សុខភាព &raquo សុខភាព

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Louisiana State University សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ទទួលទាន​ទឹក​ផ្លែ​ឈើ​រី​មួយ​កែវ​ក្នុង​ពេល​ព្រឹក​និង​ពេល​ល្ងាច​រយៈពេល​ពី​រស​ប្តា​ហ៍​ជួយ​បង្កើន​ពេលវេលា​ដំណេក​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​ដេក​មិន​លក់​បាន​ប្រហែលជា​៩០​នាទី ។

ដេក​មិន​លក់ (Insomnia) គឺជា​បញ្ហា​សុខភាព​សាមញ្ញ​មួយ​កើត​មាន​លើ​មនុស្ស​វ័យ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ​ប្រហែលជា​២៣​ទៅ​៣៤​ភាគរយ ។ ជា​ទូទៅ​បញ្ហា​នេះ​កើត​ឡើងជា​មធ្យម​៣​យប់​ក្នុង​មួ​យស​ប្តា​ហ៍ ប៉ុន្តែ​ការ​បណ្តែតបណ្តោយ​យូរ​ៗ​ទៅ​វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ។ ដេក​មិន​លក់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ហានិភ័យ​កើត​មាន ជំងឺលើសឈាម ទឹកនោមផ្អែម​ប្រភេទ​២ និង​ធ្វើ​ឱ្យ​មុខងារ​យល់​ដឹង​ចុះ​អន់​ថយ​ផង​ដែរ ។

ដើម្បី​ទប់ស្កាត់​បញ្ហា​ដេក​មិន​លក់ មនុស្ស​ជា​ច្រើន​បាន​សម្រេចចិត្ត​ដោយ​ឯកឯង​ប្រើប្រាស់​ថ្នាំ​ងងុយដេក ប៉ុន្តែ​តាម​លោក Frank, L Greenway ប្រធាន​ក្រុម​ស្រាវជ្រាវ​បាន​អះអាង​ថា ទ​ង្វើ​នេះ​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​បន្ថែម​ទៀត​។ លោក​បន្ត​ថា ថ្នាំ​ងុ​យ​ដេក​អាច​ជា​ជម្រើស​សម្រាប់​អ្នក​ដេក​មិន​លក់​វ័យក្មេង ប៉ុន្តែ​សម្រាប់​អ្នក​ដេក​មិន​លក់​ជា​មនុស្ស​វ័យចាស់​ប្រើ​ថ្នាំ​នេះ​គឺ​អាច​ប្រឈម​នឹង​ការ​ដួល​បាក់​ឆ្អឹងត្រគាក​នាំ​ទៅ​រក​ការ​ស្លាប់​មុន​អាយុ ។

លោក L Greenway ជឿ​ថា Melatonin និង Tryptophan គឺជា​សមាសធាតុ​ដែល​ជួយ​ឱ្យ​ផ្លែ​ឈើ​រី​មាន​ប្រសិទ្ធភាព​លើ​បញ្ហា​ដេក​មិន​លក់ ។ លោក​ពន្យល់​ថា ថ្វីបើ Tryptophan​នៅ​ក្នុង​ទឹក​ឈើ​រី មាន​ចំនួន​តិចតួច​ជាង​កម្រិត​មួយ​ដែល​អាច​ឱ្យ​មនុស្ស​ដេក​លក់​បាន ប៉ុន្តែ​បណ្តា​សមាសធាតុ​ផ្សេង​ៗ​ទៀត​ក្នុង​ផ្លែ​ឈើ​រី​អាច​ទប់ស្កាត់ Tryptophan មិន​ឱ្យ​បំបែក​ខ្លួន​ដែល​ធ្វើ​ឱ្យ​វា​អាច​បំពេញ​មុខងារ​ក្នុង​រាង​កាយ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព ៕