ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​យក​ដំបង​ទៅ​វាយ​គេ ក៏​ត្រូវ​ជន​ដៃដល់​៣​នាក់​បងប្អូន​នាំ​គ្នា​ចាក់​នឹង​ដាវ​កែ​ច្នៃ បាន​ស្លាប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

ជន​ដៃដល់​ទាំង​៣​នាក់​បងប្អូន ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ​ចាន់ ថុ​ន អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ​ចាន់ ធី​ម អាយុ​១៧​ឆ្នាំ និង​៣-​ឈ្មោះ ចាន់ ធួន អាយុ​១៥​ឆ្នាំ ទាំង​៣​នាក់​ស្នាក់​នៅ​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ត្រា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ស្រវឹងស្រា​ដៃ​មាន​កាន់ដំបង​ដើរ​ក្នុងភូមិ លុះ​ពេល​គាត់​ដើរមក​ដល់​ចំណុច​កើតហេតុ ក៏​ប្រទះ​នឹង​ជន​បង្ក​កំពុង​ដើរទៅ​ផ្ទះ ដោយ​ជន​រង​គ្រោះ​បាន​យក​ដំបង​យក​ទៅ​វ៉ៃ​ប្អូន​ទី​២​ឈ្មោះ​ចាន់ ធី​ម ចំនួន​៣​ដំបង ។

បន្ទាប់​ពី​វាយ​រួច ហើយ​ប្អូន​ទី​២​ក៏​ទៅ​ផ្ទះ ហើយ​និយាយ​ប្រាប់​បងប្អូន​ថា មាន​គេ​វាយ ភ្លាម​ៗ​នោះ​បងប្អូន​ទាំង​៣​នាក់ បាន​នាំ​គ្នា​ទៅ​វាយ​ជន​រង​គ្រោះ​វិញ ក្នុង​នោះ​ប្អូនប្រុស​ពៅ​បាន​យក​ដាវ​កែ​ច្នៃរ​ត់ទៅ​មក​ចាក់​ជន​រង​គ្រោះ​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ត្រូវ​បាន​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​សម្តេចឪ​នៅ​ក្បែរ​នោះ តែ​ជា​អកុសល ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​ជន​ដៃដល់​៣​នាក់​បងប្អូន នោះ​មិន​បាន​រត់គេច​ខ្លួន​ទេ ដោយ​ចូល​ទៅ​សំងំ​នៅ​ក្នុងផ្ទះ ទើប​សមត្ថកិច្ច​បាន​នាំ​គ្នា​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គីឡូ​លេខ​៦ ។