ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ ស្ថិត​នៅ​ខាងជើង​ផ្សារ​រាត្រី លើ​ផ្លូវ​លេខ​១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្រោយ​ពី​មាន​ករណី​ឆក់​កាបូប​ពី​ជនជាតិ​ចិន ហើយ​សំណាងអាក្រក់ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ក៏​ជ្រុល​ទៅ​បុក​រថយន្តក្រុង បណ្តាល​ឱ្យ​ដួល ក៏​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់ ។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ​ចាន់ ស៊ី​ថា អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា និង
២-​ឈ្មោះ​សិទ្ធ រុ​ទ្ធី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌដូនពេញ​។

នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់​កាបូប​ជា​ជនជាតិ​ចិន បាន​ដើរ​ចុះ​ពីលើ​រថយន្ត ដើម្បី​ចូល​ទៅ​ទិញ​សំបុត្រ​រថយន្តក្រុង ។ ពេល​ដើរ​ចេញ​មក​វិញ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1A-1103 ជិះ​មក​ក្បែរ និង​ធ្វើ​សកម្ម​ភាព​​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រូប​នោះ តែ​បែរជា​ជ្រុល​ចង្កូត​ម៉ូតូ​ទៅ​បុក​រថយន្តក្រុង ដែល​ចត​ក្បែរ​នោះ​បណ្តាល​ឱ្យ​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។