វិចារណកថាៈ សន្តិសុខសង្គម ជាសេចក្តី ត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ

 ចាប់តំាងពីអំឡុងខែតុលា ចុងឆ្នាំ២០១៥ រហូតមកដល់ពេលនេះ អំពើប្លន់ប្រដាប់អាវុធ បានកើតឡើង ជាបន្ត បន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋទូទៅ ព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាអសន្តិសុខសង្គម និងសុវត្ថិភាពផ្ទាល់ខ្លួន។ ជាក់ ស្តែងបើទោះបីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ដើម្បី ពង្រឹងសន្តិសុខសង្គមយ៉ាងណាក៏ដោយ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅមាន កម្រិតនៅឡើយ។ ដោយហេតុថា អំពើប្លន់ប្រដាប់អាវុធ ចោរឆក់តាមដងផ្លូវ ចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ អំពើឃាតកម្ម ល្បែងស៊ី សង និងបទល្មើសគ្រឿងញៀនជាដើម នៅតែរាលដាលយ៉ាងពេញបន្ទុក។ កត្តានេះហើយ ដែលប្រជាពលរដ្ឋ ទូទៅ អំពាវនាវឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ យកចិត្ត ទុកដាក់ថែមទៀត ក្នុងការពង្រឹងសន្តិសុខសង្គម ដើម្បីជួយឲ្យពួកគាត់ អាចរស់នៅ និងប្រកបរបរចិញ្ចឹម ជីវិតដោយសុខសាន្ត គ្មានការភ័យខ្លាច។

 ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ អំពើប្លន់ប្រដាប់អាវុធបានកើតឡើង ជាច្រើន ករណីទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពត កោះកុង ក្រចេះ រតនគិរី និងខេត្តកំពង់ធំជាដើម ។ ករណីប្លន់ផ្ទះវេរប្រាក់វីង ជាបន្តបន្ទាប់កន្លងទៅនេះ បានធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភកាន់តែខ្លាំង ចំពោះបញ្ហា អសន្តិសុខសង្គម ព្រោះ ក្រុមចោរប្រដាប់អាវុធ តែងកេចខ្លួនប្រកបដោយសុវត្ថិភាព ក្រោយពេលប្លន់បានសម្រេច។ ក្នុងនោះករណីប្លន់ ផ្ទះវេរប្រាក់វីង នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្មីៗនេះ បានធ្វើឲ្យប្រជាពលរដ្ឋរិះគន់ចំៗ ទៅលើសមត្ថកិច្ច ដែលពុំមានសមត្ថភាពក្នុង ការពង្រឹងសន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅសម្រាប់ប្រជាពលរដ្ឋ។ អ្វីដែលប្រជា ពលរដ្ឋត្រូវការចំាបាច់នៅពេលនេះ គឺសន្តិសុខសង្គមល្អប្រសើរ ដូច្នេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរយកចិត្តទុកដាក់ថែមទៀត ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ដូចជាអំពើចោរកម្ម គ្រប់រូបភាព បទល្មើសគ្រឿង ញៀន អំពើឃាតកម្ម និងល្បែងស៊ីសងជាដើម ។

 មជ្ឈដ្ឋាននានា បានកត់សម្គាល់ថា កន្លងមកនៅខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកណ្តាលជាដើម សមត្ថកិច្ចបង្ក្រាបវែក មុខក្រុមចោរប្លន់ប្រដាប់អាវុធ យកទៅផ្ដន្ទាទោសជាបន្តបន្ទាប់។ ក៏ប៉ុន្តែជាក់ស្តែងករណីប្លន់ ប្រដាប់អាវុធ នៅតែកើតមានជាបន្តបន្ទាប់ ហើយក្រុមចោរហាក់ដូចជាមិនខ្លាចសមត្ថកិច្ចបន្តិចណាឡើយ ។ មានបញ្ហាជាច្រើនត្រូវគេដឹងថា ជាប្រភពនាំឲ្យកើតមានអំពើប្លន់ប្រដាប់អាវុធ និងអំពើឃាតកម្មយ៉ាង សាហាវព្រៃផ្សៃ ជាពិសេសគឺល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន ដែលរាលដាលកាន់តែខ្លាំងឡើងៗ។ នៅក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង់ និងអំពើចោរកម្មជាបន្តបន្ទាប់ ហើយចាប់ខ្លួនក្រុមជនសង្ស័យបានរាប់រយនាក់ ក្នុងមួយខែៗ ក៏ប៉ុន្តែជាក់ស្តែងបទ ល្មើសនៅតែបន្តកើតមាន គួរឲ្យភ័យខ្លាច ជាពិសេសនៅពេលយប់ ក្រុមចោរប្លន់ ចោរឆក់ ធ្វើសកម្មភាពយ៉ាង ពេញបន្ទុកតែម្តង ។

 ទាក់ទងទៅនឹងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធនោះដែរ កន្លងមកមានការព្រមានដកហូតតំណែង ស្នងការ នគរបាលខេត្តមួយចំនួន ដែលពុំមានសមត្ថភាពបង្ក្រាបក្រុមចោរប្លន់ ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទ បញ្ជាម្តងហើយម្តងទៀត ដើម្បីឲ្យស្នងការនគរបាលរាជធានី-ខេត្ត និងកម្លាំងនគរបាលទូទាំងប្រទេសយកចិត្តទុកដាក់ ពង្រឹងសន្តិសុខ សង្គមប្រកបដោយប្រសិទ្ធភាព ។ ទោះជាយ៉ាងណាលទ្ធផលជាក់ស្តែង គឺមានតិចតួចបំផុត ក្នុងខណៈដែលក្រុមចោរប្លន់ប្រដាប់អាវុធ នៅតែធ្វើ សកម្មភាព ផ្គើននឹងសមត្ថកិច្ចយ៉ាងគឃ្លើន។ ជាក់ស្តែងគ្រាន់តែក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០១៦នេះ អំពើប្លន់ប្រដាប់អាវុធ បានកើតឡើងជាច្រើនករណី ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំង ប្រទេស ដូចដែលសារព័ត៌មាន គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្សព្វផ្សាយជា សាធារណៈរួចទៅហើយ ។

 សរុបសេចក្តីមក សន្តិសុខសង្គម គឺជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ ព្រោះសង្គមមួយ ដែល មានសន្តិសុខពេញលេញ ទើបប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្ត ហើយ ប្រទេសជាតិ មានការរីកចម្រើនឆាប់ហ័សផងដែរ។ សេចក្តីអំពាវនាវរបស់ប្រជាពលរដ្ឋ ទូទាំង ប្រទេសនៅ ពេលនេះ គឺជំរុញឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួង និង ស្ថាប័នពាក់ ព័ន្ធ យកចិត្ត ទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសន្តិសុខសង្គមឡើងវិញ ។ ក្នុងនោះការបង្ក្រាបអំពើប្លន់ប្រដាប់អាវុធ ក្រុមចោរ ឆក់តាមដងផ្លូវ បទល្មើសជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ គឺជាកត្តាចាំ បាច់បំផុតក្នុងការពង្រឹង សន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ។ មានន័យថា ប្រជាពលរដ្ឋកំពុង ព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាអសន្តិសុខសង្គម ហេតុនេះហើយ ទើបពួកគាត់អំពាវនាវឲ្យក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាលុបបំបាត់បទល្មើសនានា ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ៕