ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ ​ភ្នំ​ម្លូ​ដើម​ឡើយ​ជា​ភ្នំ​មួយ​មាន​សម្រស់​ស្រស់​ត្រកាល និង​មាន​ក្លិនប្រហើរ​ឈ្ងុយ​ឈ្ងប់​ចេញពី​ភ្នំ ដោយសារ​តែ​នៅ​លើ​ភ្នំ​នោះ​ពោរពេញ​ទៅ​ដោយ​ដើម​ម្លូ​ធម្មជាតិ​រាប់​លាន​ដើម​ដុះ​ប្រជ្រៀត​គ្នា ។ ចំពោះ​ស្លឹក​របស់​វា​ត្រូវ​គេ​តំណាល​ថា​មាន​ទំហំ​ធំ​ជាង​បាតដៃ​ទៅ​ទៀត ហើយ​អ្នក​ភូមិ​តែង​ប្រើប្រាស់​ម្លូព្រៃ​នោះ​ដែរ តែ​គួរ​ឱ្យ​អនិច្ចា​ភ្នំ​ព្រៃម្លូ​នោះ​ត្រូវ​រលាយ​ក្នុង​រយៈពេល​យ៉ាង​ខ្លី​ដោយសារ​ក្រុម​ឈ្មួញ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាប់​បំផ្លាញ ។

ការ​កាប់​ទន្ទ្រាន​ព្រៃម្លូ​យក​ដី​ភ្នំ​ធ្វើ​កម្មសិទ្ធិ​នេះ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ។ ការ​ទម្លាយ​ក្រោយខ្នង​ពី​ការ​ប្រព្រឹត្ត​បទល្មើស​នោះ​រួម​មាន ការ​ចោទប្រកាន់​លើ​អាជ្ញាធរ​ស្រុក មេ​ភូមិ មេឃុំ មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត តែ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ខាងលើ​បាន​បដិសេធ​ថា ពួក​គេ​មិន​មាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។

លោក ផូ ផល ជា​ជន​ទី​មួយ​ដែល​ប្រឈម​មុខ​ទៅ​នឹង​ផ្លូវច្បាប់ បន្ទាប់​ពី​អាជ្ញាធរ​ស៊ើបអង្កេត​រក​ឃើញ​ថា បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​អូរ​ជាំ​ទ ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​ខ្លួន​លោក​ផ្ទាល់​ក៏​បាន​សារភាព​ថា ជា​អ្នក​ជួល​គេ​ឲ្យ​កាប់​ព្រៃ​នោះ​ដែរ​តែ​មិន​ច្រើន​ហិ​កតា​នោះ​ទេ ។ លោក​បាន​ទម្លាយ​ថា ភ្នំ​ម្លូ​នេះ​គឺ​ឈ្មោះ មា មិត្ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​ម្ចាស់​កម្មសិទ្ធិ ដែល​មាន​បណ្តោយ​៣​គីឡូម៉ែត្រ ទទឹង​២.៨០០​ម៉ែត្រ ជា​ការ​វាស់វែង​ដោយ​ក្រុម​កម្មករ​កាប់​ព្រៃ​ដើម្បី​ទូទាត់​កម្រៃ​ក្នុង​មួយ​ហិ​កតា​តម្លៃ​១​លាន​រៀល ។

លោក ផូ ផល បន្ត​ថា បន្ទាប់​ពី​កាប់​ទន្ទ្រានព្រៃ​បាន​មួយ​ចំនួន​នោះ​ហើយ លោក​បាន​ឆក់​ឱកាស​ជាមួយ​មន្ត្រី​សុរិយោដី​ស្រុក​២​នាក់  ចូល​ទៅ​វាស់វែង​កំណត់​ព្រំ​ក្បាលដី​ដែល​គ្រានោះ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​អនុវត្ត​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល មិន​បានដឹង​ឡើយ ។

លោក ផូ ផល បន្ត​ថា បន្ទាប់​ពី​មានការ​ឃុបឃិត​គ្នា​បាន​សម្រេច​និង​សម្អាត​ហើយ​នោះ​លោក មា មិត្ត បាន​អង្កន់​ដី​ភ្នំ​នោះ​ដោយ​ដាក់​ឈ្មោះ​កូន​និង​អ្នក​ដទៃ ដើម្បី​ចៀសវៀង​ថា​ម្ចាស់​តែ​មួយ​មាន​ផ្ទៃដី​រាប់រយ​ហិ​កតា ។ បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​នោះ​ត្រូវ​បាន​លោក មា មិត្ត ពុះ​លក់​ទៅ​ឲ្យ​តា​ហ៊ុយ រស់នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ចំនួន​៣០​ហិ​កតា​ទៅ​ហើយ​ដែរ ។

ការ​ទម្លាយ​រឿងអាស្រូវ​នេះ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​លោក មា មិត្ត បណ្តេញ​គ្រួសារ​គាត់​(​ផូ ផល​) រួម​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៤១​គ្រួសារ​ទៀត​ដែល​រស់នៅ​លើ​ដី​នោះ ដើម្បី​អាស្រ័យ​ផល​ដោយ​មាន​កិច្ចសន្យា​សុំ​ជួល​ដីចម្ការ​រយៈពេល​៣​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៤ រហូត​ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ ។ ប៉ុន្តែ​ការ​អាស្រ័យ​ផល​នោះ ទើបបាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ក៏​ត្រូវ​បណ្តេញចេញ  ដោយ​លោក មា មិត្ត ចោទ​ពលរដ្ឋ​ទាំង​៤២​គ្រួសារ​ថា​រំលោភ​យក​ដី​របស់​គាត់​ទាំង​មិន​ទាន់​បញ្ចប់​កិច្ចសន្យា ព្រមទាំង​គំរាម​ថា ប្រសិនបើ​មិន​ចេញ​នឹង​យក​កម្លាំង​ប៉េ​អឹ​ម​២​ឡាន​មក​វៃ​៉​ខ្នោះ​ដាក់គុក​ទាំងអស់ ដែល​ការ​និយាយ​នេះ មើល​តែ​ប៉េ​អឹ​ម​ទាំងនោះ​ជា​កញ្ជះ​របស់​ខ្លួន ។

លោក ផូ ផល បន្ត​ថា ក្រោយ​ការ​គំរាមកំហែង​ចាប់ចង​នោះ មាន​ពលរដ្ឋ​ចំនួន​៤១​គ្រួសារ​បាន​រត់​ភៀសខ្លួន​ទៅ​ភូមិកំណើត​វិញ នៅ​សល់​តែ​គ្រួសារ​គាត់​មួយ​ប៉ុណ្ណោះ ដែល​កំពុង​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ។ ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន​ព្រៃម្លូ​យក​ដី​ភ្នំ​ធ្វើ​កម្មសិទ្ធិ រហូត​មានការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាប់​រាន​រំលាយ​ព្រៃ​ភ្នំ​ពុះ​ជា​ឡូត៍​កាន់កាប់​ស្របច្បាប់​យ៉ាងណា​នោះ​ទេ ទើប​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ធ្វើការ​វាស់វែង​ផ្តល់​សិទ្ធិ​ស្របច្បាប់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​។ ប៉ុន្តែ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​របស់​ភូមិបាល ដី​ភ្នំ​គេ​ទទួលស្គាល់​ទៅ​តាម​ភូមិសាស្ត្រ ។

ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​បញ្ជាក់​ខណៈ​ចុះ​ទៅ​ពិនិត្យ​ស្ថា​ភាព​កាប់​ទន្ទ្រានព្រៃ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ថា ការ​ចោទប្រកាន់​លើ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​នោះ​ជា​រឿង​មិន​ពិត និង​ជា​រឿង​បរិហារកេរ្តិ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​អ្នកចោទ​ប្រកាន់​នោះ​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់ ។ ឯ​ចំពោះ​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​នោះ នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ដោយ​មិន​មានការ​លើកលែង​ឡើយ ។

លោក យក់ ម៉ៅ មេ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ដែរ​ថា ផ្ទៃដី​របស់​លោក មា មិត្ត មាន​ជាង​២០០​ហិ​កតា​នៅ​ភ្នំ​ម្លូ​នោះ ។ ទាក់ទង​នឹង​ករណី​នេះ លោក មា មិត្ត បាន​យក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មក​បង្ហាញ​អំពី​ភាព​ស្អាតស្អំ​របស់​គាត់​ថា ផ្ទៃដី​ដែល​គាត់​មាននៅ​ភ្នំ​ម្លូ​នោះ​មាន​តែ​ចំនួន​៧​ហិ​កតា​ប៉ុណ្ណោះ ក្រៅពី​នេះ​ជា​ដី​របស់​កូន​មួយ​ចំនួន ។

លោក លី ឧសភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ថ្លែង​ថា លោក​ទទួលស្គាល់​លើ​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្របច្បាប់​ចំនួន​៦​ក្បាលដី បន្ទាប់​ពី​មន្ត្រី​របស់​លោក​ធ្វើការ​វាស់វែង​ក្រោម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​។​ចំណែក​ផ្ទៃដី​ដែល​កាប់​ទន្ទ្រាន​ក្រោយ​បទបញ្ជា​លេខ​០១ គឺ​មិន​មានការ​ទទួលស្គាល់​ឡើយ​ហើយ​ផ្ទៃដី​កាប់​រាន​ក្រោយ​បទបញ្ជា​លេខ​០១​នោះ អាជ្ញាធរ​ខេត្ត​នឹង​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ​បើ​ពិនិត្យ​ទៅ​ឃើញ​ថា​ខុសច្បាប់ ។

រីឯ​ការ​ចោទប្រកាន់​ថា មន្ត្រី​របស់​លោក​ចំនួន​២​នាក់ រួមគំនិត​វាស់វែង​ដី​លួចលាក់​នោះ គឺ​មិន​ពិត​ឡើយ ព្រោះ​ការ​ចុះ​វាស់វែង​ក្បាល​ដី​ គឺ​មាន​បទបញ្ជា​ពី​រាជរដ្ឋាភិបាល​រួម​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ៕