ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក លូ គឹមឈន់

រឿងរ៉ាវ​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ចាក់ដី​លុប​ឆ្នេរសមុទ្រ​និង​លុប​ព្រៃ​លិច​ទឹក​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ រិះគន់​យ៉ាង​ខ្លាំងក្លា​។ ដោយសារ​មានការ​រិះគន់​ខ្លាំងពេក​ទើប​ថ្មីៗ​កន្លងទៅនេះ លោក លូ គឹមឈន់ បាន​បញ្ជា​ឲ្យ​មេការ​របស់ខ្លួន​កាយ​អាចម៍ដី​ចេញពី​តំបន់ឆ្នេរ​សមុទ្រ​វិញ នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។ ទោះជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក លូ គឹមឈន់ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត​ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា សកម្មភាព​លោក លូ គឹមឈន់ ចាក់ដី​រំលោភ​យក​ឆ្នេរសមុទ្រ​និង​ចាក់ដី​លុប​ព្រៃកោងកាង​ដែលជា​ព្រៃ​លិច​ទឹក​នោះ គឺជា​អំពើ​ខុសច្បាប់​ព្រោះ​ពុំមាន​ការអនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ទីរជំនាញ​ឡើយ​។ ដូច្នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក លូ គឹមឈន់ បើទោះបី​លោក លូ គឹមឈន់ មានអំណាច​ខ្លាំង​ជាន់​ផ្អៀង​ដី​ខេត្ត​ព្រះសីហនុ​យ៉ាងណាក៏ដោយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ទង្វើ​របស់លោក លូ គឹមឈន់ កន្លងមក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ឆ្នេរសមុទ្រ​និង​ព្រៃកោងកាង​ដែលជា​ជម្រក​ត្រី ក្ដាម បង្គា ពង​កូន​បន្ត​ពូជ​។

មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា គួរ​ដល់ពេល​ដែល​លោក យន្ត មីន និង​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី ចាត់វិធានការ​ដើម្បី​ការពារ​តំបន់ឆ្នេរ​និង​ព្រៃកោងកាង​កុំ​ឲ្យ​អ្នកមានអំណាច អ្នកមាន​លុយ រំលោភបំពាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​អនាធិបតេយ្យ​បន្តទៀត​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ឆ្នេរសមុទ្រ​និង​ព្រៃកោងកាង​លិច​ទឹក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​ជា​បន្តបន្ទាប់​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​អ្នកមាន​លុយ អ្នកមានអំណាច ដូចជា​លោក លូ គឹមឈន់ ទោះបី​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាងណាក៏ដោយ ក៏​គេច​ផុតពី​ការផ្ដន្ទាទោស​ជា​រៀងរហូត ហេតុនេះហើយ​ទើប​ពួកគេ​មិន​ខ្លាច​ច្បាប់​៕

L-1លោក លូ កឹមយន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ 67ca79dd-8336-4b0e-8774-2655e1587127