របាយការណ៍ ៖ ចិន បញ្ជូនប្រព័ន្ធ ការពារម៊ីស៊ីល ទៅកាន់ដែនកោះជម្លោះ សមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ យោងតាមសេចក្តី រាយការណ៍មួយ ដោយសារព័ត៌មាន Fox News បានឲ្យដឹង កាលពីថ្ងៃអង្គារ ម្សិលមិញថា ផ្អែកតាមការចាប់ បាននូវរូបភាព ពីផ្កាយរណប បានបញ្ជាក់ថា យោធាចិនបានដាក់ពង្រាយ នូវប្រព័ន្ធការពារដោយម៊ីស៊ីល នៅតំបន់ដែនកោះជម្លោះសមុទ្រចិនខាងត្បូង ។

ដែនកោះដែលស្ថិតក្នុងភាពចំរូងចំរ៉ាស់គ្នា នៅសមុទ្រចិនខាងត្បូងនោះ ប្រទេសវៀតណាម និងកោះតៃវ៉ាន់ ក៏បានប្រកាសថា ជាអធិបតេយ្យភាពរបស់ពួកគេដែរ ។

លោក Bill Urban អ្នកនាំពាក្យមួយរូប មកពីមន្ទីរបញ្ចកោណ បានថ្លែងថា "ខណៈនេះខ្ញុំបាទអាចធ្វើបទ អត្ថាធិប្បាយ បាននោះទេ លើបញ្ហាដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះ យើងបានឃើញនូវបញ្ហានេះ ច្បាស់តែប៉ុណ្ណោះ" ។

របាយការណ៍នេះ បានស្តែងចេញ ខណៈដែលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងមេដឹក នាំអាស៊ានដែលចូលរួម ក្នុងកិច្ចប្រជុំកំពូល នៅឯកាលីហ្វ័រញ៉ា ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល លោក អូបាម៉ា បានថ្លែងថា លោក និងបណ្តាមេដឹក នាំអាស៊ាន បានពិភាក្សាគ្នាដោយទាមទារឲ្យជំរុញលើភាពតានតឹងនៅសមុទ្រ ចិនខាងត្បូង ហើយពួកគេ បានឯកភាពថា ដែនដីជម្លោះណាក៏ដោយ គួរតែមានដំណោះស្រាយ ដោយសន្តិភាពពេញលេញ និងស្របតាមច្បាប់ដែលបានកំណត់ ៕