ប្លន់​ទៀត​ហើយ​…​ លេង​ផ្ទះ​វេរ​លុយ​វី​ង​យក​អស់​១ម៉ឺន៥ពាន់​ដុល្លារ

ប្លន់​ទៀត​ហើយ​...​ លេង​ផ្ទះ​វេរ​លុយ​វី​ង​យក​អស់​១ម៉ឺន៥ពាន់​ដុល្លារ

ខេត្តកំពង់ធំ ៖ ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម​បាន​សម្រុកចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​មួយ​កន្លែង នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ដោយ​ប្លន់​បាន​សរុប​ជា​ទឹកប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​គេចខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ ក៏​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សួរនាំ​ដល់​ម្ចាស់ផ្ទះ​ផង​ដែរ ។ ជា​ការ​កត់សម្គាល់​នោះ​ទោះបី​មានការ​រឹត​បន្ដឹង​ផ្នែក​សន្ដិសុខ​ទប់ស្កាត់ ឬ​បង្ការ​សកម្មភាព​ប្លន់​យ៉ាងណា​ក្ដី ពួក​ចោរ​តែង​បាន​ធ្វើ​សកម្មភាព​ជា​បន្ដបន្ទាប់​បាន​ជោគជ័យ​ដដែល ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ កែ វ៉ា​ន់​ធាង អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​សាន់​គរ​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ បង្ក​ឡើង​ដោយ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ ដោយ​ម្នាក់​កាន់​កាំភ្លើង​អាកា​១​ដើម ម្នាក់​កាន់​កាំភ្លើងខ្លី​១​ដើម និង​ម្នាក់​ទៀត​កាន់​ដែក​ស្បែង​សម្រាប់​គាស់ ។ គាត់​និយាយ​ថា ចោរ​បាន​សម្រុកចូល​ប្លន់​តាម​របង​ខាងក្រោយ​ផ្ទះ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​គាត់​មាន​គ្នា​ទាំងអស់​៨​នាក់ កំពុង​រៀបចំ​ហូប​បាយ ។ ចំណែក​រូប​គាត់​ទើបតែ​ងូតទឹក​រួច​ក៏​ត្រូវ​ពួក​ចោរ​ភ្ជង់​កាំភ្លើង​ហើយ​គំរាម​មិន​ឲ្យ​ស្រែក ។

ស្ដ្រី​រង​គ្រោះ​បន្ដ​ថា ពួក​ចោរ​បាន​ហាម​មិន​ឱ្យ​មើល​មុខ​វា​ទេ ព្រោះ​មកនេះ​គឺ​ប្លន់​យក​តែ​លុយ​ទេ មិន​ចង់​សម្លាប់​មនុស្ស​ទេ ។ ពេល​នោះ​ក្រុម​ចោរ​បាន​ប្រមូលប្រាក់ និង​ទ្រព្យសម្បត្តិ​អស់​ប្រហែល​១៣.០០០​ដុល្លារ ដោយ​គិត ត្រួស​ៗ​កាលពី​យប់ ។ រហូត​ដល់​ព្រឹក​ឡើង​គិត​ម្តងទៀត​សរុប​ទៅ​អស់​ចំនួន​១៥.០០០​ដុល្លារ ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង សម្រាប់​ប្រើ​៥​គ្រឿង និង​សម្រាប់​លក់​៣​គ្រឿង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។ ពេល​ប្លន់​បាន​ហើយ​ក្រុម​ចោរ​បាន​គេច​ទៅ​តាម​ផ្លូវ​ក្រោយ​ផ្ទះ​បាត់​ទៅ ។

ជុំវិញ​ករណី​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​កម្លាំង​សឹក​រង កំពុងធ្វើការ​ស្រាវជ្រាវ​និង​ស៊ើប​សង្កេត ដើម្បី​តាម​ចាប់​មុខសញ្ញា​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ។

ពាក់ព័ន្ធ​ករណី​ប្លន់​ប្រដាប់​អាវុធ​ក្នុង​ខេត្តកំពង់ធំ​នេះ បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជា​ពិសេស​គឺ​ក្រុម​អាជីវករ​លក់​មាស ដូរ​លុយ និង​វេរ​លុយ​វី​ង​តែ​ម្តង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អសន្ដិសុខ ដោយសារ​តែ​ករណី​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ក្នុង​ខេត្តកំពង់ធំ​កំពុង​តែ​កក្រើក​ឡើង ។ ដូច​ជា​ករណី​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ស្រុក​បារាយ​ណ៏ មិន​បាន​ប៉ុន្មាន​ខែ​ផង មក​ប្លន់​អាជីវករ​លក់​មាស​នៅ​ស្រុក​ស្ទោង ឥឡូវ​ប្លន់​អ្នក​វេរ​លុយ​វី​ង​នៅ​ស្រុក​កំពង់ស្វាយ​ទៀត ។

ប្រជាពលរដ្ឋ​បញ្ចេញមតិ​ថា​ប្លន់​យ៉ាងនេះ​មិនដឹង​ថា ពួក​ចោរ​ខ្លាំង ឬ​មួយ​ក៏​សមត្ថកិច្ច​អន់​នោះ​ទេ បានជា​ក្រុម​ចោរ​ព្រហើន​ដល់​ថ្នាក់​ហ្នឹង​។ ស្រប​ពេល​ដែល​សម្តេច​ក្រឡាហោម សរ ខេ​ង ព្រមាន​ថា​កន្លែង​ណា​មាន​ករណី​ប្លន់​ហើយ​ចាប់​ជនល្មើស​មិន​បាន​នោះ ក៏​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​ដក​មុខ​តំណែង​លោក​អធិការ ឬ​ក៏​ដក​ស្នងការ​-​ខេត្ត​ចេញពី​មុខ​តំណែង ។ ពួក​គាត់​កំពុង​តែ​រង់ចាំ​មើល​ថា សមត្ថកិច្ច​អាច​ចាប់​ក្រុម​ចោរប្លន់​មក​ផ្តន្ទាទោស​នៅ​ចំពោះ​មុខ​ច្បាប់​បាន​ទេ​លើក​នេះ ប្រសិនបើ​ចាប់​មិន​បាន​ទេ គួរ​អំពាវនាវ​ឱ្យ​សមាសភាព​ចោរប្លន់​មក​ធ្វើ​សមត្ថកិច្ច​វិញ ប្រហែល​សុខ​ជាង​...