ប្លន់​ម៉ូតូ​ស្រី​ស្អាត​ក្នុង​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មក​រា

ប្លន់​ម៉ូតូ​ស្រី​ស្អាត​ក្នុង​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មក​រា

រាជធានី​ភ្នំពេញ ៖ ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី ពី​នារី​២​នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ ទួល​គោក កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ  ។

ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ក្នុង​អំពើ​ភ្ជង់​ប្លន់​ខាងលើ​នេះ​ឈ្មោះ ហេង ស្រី​ស្រស់ អាយុ​២១​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។ ចំណែក​នារី​ម្នាក់​ទៀត​ឈ្មោះ ស្រស់ អាយុ​២៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ក្បែរ​ផ្សារ​អូរ​ឫស្សី ខណ្ឌ​៧​មក​រា ។

យោង​តាម​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​ហេតុការណ៍​កើតឡើង គឺ​ដំបូង​ឡើយ​ពួក​នាង​ទើបតែ​មក​ពី​មាត់ទន្លេ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ក្រហម​(​ចាំតែ​ស្លាក​លេខ ភ្នំពេញ ៧៩៨៩) ដោយ​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត បាន​ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​ជាមួយ​មិត្តភក្តិ​ផ្សេង​ទៀត​នៅ​ម្តុំ​វ​ង្វ​ង់​មូល​ទួល​គោក ក្នុង​បំណងរ​កន្លែង​ញ៉ាំ​អី​ផង ។ នាង​រៀបរាប់​ទៀត​ថា លុះ​ត្រឡប់​មក​វិញ ពេល​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ចុះ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មក​រា បាន​ប្រហែល​៥០​ម៉ែត្រ ស្រាប់តែ​មាន​ជន​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​កាក់​ចំ​ពីមុខ ហើយ​ចោរប្លន់​ម្នាក់ ក្នុង​ចំណោម​បក្សពួក​គេ​នោះ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​រួច​ភ្ជង់​ទៅ​លើ​ពួក​នាង​ដោយ​គំរាម​មិន​ឲ្យ​ស្រែក​ផ្តេសផ្តាស បើ​ពុំ​ដូច្នោះ​ទេ​នឹង​បាញ់​សម្លាប់​ចោល ។ ភ្លាម​ៗ​នោះ ក្រោយ​ពី​បាន​គំរាម មិន​អោយ​ស្រែក​ឆោឡោ​ហើយ ក្រុម​ចោរ​បាន​រុញ​នាង​ចេញ រួច​ឡើង​ជិះ​ម៉ូតូ​ពួក​នាង​ចេញ​បាត់​ទៅ ។  ចំណែក​ពួក​នាង​បាន​ត្រឹមតែ​អង្គុយ​ភ័យ​ញ័រ​ដៃ ញ័រ​ជើង​និយាយ​អ្វី​ក៏​មិន​ចេញ​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​ដ៏​ស្ងប់ស្ងាត់​នោះ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ដល់​នាំ​ពួក​នាង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ដេប៉ូ​៣ ដើម្បី​កំណត់​មុខសញ្ញា​រួច​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ទាំង​ភ័យ​ខ្លាច ។

ករណី​បាញ់​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​កើត​មាន​សម្រាប់​ភូមិសាស្ត្រ​ខណ្ឌទួលគោក ស្រប​ពេល​ដែល​មួយ​រយៈ​កន្លង​មកនេះ សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំងអស់​កំពុង​តែ​ព្យាយាម និង​ខិតខំ​យ៉ាង សស្រាក់សស្រាំ​បំផុត ក្នុង​ការ​ល្បាត​ពួនស្ទាក់​ចាប់​ក៏​ដូច​ជា​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ផ្សេង​ៗ​ដែល​តែងតែ​បង្ក​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រឿយ​ៗ​ផង​ដែរ ប៉ុន្តែ​ដូច​ឃ្វាង​ជាមួយ​ចោរ ។

ការ​ដើរហើរ​កណ្តាលរាត្រី​ស្ងាត់ បើ​មិន​ចាំបាច់​មិន​គួរ​ត្រេកត្រអាល​ពេក​នោះ​ទេ ព្រោះ​សកម្មភាព​ចោរប្លន់​កណ្តាល​រាជធានី​តែង​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ស្ងាត់ ពិសេស​នៅ​វេលា​រំលង​អធ្រាត្រ ឬ​វេលា​ទៀប​ភ្លឺ ៕