អ្នកកាសែត​ប្រចាំ​​ទូរទស្សន៍​ម្នាក់​​ប្តឹង​​មេបញ្ជាការ​កង​រាជអាវុធហត្ថ​

អ្នក​កាសែត​​​ប្រចាំ​​​ទូរទស្សន៍​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​រយៈ​​​ពេល​​​ខ្លី​​​ដោយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​ទៅតុលាការ​ប្តឹង​​​​មេបញ្ជា​​ការ​​​ម្នាក់​​​ដែល​​​បាន​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន​​​លោក​​​។

ហេតុការណ៍​​​នេះ​​​បង្ក​​​ឡើង​​​ដោយ​​​អត្ថបទ​មួយ​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​​​តាម​​​រលក​​​ធាតុ​​​អាកាស​​​របស់​​​ស្ថានីយ​​​ទូរទស្សន៍​​​ខ្មែរ​​​ប៉ុស្តិ៍​​​លេខ​​​៩ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ សប្តាហ៍​​​មុន​​​​​​ដែល​​​បាន​​​អះ​​​អាង​​​ថា លោក សាក់ សារា៉ង​​​ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​បាន​​​ទទួល​​​សំណូក​​​ពី​​​អ្នក​​​​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​តំបន់​​​អភិរក្ស​​​ជីវ​ចម្រុះ​​​សីមា​​​។ អត្ថបទ​​​​នេះ​​​​​​ផ្អែក​​​លើ​​​របាយ​ការណ៍​​​របស់​​លោក វា៉ន់ ទិត្យ ​​​​​​អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​របស់​​​​​ទូរទស្សន៍​​​ខ្មែរ​​​ប៉ុស្តិ៍​​​លេខ​​​៩ ក្នុង​​​ខេត្ត​​​ភាគ​​​បូព៌ា។

លោក វ៉ាន់​​​ ទិត្យ បាន​​​និយាយ​​​ថា ព្រឹក​​​បន្ទាប់​​​ពី​​​អត្ថបទ​នេះ​ត្រូវ​បាន​ផ្សព្វ​​​ផ្សាយ​​​តាម​​​រលក​​​ធាតុ​​​អាកាស​​​ លោក​​​ត្រូវ​​​បាន​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បួន​​​នាក់​​​នាំ​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​លោក​​ ហើយ​បញ្ជូន​ទៅ​​​​​​ទីបញ្ជាការដ្ឋាន​​កង​រាជ​អាវុធហត្ថ​​​ស្រុក​​​ ទី​​​ដែល​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ដក​​​ហូត​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​ទាក់​​​ទង​​​ទៅ​​​និពន្ធ​​​នាយក​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​ថ្លែង​​​ថា បន្ទាប់​​​មក​​​លោក​​​ត្រូ​​​វ​បាន​​​បញ្ជូន​​​បន្ត​ទៅ​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​​​​​​​ហត្ថ​​​​​​ខេត្ត ទី​​​ដែល​​​ឧត្តម​​​សេនីយ៍​​​ត្រី ​សាក់ ​សារ៉ាង ​​​បាន​​​បញ្ជា​​​ឲ្យ​​​លោក​​​ ”ឈប់​​​ភ្ជាប់​​​ឈ្មោះ​​​របស់​​​គាត់​​​ទៅ​​​នឹង​​​ការ​​​ជួញដូរ​ឈើ​ទៀត​​​” ហើយ​​​បាន​​​ដោះ​​​លែង​​​លោក​វិញ​​​ប្រហែល​​​ពីរ​​​ម៉ោង​​​ក្រោយ​​​មក។

កាល​​​ពី​​​ម្សិលមិញ លោក វ៉ាន់​​​ ទិត្យ បាន​​​និយាយ​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​មាន​​​ការ​​​ជំរុញ​​​ពី​​​និពន្ធ​​​នាយក​​​របស់​​​លោក គឺ​​​ពាក្យ​​​បណ្តឹង​​​មួយ​​​ប្តឹង​ទៅ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី ​​​ចោទ​​​ប្រកាន់​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​រូប​​​នេះ​​​ពី​​​បទ​​​ឃុំ​​​ខ្លួន​​ដោយ​​​ខុស​​​ច្បាប់ ហើយ​ពាក្យ​​​បណ្តឹង​​​មួយ​​​ទៀត​​​ប្តឹង​​​ទៅ​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ស្នើ​​​សុំ​​​អន្ត​រាគមន៍​​​​​​ពី​​​លោក សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​លើ​​​ផ្ទៃ​​​ប្រទេស​​​។

លោក វ៉ាន់ ទិត្យ​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​គាត់ ​​​ពីព្រោះ​​​​​​គាត់​​​បាន​​​រំលោភ​​​សិទ្ធិ​​​បុគ្គល​​​របស់​​ខ្ញុំ និង​បាន​​​រំលោភ​​​សិទ្ធិ​​​របស់​​​ខ្ញុំ​​​ជា​​​អ្នក​​​កាសែត​​​នៅ​​​ពេល​​​គាត់​​​បាន​​​ឃុំ​​​ខ្លួន​​​ខ្ញុំ​​​ដោយ​​​ខុស​​​ច្បាប់​​​ និ​​​ងបាន​​​គំរាម​​​ខ្ញុំ​​​ទៀត​​​ផង​​​។ ខ្ញុំ​​​មិន​​​ចង់​​​បាន​​​សំណង​​​ទេ​​​ ខ្ញុំ​​​ចង់​​​បាន​​​តែ​​​យុត្តិធម៌​​​ប៉ុណ្ណោះ”។

លោក អេង ហីុ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​នឹង​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ផ្ទៃ​​​ក្នុង​​​ពី​ហេតុការណ៍​​​នេះ ប៉ុន្តែបាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ​​​។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​មាន​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ឃើញ​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ទេ​​​។ ​​លោក​​​បាន​​​ថ្លែង​​​ថា “ប្រហែល​​​ជា​​​ពាក្យ​​​បណ្តឹង​​​នេះ​​​នៅ​​​ការិយាល័យ​​​រដ្ឋបាល​​​របស់​​​តុលាការ​​​នៅ​​​ឡើយ​​​។ ប្រសិន​​​បើ​​​វា​មក​​​ដល់​​​ដៃ​​​របស់​​​យើង​​​ យើង​​​នឹង​​​សើុប​​​អង្កេតរឿង​នេះ​​​​”។ ឧត្តម​​​​​​សេនីយ៍​​​ត្រី សាក់ សារ៉ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​អត្ថាធិប្បាយ​​​បាន​​​ទេ។

លោក ភោគ ចន្ធី មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ច្រាន​​​ចោល​​ការ​ចាត់ទុក​​សកម្ម​ភាព​​​របស់​​​ចៅហ្វាយ​​​លោក​​​​​​ថា ”​​​ខុស​​​ច្បាប់​”​​ប៉ុន្តែ លោក​បាន​​​ទទួល​​​ស្គាល់​​​ថា ឧត្តមសេនីយ៍​​​រូប​​​នេះ​​​បាន​​​អនុវត្ត​​​ “នីតិវិធី​​​មិន​​​ត្រឹម​​​ត្រូវ​​​”។

លោក​​​ ភោគ ចន្ធី ​​​មាន​​​ប្រសាសន៍​​​ថា ​”គាត់​​​គួរ​​​ទូរស័ព្ទ​​​ទៅ​​​អ្នក​​​កាសែត​​​រូប​​​នោះ ឬ​​អញ្ជើញ​គាត់​ឱ្យ​មក​ដោយស្ម័គ្រ​ចិត្ត​​​​”។ ​​លោក​​​​​​​​បាន​​​បន្ថែម​​​ថា លោក វ៉ាន់​​​ ទិត្យ​​​ ក៏​​​មាន​​​កំហុស​​​ផង​​​ដែរ​​​​​​ ដោយ​​​​បាន​​​សរសេរ​​​រឿង​​​​មិន​​​ត្រឹម​​​ត្រូវ​​​​​​​តាម​​​​​ការ​ពិត​។

លោក​​​បាន​​​មានប្រសាសន៍​​​​ថា “ខ្ញុំ​​​គិត​​​ថា ​យើង​​​​​គួរ​​​ព្យាយាម​​​ស្វែង​​​យល់​​បញ្ហា​នេះ​​​រួម​​​គ្នា សូម​​​អភ័យ​​​ទោស ឬ​​​ក៏​​​បញ្ជាក់​​​អំពី​​​កំហុស​​​ជា​​​មួយ​​​គ្នា​​​។ ​​យើង​​​មក​​​ពី​​​ស្ថាប័ន​​​រដ្ឋ​​​ដូច​​​គ្នា​​​។ ជួន​​​កាល​​យើង​ធ្វើ​ខុស​ដោយ​​​អចេតនា​​”។

យោង​​​តាម​​​លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មានបាន​ឱ្យ​ដឹង​ថា ​​​បើ​​​ទោះ​​​ជា​​​ស្ថានីយ​​​ទូរទស្សន៍​​​ខ្មែរ​​​ប៉ុស្តិ៍​​​លេខ​​​៩​​​ មិន​​​ត្រូវ​បាន​ដំណើរ​​​ការ​ជាផ្លូវ​ដោយ​​​​រដ្ឋាភិបាល​​​ក៏​​​ដោយ​​​ ក៏​​​ស្ថានីយ​​​​ទូរទស្សន៍​​​នេះ​និង​​​វិទ្យុ​​​របស់​​​ខ្លួន​​​ ​ត្រូ​​​វបាន​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​គ្រួសារ​​​របស់​លោក ​ឃុន ​ហាំង​​​ ទេសរដ្ឋ​​​មន្ត្រី​​​មកពី​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាដែរ​។

លោក​​​ ប៉ែន បូណា ប្រធាន​​​ក្លឹប​​​អ្នក​​​កាសែត​​​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ស្ថាប័ន​​​របស់​​​លោក​​​បាន​​​ធ្វើ​អន្តរាគមន៍​​​ដើម្បី​​​ស្វែងរក​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​លោក ​វ៉ាន់ ​ទិត្យ ឲ្យ​​​បាន​​​ឆាប់​​​កាល​​​ពី​​​សប្តាហ៍​​​មុន ​បន្ទាប់​​​ពី​​​ទទួលបា​ន​ដំណឹង​​​ពី​​​​ស្ថានីយទូរទស្សន៍​​​ខ្មែរ​​​ប៉ុស្តិ៍​​​លេខ​​​៩​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​គាត់។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​​​​ដោះស្រាយ​​​រឿង​​​នេះ​​​​នៅ​​​ថ្ងៃ​​​នោះ វា​​​រួច​រាល់​​​ហើយ​។ ​​​យើង​​​បាន​​​តវ៉ា​​​ចំពោះ​​​ការ​​​ឃុំ​​​ខ្លួន​​​គាត់​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ភ្លាមៗ”៕ សារុន

 

The post អ្នកកាសែត​ប្រចាំ​​ទូរទស្សន៍​ម្នាក់​​ប្តឹង​​មេបញ្ជាការ​កង​រាជអាវុធហត្ថ​ appeared first on ខេមបូឌា ដេលី.