ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​បែក​ថ្នាំ បាន​ឡើង​ទៅ​លើ​ផ្ទះ​គេ​ជាន់​ទី​៣ ហើយ​ដើរ​សសៀរ​រួច​លោត​ចុះ​មក​​​ក្រោម ដែល​កំពស់​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​រង​របួស​បាក់ជើង​ឆ្វេង និង​បែកក្បាល​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​​ទាំង​យប់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​ចំណុច​លើ​ផ្ទះ​ជាន់​ទី​៣ ផ្លូវ​បេតុង ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ទាក់ទង​និង​ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បុរស​ខាងលើ​ឡើង​ទៅ​លើដំបូល​ផ្ទះ​គេ​ប្រហែលជា​ក្នុង​បំណង​មិនល្អ ឬ​អាច​មក​ពី​បែក​ថ្នាំ បើ​ទោះបីជា​ខំប្រឹង​លួងលោម​យ៉ាងណា ក៏​បុរស​នេះ​មិន​ព្រម​ចុះ​មក​ក្រោម​វិញ​ដែរ ។

ប្រហែលជា​កន្លះ​ម៉ោង ក្រោយ​មក បុរស​ខាងលើ​នេះ​បាន​លោត​ចុះ​មក​ក្រោម ដោយ​មិន​ខ្លាចញញើត​សូ​ម្បី​តែ​បន្តិច បណ្តាល​ឱ្យ​រង​របួស​បាក់ជើង​ឆ្វេង និង​បែក​ក្បាល ។ នេះ​ក៏​សំណាងល្អ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ ជួយ​ទប់​ផង​ដែរ កុំ​អី​ប្រហែល​បោក​ក្បាល​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ បុរស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ ទំនាក់ទំនង​ទៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ និង​ស្វែងរក​ក្រុម​គ្រួសារ​អោយមក​មើល​តាម​ក្រោយ ។