ក្រសួងយុត្តិធម៌​គ្រោង​បង្កើត​សាលាឧទ្ធរណ៍​នៅ​ខេត្តបាត់ដំបង ត្បូងឃ្មុំ និង​ព្រះសីហនុ​

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌​គ្រោង​បង្កើត​សាលាឧទ្ធរណ៍​ចំនួន​៣​បន្ថែមទៀត នៅក្នុង​ខេត្ត​ត្បួ​ង​ឃ្មុំ បាត់ដំបង និង ខេត្ត​ព្រះសីហនុ​។ បើតាម​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្រសួង​កំពុង​សិក្សា​លម្អិត​ពី​បញ្ហា​នេះ ដើម្បី​ធ្វើ​ឲ្យ​គម្រោងការ​នេះ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ប្រាប់​សារពត៌មាន​ថ្មីៗ​ថា ក្រសួងយុត្តិធម៌​គ្រោង​បង្កើត​សាលាឧទ្ធរណ៍​ចំនួន​៣​បន្ថែមទៀត​នៅក្នុង​ខេត្ត​ចំនួន​៣ រួមមាន នៅ​ខេត្ត​ត្បួ​ង​ឃ្មុំ បាត់ដំបង និង ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​លោក មិនអាច​បញ្ជាក់បាន​ពី​ពេលវេលា​ពិតប្រាកដ​នៃ​ការចាប់ផ្តើម​គម្រោង​នេះ​បាន​នោះទេ ព្រោះ​វា​ស្ថិតក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួងយុត្តិធម៌​នៅឡើយ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ក្រសួង​មាន​គម្រោង​នឹង​បង្កើត​សាលាឧទ្ធរណ៍​យ៉ាង​ហើ​ច​ក៏បាន​១​បន្ថែមទៀត​ដែរ ក្នុង​អាណត្តិ​ទី​៥​នេះ​។

​លោក ជិន ម៉ា​លីន បញ្ជាក់ថា គោលបំណង​នៃ​ការបង្កើត​សាលាឧទ្ធរណ៍​បន្ថែមទៀត គឺ​ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​នេះ​ឲ្យ​ជិត​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​អាច​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ដោយ​មិនចាំបាច់​អញ្ជើញ​មក​រាជធានី​ភ្នំពេញ​។ លោក បន្ថែមទៀតថា ការបង្កើត​សាលាឧទ្ធរណ៍​បន្ថែម​នេះ អាច​បញ្ចៀស​បាន​នូវ​ការកកស្ទះ​សំណុំរឿង​ក្តី​ទៀតផង​។​

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្ពុ​ជាមាន​សាលាឧទ្ធរណ៍​តែ​១​ប៉ុណ្ណោះ គឺ​នៅក្នុង​រាជធានី​ភ្នំពេញ ។ ដោយសារ​សាលាឧទ្ធរណ៍​មានតែ​១​នេះ បាន​នាំ​ឲ្យ​មានការ​កកស្ទះ​សំណុំរឿង ការយឺតយ៉ាវ​ផ្នែក​នីតិវិធី និង​ការខាតបង់​ពេលវេលា និង​ថវិកា​របស់​ប្រជាពលរដ្ឋ​ដែលមាន​រឿងក្តី​។

​បើតាម​លោក ជិន ម៉ា​លីន សាលាឧទ្ធរណ៍​ដែលមាន​សព្វថ្ងៃនេះ ក៏​អាច​នឹងត្រូវ​ប្តូរ​ទីតាំង​ថ្មី​ផងដែរ​។ តែ​ការប្តូរ​ទីតាំង​នេះ គឺ​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ដដែល​នោះទេ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​