ប្រជាពលរដ្ឋ​នៅ​ស្រុក​អណ្ដូង​មាស ព្រួយបារម្ភ​ខ្លាច​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់​ក្លាយទៅជា​អាជីវកម្ម​រ៉ែ​មាស​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី លោក ហ៊ុន ប៊ុន​ថា​ន ព្រមទាំង​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ពិនិត្យឡើងវិញ​ចំពោះ​គម្រោង​អាជីវកម្ម​ការដ្ឋាន​ខ្សាច់​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ជាច្រើនរូប​បាន​ឲ្យ​ដឹងថា ការដ្ឋាន​រ៉ែ​ខ្សាច់​នោះ​អាច​ក្លាយទៅជា​ការដ្ឋាន​រ៉ែ​មាស ព្រោះ​ពួកគាត់​បានឃើញ​ឧបករណ៍​រាវរក​រ៉ែ​មាស​នៅក្នុង​ការដ្ឋាន​នោះ កាលពីពេល​កន្លងមក​។ ការដ្ឋាន​នោះ​គឺជា​គម្រោង​របស់​ក្រុមហ៊ុន​ឈ្មោះ ឆៃ លី​ហ៊ាង នៅ​ចំណុច​កោះ​ខ្យង ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភូមិ​ដាល បាន​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​ឧបករណ៍​រាវរក​រ៉ែ​មាស​នៅក្នុង​ទីតាំង​ក្រុមហ៊ុន​នោះ ហើយ​ពួកគាត់​វាយតម្លៃថា ក្រុមហ៊ុន​អាចធ្វើ​អាជីវកម្ម​រ៉ែ​មាស​មិនមែន​ធ្វើ​អាជីវកម្ម​ខ្សាច់​ដូច​គម្រោង​ឡើយ​។ អ្នកភូមិ​បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមហ៊ុន​បាន​ទិញ​ទឹកចិត្ត​ពួកគាត់​ដោយ​ឲ្យ​អាជ្ញាធរ​ឃុំ ហៅ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​លើ​វាល​ខ្សាច់​កោះ​ខ្យង ប៉ុន្តែ​អ្នកភូមិ​មិនបាន​ចូលរួម​ឡើយ ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ផែនការ​ច្បាស់លាស់​ក្នុង​ធ្វើ​អាជីវកម្ម​ខ្សាច់​។ ទន្ទឹមនឹងនេះ​អភិបាល​ស្ដីទី​ស្រុក​អណ្ដូង​មាស លោក ផាត់ សម្បត្តិ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នោះ​មិនទាន់មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នៅឡើយ​ទេ​។

​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​ធនធានធម្មជាតិ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បើ​ក្រុមហ៊ុន​នោះ​សុំច្បាប់​ធ្វើ​អាជីវកម្ម​ខ្សាច់ ប៉ុន្តែ​បែរជា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស គឺ​ប្រជាពលរដ្ឋ​អាច​ប្ដឹងទៅ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​ការបង្ក្រាប​បទល្មើស​បំផ្លាញ​រ៉ែ​មាស​រ៉ែ​ត្បូង​នាពេល​កន្លងមក​ពុំមាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ចំពោះ​គម្រោង​អាជីវកម្ម​ខ្សាច់​នៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ក្លាយទៅជា​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​៕

b4da243b-d118-4481-840d-a18a893d21b3លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល