មុខរបរ​ជាងចម្លាក់​របស់​អ្នកភូមិ​សំណាប​

Doliprane TVC

​មនុស្ស​យើង​ម្នាក់ៗ​តែងតែមាន​បំណងប្រាថ្នា​ចង់មានចង់បាន​គ្រប់ៗ​គ្នាតែ​ខ្សែជីវិត​មនុស្សម្នា​ក់ៗ ​តែងតែ​ខុសគ្នា​ជានិច្ច ។ អ្នកខ្លះ​ពីដំបូង​ក្រ​រកតែ​អង្ករ​ច្រកឆ្នាំង​គ្មាន ប៉ុន្តែ​នៅ​ទីបំផុត​ស្រាប់តែ​ក្លាយជា អ្នកមាន​មុខ​មាន​មាត់​មួយរូប​នៅក្នុង​សង្គម ហើយអ្នកខ្លះ​ពី​កម្មករ​ក្លាយជា​ថៅកែខ្លះ​ទៀត​ពី​អ្នកសុំទាន​ អាច​ក្លាយ​ទៅ​ប្រធាន​ក្រុមហ៊ុន​ក៏មានដែរ ។ នៅពេលនេះ​«​ប្រជាប្រិយ​» នាំ​មិត្ត​អ្នកអាន​ទាំងអស់​ទៅ​ស្គាល់​ជាងចម្លាក់រូប​បដិមា​នៅក្នុង​ភូមិ​សំណាប ឃុំ​កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

​បើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​សៀមរាប​យើង​នឹង​ឆ្លងកាត់​ខេត្តកំពង់ធំ នៅពេលទៅដល់​ម្តុំ​ស្រុក​សន្ទុក ភូមិ​សំណាប ឃុំ​កកោះ នៅ​អម​សងខាង​ផ្លូវ​យើង​នឹង​ឃើញ​ជាងចម្លាក់​បដិមា​កំពុង​មមាញឹក​ក្នុង​កិច្ចការ​ឆ្លាក់​រូប​បដិមា លាយឡំ​ដោយ​ស្នូរ​ឆាប និង ដាប់​លាន់ឮយ៉ាង​កងរំពង​ក្នុង​បរិវេណ​នោះ ។ រូប​បដិមា​មាន​ច្រើនបែប​ច្រើន​សណ្ឋាន​ដែល​ជាង​ខំ​ផ្ចិត ផ្ចង់​ឆ្លាក់ ដើម្បី​បំពេញចិត្ត​អតិថិជន​របស់ខ្លួន​មានដូចជា រូប​ព្រះពុទ្ធ​ព្រះពុទ្ធ​ប្រក់​នាគ រូប​ដំរី រូប​ឥសី និង រូប​ព្រះឥន្ទ្រ ជាដើម ។មុខរបរ​ជាងចម្លាក់​របស់​អ្នកភូមិ​សំណាប​

​ការចាប់យក​អាជីព​ជាជាង​ចម្លាក់​ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​មិនមែនជា​ការងាយស្រួល​ប៉ុន្មាន ទេ អ្វីដែល​កាន់តែ​លំបាក​ជាងនេះទៅទៀត​នោះ​គឺ​ការទទួល​ជោគជ័យ​ដ៏​ត្រចះត្រចង់​ពី​អាជីពនេះ ព្រោះថា​ត្រូវ ចំណាយពេល​យូរ​គួរសមដើម្បី​ក្លាយ​ជាជាង​ដ៏​ជំនាញ ។ ក្រោយពី​មាន​ជំនាញ​ហើយក៏​ត្រូវការ​បទពិសោធ និង ដើមទុន​ខ្លះទៀតដើម្បី​ទិញ​ថ្ម​ក៏ដូចជា​ការចំណាយ​លើ​សេវា​ដឹកជញ្ជូន​ផងដែរ ។ បងប្រុស ទេព ធាន អាយុ ៣៨ ឆ្នាំ មានកូន​ពីរ​នាក់ ហើយ​បងប្រុស​បាន​ប្រកប​អាជីព​នេះ​ប្រមាណ​ជាជាង ដប់ឆ្នាំ​មកហើយ ។ បងប្រុស​មានប្រសាសន៍​ថា «​ចាប់តាំងពីប្រកប​របរ​នេះ​មកវា​បានធ្វើឱ្យ​ជីវភាព​របស់ខ្ញុំ​ធូរធារ​ជាង​មុន​ហើយ រាល់ថ្ងៃនេះ​មិនសូវ​ទំនេរ​នោះទេ ព្រោះថា​អាជីព​ជាជាង​ឆ្លាក់រូបនេះ​គឺ​ខ្ញុំ​ឆ្លាក់ ឬ ធ្វើការ​ងារ​នេះ​ក្នុងពេល​ទំនេរ​ពី​ការធ្វើ​ស្រែចម្ការ ដោយ​មិន​ទុកពេល​វេលា​ឱ្យ​ទំនេរ​ចោល​ទទេ​ឡើយ​»​។​

មុខរបរ​ជាងចម្លាក់​របស់​អ្នកភូមិ​សំណាប​

​ចំណែក​បងប្រុស ធឿន អាយុ ៤២ ឆ្នាំ ជាជាង​ចម្លាក់​ម្នាក់​ដែរ​នោះបាន​ប្រាប់​ឱ្យដឹងពីអាជីព​នេះ​ថា «​តាំងពី​រូបខ្ញុំ​ចាប់យក​របរ​នេះ​មក​បានធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​គ្រាន់បើ​ជាង​មុន ក្នុង​រយៈពេល​បួន​ទៅ​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​»​។ បងប្រុស​ក៏​បង្ហើប​ឱ្យដឹងពី​តម្លៃ​នៃ​បដិមា​នីមួយៗ​ថា បដិមា​នីមួយៗ​មានតម្លៃ​ថ្លៃ ឬ ថោក គឺ​ទាក់ទង​ទៅនឹង​ប្រភេទ​ថ្ម ទំហំ​ថ្ម និង សេវា​ដឹកជញ្ជូន ឧទាហរណ៍​ថា បដិមា​មួយ​ទំហំ​មួយ​ម៉ែត្រគុប បើ​ថ្ម​បាន​ពី​ក្នុង​តំបន់​ដែល​យក​មកពី​ភ្នំ​សន្ទុក ពេល​ឆ្លាក់រួចរាល់​មានតម្លៃ​ត្រឹម ៩០០ ដុល្លារ តែ​ថ្ម​ដឹក​ពី​ខេត្តព្រះវិហារ​មកវិញ​បដិមា​នោះ​មានតម្លៃ​ពី ១.៧០០ ទៅ ១.៨០០ ដុល្លារ ព្រោះថា​ជា​ប្រភេទ​ថ្ម​ល្អ​មាន​សាច់​ម៉ដ្ឋ និង ត្រូវ​ចំណាយ​លើ​សេវា​ដឹកជញ្ជូន​ខ្លះ ផង​ទើបបានជា​ថ្លៃ​ដូច្នេះ ។​

​នៅពេល​សួរថា តើ​ជាងចម្លាក់​រូប​ណា​ដែល​ពូកែ​ឆ្លាក់ និង លក់ដាច់​ជាងគេ ? ក្រុម​ជាង​ទាំង នោះបាន​ឆ្លើយថា នៅ​ម្តុំ​នេះ​មានតែ​ជាង ជីវ ប៉ិច ម្នាក់​ប៉ុណ្ណោះ​ដែលជា​ជាងចម្លាក់​ល្បី និង មមាញឹក​ជាងគេ ។ នៅ​ពេលឮ​គេ​ប្រាប់​ដូច្នេះ អ្នកយកព័ត៌មាន​រប​ស់​យើង​ក៏បាន​ទៅរក​ជាង ជីវ ប៉ិច បើ ទោះបីជា​មានការ​មមាញឹក​ជាមួយ​ការងារ​ចម្លាក់​បដិមា​យ៉ាងណាក្តី ជាង ប៉ិច បាន​ឆ្លៀតពេល​ផ្តល់ បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង​ថា «​ខ្ញុំ​មាន​ស្រុកកំណើត​រស់នៅក្នុង​ភូមិ​សំណាប ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​នេះ​តែម្តង ។ ខ្ញុំ​បាន​ចាប់យក​អាជីព​ជាជាង​ចម្លាក់​នេះ​អស់​រយៈពេល ជាង​ដប់​មកហើយ ប៉ុន្តែ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របរ​នេះ​បាន​ជួយ​ធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់ខ្ញុំ ល្អប្រសើរ​ជាង​មុន​ឆ្ងាយ ដោយ​សព្វថ្ងៃ​ខ្ញុំ​អាចមាន​លទ្ធភាព​ទិញ​ដី និង ផ្ទះ ។ កាលពីមុន​ខ្ញុំ​ធ្វើ​ជាជាងចម្លាក់​ខ្លួនឯង តែ​ឥឡូវនេះ​ខ្ញុំ​មានកូន​ជាង​ដោយ​មិនចាំបាច់​ដាប់ ឬ ឆ្លាក់​ដោយ​ខ្លួនឯង​ទៀត​នោះទេគឺ​គ្រាន់តែ​ចាំ​ទទួល​ការ​កុម្ម៉ង់​ពី​អតិថិជន​សឹងតែ​គ្រប់​ខេត្ត​ក្រុង ហើយ​បញ្ជា​ឱ្យ​កូនជាង​ប្រមាណ​ជា ៣០ នាក់​ធ្វើ​វិញ​» ។

មុខរបរ​ជាងចម្លាក់​របស់​អ្នកភូមិ​សំណាប​

ទាក់ទង​ទៅនឹង​ការ​កុម្ម៉ង់​វិញ​បងប្រុស ប៉ិច បាន​បញ្ជាក់ថា អ្នក​កុម្ម៉ង់​ខ្លះ​គឺ​គេ​មកដល់​ទីកន្លែង​តែម្តង រីឯ​អ្នក​ខ្លះទៀត​គេ​ទូរស័ព្ទ​ម​កក​ម្ម៉​ង់​ក៏មាន ហើយ​អ្នក​ទាំងនោះ​សឹងតែ​មកពី​គ្រប់​ខេត្ត​ក្រុង ដូចជា​កំពង់ចាម សៀមរាប កំពត តាកែវ និង ភ្នំពេញ ជាដើម ។ ពេលខ្លះ​គេ​មក​ជាវ​ព្រះ​បដិមា​យកទៅដាក់​តាម​ទី​វត្ត​អារាម និង ជាវ​រូបចម្លាក់​ផ្សេងៗ​យកទៅដាក់​តាម​ទីសាធារណៈ​សម្រាប់​គោរព សក្ការៈ​ផងដែរ ។ ពាក់ព័ន្ធ​នឹង​ចំណូល និង តម្លៃ​វិញ​បងប្រុស ប៉ិច បាន​ប្រាប់ថា ខែ​ណា​ដែល​លក់ដាច់​ច្រើន​អាច​លក់បាន​ពី ៧ ទៅ ៨ ព្រះ​បដិមា ដោយ បានទទួល​ចំណូល​ពី ៧.០០០ ទៅ ៨.០០០ ដុល្លារ​ដែរ​ក្នុង​មួយខែ ។

រូប​បដិមា​នីមួយៗ​អាចមាន​តម្លៃ​ពី ៩០០ ទៅ ៣.០០០ ដុល្លារ គឺ​អាស្រ័យ​តាម​ប្រភេទ​ថ្ម និង ទំហំ​ថ្ម តែ​ជា​មធ្យម​លក់បាន​ពី ២ ទៅ ៣ បដិមា​ប៉ុណ្ណោះ អាច​បានទទួល​ចំណូល ៣.០០០ ដុល្លារ​ដែរ​ក្នុង​មួយខែ ។ ក្រៅពី​មាន​ប្រាក់​អាច​ទិញ​ដី និង ផ្ទះ​នោះ បងប្រុស ប៉ិច ថែមទាំង​មានលទ្ធភាព​ទិញ​បាន​រថយន្ត​ខ្នាត​ធំ​ចំនួន​ពីរ​គ្រឿង ទុក​សម្រាប់​ប្រើការ​ដឹកជញ្ជូន​ថ្ម ឬ ក៏​រូប​បដិមា​ជូន​អតិថិជន និង រថយន្ត តូច​ទុក​សម្រាប់​ធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ​ផងដែរ ។​

មុខរបរ​ជាងចម្លាក់​របស់​អ្នកភូមិ​សំណាប​

​កិច្ចការ​អ្វី​ក៏ដោយ​ឱ្យតែ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​វា​ឱ្យអស់​លទ្ធភាព​អស់ពី​សមត្ថភាព​ប្រកបដោយ​ការអត់ធ្មត់ និង ព្យាយាម​ខ្ពស់ ការងារ​ទាំងនោះ រមែង​បានសម្រេច ហើយ​វា​ក៏​នឹង​ផ្តល់​ផល​ដល់​យើង​វិញ​ជាទី​គាប់​ចិត្តជា​មិនខានឡើយ ដូច​ពំនោល​អប់រំ​ចាស់ៗ​បុរាណ​ខ្មែរ​យើង​តែងតែ​លើកទ្បើង​តៗ​គ្នា​ថា «​សេចក្តី​ព្យាយាម​គង់​បានសម្រេច​» និង «​អ្នក​ជោគជ័យ​គឺ​មិន​បោះបង់ អ្នក​ដែល​បោះបង់​គឺ​មិន​ជោគជ័យ​» ៕​