យួន​នៅតែ​បំពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង យ៉ាង​គឃ្លើន​

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​ព្រែក​ពោ​ក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល និង​នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ភាគី​យួន​នៅតែ​បំពាន​មកលើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង អំពាវនាវ​ឲ្យ​លោក ជៀង អំ ជា​អភិបាលខេត្ត ក៏ដូចជា​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ភាគី​យួន​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ភាគី​យួន​នៅតែ​បន្ត​រំលោភបំពាន​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​រស់នៅ​ជិត​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​យួន ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៩-១៥០​ក្នុងភូមិ​ព្រែក​ពោ​ក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការរស់នៅ​បន្ទាប់ពី​ទាហាន​យួន​ជាង​១០​នាក់​បាន​លួច​ឈូសឆាយ​រំលាយ​ផ្លូវ​ចូល​លំនៅដ្ឋាន​របស់គាត់ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ផ្លូវ​ដែល​ទាហាន​យួន​ឈូសឆាយ​បំផ្លាញ​នោះ មាន​ទទឹង​៤​ម៉ែត្រ និង​បណ្ដោយ​២៨​ម៉ែត្រ ត​ភ្ជាប់​ពីមុខ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ទៅដល់​ផ្លូវធំ​ខ្សែក្រវាត់​ព្រំដែន ធ្វើ​ឲ្យ​អ្នកស្រី ឯក សាវុធ ជា​ម្ចាស់ផ្ទះ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ មេឃុំ​ថ្នា​ធ្នង់ លោក គឹម ញ៉ា​ញ់ បាន​ទទួលស្គាល់ថា កន្លែង​ដែល​អ្នកស្រី ឯក សាវុធ រស់នៅ​គឺជា​ដី​របស់​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា​បាន​សួរ​ទៅ​ភាគី​យួន ប៉ុន្តែ​គេ​ឆ្លើយ​បដិសេធថា​មិនបាន​បំផ្លាញ​នោះទេ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ទាហាន​យួន​បាន​រំកិល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អ្នកភូមិ​កោះ​ក្បាន​កណ្ដាល បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​ថា ទាហាន​យួន​រំកិល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ភាគី​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ ដោយហេតុថា នៅក្នុង​ភូមិ​កោះ​ក្បាន​កណ្ដាល កន្លងមក​យួន​បាន​រំកិល​បង្គោល​តម្រុយ​ព្រំដែន​លេខ​១៨៥ ១៨៦ ចូល​យ៉ាងជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ពោ​ក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង បាន​ត្អួ​ញ​ត្អែ​រថា សព្វថ្ងៃ​ពួកគាត់​ពុំមាន​ភាពកក់ក្ដៅ​ទៅលើ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថ​កិច្ចការពារ​ព្រំដែន​នោះទេ ព្រោះ​ភាគី​យួន​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា នៅពេល​ប្រជាកសិករ​ខ្មែរ​តាម​ព្រំដែន​មាន​បញ្ហា​អ្វីមួយ​ជាមួយ​ភាគី​យួន គឺ​អាជ្ញាធរ​ខ្មែរ​តែងតែ​ធ្វើតាម​ការចង្អុលបង្ហាញ​របស់​ភាគី​យួន​ស្ទើរតែ​ទាំងស្រុង ហើយ​យួន​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន​ផ្លូវ​តូចធំ និង​ប្រឡាយទឹក​តាម​តំបន់​ព្រំដែន​ជា​ឯកតោភាគី​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ចំណែក​ប្រជាកសិករ​ខ្មែរ​គ្រាន់តែ​ធ្វើស្រែ​ចម្ការ​លើដី​កេរ​ដូនតា​របស់ខ្លួន​តាម​ព្រំដែន​ក៏ត្រូវ​ភាគី​យួន​ចូលមក​រារាំង​យ៉ាង​គឃ្លើន​ទៅវិញ​៕

12734150_1871802339712712_8224160662629753686_n 12734124_1871802319712714_8135453171757903118_n 12705259_1871802299712716_7450301395807796028_nទីតាំងដែលប្រជាពលរដ្ឋអះអាងថាទាហានយួនរំកិលព្រំដែន