចុក​នេះ ត្រូវ​បាន​គេ​ដឹង​ថា អ្នក​ដើមបុណ្យ​បាន​ទិញ​នំ​បញ្ចុក​នេះ​ពី​អ្នក​នៅ​ភូមិ​មើ​ង​ចារ ឃុំ​-​ស្រុក​ជាមួយ​គ្នា​ចំនួន​៤០​គីឡូ ។ គេ​មិនដឹង​ថា​ក្រៅពី​ការ​លក់​ឱ្យ​អ្នក​ដើមបុណ្យ​នោះ និង​មានការ​លក់​ទៅ​ទីណា​ទៀត​ទេ ។ មន្ត្រី​ផ្នែក​សុខាភិបាល​ដែល​សាកសួរ​ជុំវិញ​ការ​ពុល​នេះ​បានឱ្យ​ដឹង​ថា អ្នក​មក​កាន់​ពេទ្យ​នេះ​ពិតជា​មាន​អាការ​ពុល មែន​ប៉ុន្ដែ​មិនដឹង​ថា ដោយសារ​ធាតុ​អ្វី​នោះ​ទេ ។ ពេល​នេះ​ត្រូវ​បាន​បញ្ជូន​សំណាក​នំ​បញ្ចុក​នេះ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ធ្វើការ​ពិសោធ​ហើយ ៕