បុកហើយបុកទៀត របួស​ធ្ងន់ ២ នាក់​

Doliprane TVC

​កំពង់ឆ្នាំង : យុវជន ២ នាក់​បាន​រងរបួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី​ផ្ទួនគ្នា ខណៈ​ជិះ​ម៉ូតូ​បុក​រថយន្ត​ផ្សេងគ្នា នៅលើ​ទីតាំង​តែមួយ ។  ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ម្សិលមិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ចំណុច ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​    ​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ដែល​ចុះ​ដល់​កន្លែងកើតហេតុ បាន​និយាយ​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ យា អាយុប្រមាណ ២៥ ឆ្នាំ មុខរបរ​ជា​ជាងផ្សារដែក មាន​ទីលំនៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង​តាម​ផ្លូវជាតិ​លេខ ៥ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M.8240  បើកបរ​ស្រប​ទិស​គ្នា បាន​បត់​ឆ្វេង​កាត់មុខ​បណ្តាលឱ្យ​ម៉ូតូ​បុក​រថយន្ត​នោះ​ពេញទំហឹង ធ្វើឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ឯ​ម៉ូតូ និង រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា ហើយ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​ទុកចោល​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

បុកហើយបុកទៀត របួស​ធ្ងន់ ២ នាក់​

សមត្ថកិច្ច​បាន​បន្ត​ឱ្យដឹងទៀតថា​ នៅពេលដែល​សមត្ថកិច្ច​កំពុងតែធ្វើការ​វាស់វែង​នៅ​កន្លែង​គ្រោះថ្នាក់ និង កំពុងមាន​មនុស្ស​ចោមរោម​មើល​អ៊ូអរ​ផង​នោះ​ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ចាស់ ព​.0925 ភព​.2 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​ដដែល​ពេលមកដល់​ចំណុចកើតហេតុ  ស្រាប់​តែមាន​ម៉ូតូ​ម៉ួ​យ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D.3620 បើកបរ​ដោយ​ឈ្មោះ ខែម សុខា អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​បើក​យ៉ាង​លឿន​ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង​បញ្ច្រាសទិស​គ្នា​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ពេញទំហឹង បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​ជាង ១ គីឡូម៉ែត្រ​ទើប​ឈប់ ហើយ​បាន​ចុះ​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​លើផ្លូវ​ជាតិ​ដូចគ្នា​។

បុកហើយបុកទៀត របួស​ធ្ងន់ ២ នាក់​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២ នាក់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​រថយន្ត និង ម៉ូតូ​ទាំង ២ គ្រឿង​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី ៕

(​សុ​ក្ខា​រិ​ន​) ​គំ​ពង់​ឆ្នាំង​ថ្ងៃទី​១៥​ កុ​ម្ភៈ ​២០១៦​