Pacquiao ​ចេញ​សូម​ទោស ​ក្រោយ​និយាយ​​ប្រមាថ​ភេទ​ទី​៣

Pacquiao ​ចេញ​សូម​ទោស ​ក្រោយ​និយាយ​​ប្រមាថ​ភេទ​ទី​៣

Manny Pacquiao ​កំពូល​អ្នក​ប្រដាល់​អាស៊ី ​បាន​ចេញ​មក​សូម​ទោស​វិញ ​បន្ទាប់​ពី​និយាយ​ប្រមាថ​ភេទ​ទី​៣​នៅ​ប្រទេស​ហ្វីលីពីន​ថា ​ពួកគេ​អាក្រក់​ជាង​សត្វ។

 

Pacquiao ​ចេញ​សូម​ទោស ​ក្រោយ​និយាយ​​ប្រមាថ​ភេទ​ទី​៣ Pacquiao ​ចេញ​សូម​ទោស ​ក្រោយ​និយាយ​​ប្រមាថ​ភេទ​ទី​៣

 

​​​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​​៨​សម័យ​កាល​រូប​នេះ ​បាន​និយាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​ Filipino station TV5 ​ថា៖ “​សត្វ​គឺ​ល្អ​ជាង ព្រោះ​​ពួកគេ​អាច​ស្គាល់​ច្បាស់​​ពី​ញី និង​ឈ្មោល។ បើ​បុរស​រៀបការ​ជាមួយ​បុរស ​ហើយ​ស្រី​រៀបការ​ជាមួយ​ស្រី​នោះ ​ពួកគេ​​អាក្រក់​ជាង​សត្វ​ទៀត”។

 

​​ទស្សនៈ​ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ជា​ច្រើន ហើយ​មិន​បាន​ប៉ុន្មាន​ Pacquiao ក៏​បាន​​បង្ហោះ​វីដេអូ​លើ​ Twitter ដើម្បី​​សូមទោស​វិញ។ កីឡាករ​វ័យ​៣៧​ឆ្នាំ​​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​សូមទោស​ដល់​អ្នក​ទាំង​អស់​គ្នា ​ដែល​​ទទួល​​​ការ​ឈឺចាប់ ​ព្រោះ​តែ​ការ​ប្រៀបធៀប​​របស់​ខ្ញុំ ​ដែល​​ប្រៀប​​ភេទ​ទី​៣ (ដែល​រៀបការ​ជាមួយ​គ្នា) ទៅ​នឹង​​សត្វ។ ​វា​ជា​កំហុស​ខ្ញុំ។ សូម​​អភ័យ​ទោស​ដល់​ខ្ញុំ ​សម្រាប់​រឿង​​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ឈឺចាប់”។

 

“ប៉ុន្តែ​រឿង​នេះ​ ក៏​មិន​អាច​ផ្លាស់​ប្ដូរ ទស្សនៈ​របស់​ខ្ញុំ​​ក្នុង​ការ​ប្រឆាំង​ នឹង​ការ​រៀបការ​ជាមួយ​ភេទ​ដូច​គ្នា​បាន​​ដែរ ព្រោះ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ។ កំហុស​របស់​ខ្ញុំ គឺ​ខ្ញុំ​គ្រាន់​តែ​ខុស ​ដែល​ប្រៀប​ធៀប​ភេទ​ទី​៣ ទៅ​នឹង​សត្វ​ប៉ុណ្ណោះ”។ PacMan បន្ថែម។

 

I’m sorry for hurting people by comparing homosexuals to animals. Please forgive me for those I’ve hurt. God Bless! pic.twitter.com/bqjRcWqp8R

— Manny Pacquiao (@mannypacquiao) February 16, 2016

 

​អ្នក​ប្រដាល់​ហ្វីលីពីន ដែល​​ចាញ់​ Floy Mayweather​ ​​នៅ​​ទីក្រុង​ Las Vegas កាល​ឆ្នាំ​មុន​រូប​នេះ នឹង​ឡើង​វ៉ៃ​​លើក​​ចុង​ក្រោយ​ទល់​នឹង​ Timothy Bradley ​នៅ​ខែ​មេសា​ខាង​មុខ មុន​នឹង​​​ប្រកាស​ខ្លួន​ចូល​និវត្តន៍៕

 

-ចុចអាន៖ Pacquiao ចាប់​ផ្តើម​ហ្វឹកហាត់​នៅ​ហ្វីលីពីន ​មុន​ប៉ះ Bradley

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ cnn