កម្មវិធីអំណានដំបូង នឹងបន្តរយៈពេល៣ឆ្នាំ បន្ថែមទៀត

ភ្នំពេញ៖ កម្មវិធីអំណានដំបូង ដែលត្រូវបានអនុវត្តអស់រយៈពេល ៣ ឆ្នាំទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនសាជីវកម្មព្រូដិនសលអាស៊ី បានប្រកាសថា នឹងបន្តអាយុកាលនៃកម្មវិធីនេះ រយៈពេល៣ឆ្នាំបន្ថែមទៀត។

លោកស្រី ខូយ រ៉ានី ទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃអង្គការ Save the Children បានថ្លែងថា“កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច អំណានដំបូង  មានសារៈសំខាន់ណាស់ ព្រោះតាមការសិក្សា បានបង្ហាញថា កុមារមានភាពងាយស្រួលក្នុងការចាប់ផ្តើមរៀនអាន ប្រសិនបើពួកគេចាប់ផ្តើមតាំងពីនៅវ័យក្មេង ។ កម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច អំណានដំបូង គាំទ្រដោយមូលនិធិឲព្រូដិនស៍ បានធ្វើការសហការជាមួយនឹងអ្នកបោះពុម្ពផ្សាយ និងអ្នកនិពន្ធសៀវភៅក្នុងស្រុក ដើម្បីធ្វើយ៉ាងណាផលិត និងផ្គត់ផ្គង់សៀវភៅកុមារតូច ដែលមានគុណភាពសម្រាប់កុមារតូចគ្រប់រូប និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានសម្ភារៈសម្រាប់អនុវត្តការអានបានគ្រប់គ្រាន់" ។

លោកMarc Fancy នាយកប្រតិបត្តិមូលនិធិព្រូដិនស៍ បានថ្លែងថា “មូលនិធិព្រូដិនស៍ មានសសរស្តម្ភចំនួន ៣ ដែលយើងផ្តោតការផ្តល់ជំនួយ នោះគឺកុមារ ការអប់រំ និងការត្រៀមខ្លួន និងស្តារគ្រោះមហន្តរាយ ។ កម្មវិធីអំណានដំបូង ផ្តោតលើកុមារ និងការអប់រំ ដែលត្រូវគ្នានឹងសសរស្តម្ភពីររបស់មូលនិធិ ។ នេះក៏ជាឱកាសសម្រាប់មូលនិធិព្រូដិនស៍ បានសហការ ជាមួយអង្គការសង្គ្រោះកុមារ Save the Children ដែលជាអង្គការ មានការទទួលស្គាល់ជាអន្តរជាតិ ។ ម្យ៉ាងទៀត កម្មវិធីនេះមិនគ្រាន់តែអនុវត្តក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបាន អនុវត្តនៅប្រទេសហ្វីលីពីនផងដែរ ដើម្បីដោះស្រាយបញ្ហាដ៏សំខាន់មួយនេះ” ។

ក្រសួងអប់រំកម្ពុជា បានកោតសរសើរដល់ការរួមចំណែកនានា ក្នុងការលើកកម្ពស់បំណិនអក្សរ និងលេខ  នព្វន្ធសម្រាប់កុមារតូចៗនៅកម្ពុជា ដើម្បីឲ្យពួកគេអាចរៀនកាន់តែពូកែ។

លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា “ការសិក្សាស្រាវជ្រាវបានរកឃើញថា កុមារអាយុពី៣-៥ឆ្នាំ បើគាត់ទម្លាប់អានពីក្មេង គឺគាត់ទម្លាប់រហូតដល់ពេលគាត់ធំឡើង ដូច្នេះហើយទើបពេលកូននៅក្មេង មាតាបិតាត្រូវទម្លាប់ឲ្យកូនទៅបណ្ណាល័យ និងផ្តល់សៀវភៅឲ្យកូន ដើម្បីឲ្យគាត់ទម្លាប់អានពីតូច ។ នៅពេលគាត់អានហើយ គឺគាត់នឹងមានទម្លាប់ល្អចូលទៅបឋមសិក្សា និងមធ្យមសិក្សា ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ជោគជ័យនៅពេលគាត់បន្តការសិក្សាឡើងទៅថ្នាក់លើ"។

យោងតាមការវាយតម្លៃរបស់អង្គការ Save the Children កុមារអាយុក្រោម ៦ ឆ្នាំ ដែលទទួលបានការគាំទ្រផ្នែកគាំពារ អភិវឌ្ឍន៍កុមារតូចបានកើនឡើងពី ១៥% រហូតដល់ជិត ២៧%។

កម្មវិធីអំណានដំបូង មានគោលបំណងលើកកម្ពស់ សមត្ថភាពរៀន និងអានអក្សរសម្រាប់កុមារតូច ដែលមានអាយុក្រោម ៦ឆ្នាំតាមរយៈការអភិវឌ្ឍនិងការផ្តល់សម្ភារៈ សម្រាប់ហាត់រៀនអានដែលប្រកបដោយគុណភាព និងសមស្របតាមកម្រិតអាយុរបស់កុមារ។ កម្មវិធីនេះ ក៏បានជួយលើកកម្ពស់ការភ្ញោចប្រាជ្ញាស្មារតីរបស់កុមារតូចៗតាមរយៈការគាំទ្រផ្នែកគាំពារ និងអភិវឌ្ឍន៍កុមារភាពនៅតាមផ្ទះ។កម្មវិធីអំណានដំបូង បានចាប់ផ្ដើមអនុវត្តនៅឆ្នាំ ២០១៣ ដោយអង្គការ Save the Children ដោយសហការជាមួយ ក្រសួងអប់រំយុវជននិងកីឡា អង្គការស៊ីប៉ា អង្គការវឌ្ឍនភាព និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងខេត្តគោលដៅចំនួន ៤ គឺកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងព្រៃវែង ដែលមានកុមារតូចចំនួនជាង ៤០.០០០នាក់ បានទទួលការគាំទ្រ ផ្នែកគាំពារ និងអភិវឌ្ឍន៍កុមារតូចតាមផ្ទះ  តាមរយៈកម្មវិធី អំណានដំបូង ៕