ឡុ​ច​ស៊ិ​សមុក​ម៉ូតូ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​នារី​បងប្អូន​បាក់ជើង​ស្តាំ​ទាំងពីរ​នាក់

​ខេត្ត​ព្រះសីហនុ​៖ យុវនារី​២​នាក់​បងប្អូន​បង្កើត បាន​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ​ទាំងពីរ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវបាន​រថយន្ត​ឡិច​ស៊ិ​ស​RX300 បញ្ច្រាសទិស​គ្នា​បោះពួយ​មក​បុក ចំ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី​យប់​ថ្ងៃទី នៅ​ចំណុច​ស្រះ​ក្រពើ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បន្ទាប់ពី​បង្ក​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ទៅដល់​លំនៅដ្ឋាន​ចុះ​ពីលើ​រថយន្ត​រត់​ចូលទៅ​សម្ងំ​ក្នុងផ្ទះ​។​

​នគរបាល​ចរាចរណ៍​ក្រុង​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោកសៅ​នេះ​បង្ក ឡើង​ដោយ​រថយន្ត ម៉ាក​ឡិច​ស៊ិ​ស RX300 ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ប្រាក់ ឌី​ម៉​ង់ ភេទ ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​០៣ ពាក់​ស្លាក​លេខ ព្រះសីហនុ ២ A-៥៦៨០ បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ បញ្ច្រាសទិស​គ្នា មួយគ្រឿង ម៉ាកវ៉េវ ពណ៌​ខ្មៅ​ជិះ​ដោយ​នារី​២​នាក់ បើកបរ​ដោយ​ឈ្មោះ ហង្ស វណ្ណ​លីដា ភេទ​ស្រី​អាយុ​២៥ មានមុខរ​បរជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ឃ្លាំង​លើ រួម​តំណើរ​ជាមួយ​ប្អូនស្រី​ឈ្មោះ​ហង្ស ស្រី​មាស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ រងរបួស​បាក់ជើង​ស្តាំ​ទាំងពីរ​នាក់​បងប្អូន​។​

​ដោយឡែក​យោងតាម​ប្រភពពី​យុវនារី​ឈ្មោះ ហង្ស វណ្ណ​លីដា បាន​និយាយថា នៅ​មុនពេល​កើតហេតុ បន្ទាប់ពី​រូបនាង និង ប្អូនស្រី រៀបចំ​ឥ​វ៉ាន​រួច រូបនាង​បាន​ឌុប​ប្អូនស្រី​មក​ផ្ទះ ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ មាន​រថយន្ត​មួយគ្រឿង បាន​បើក​រេ​មក​បុក​ម៉ូតូ​នាង​ទាំង​កំរោល បើទោះបីជា​នាង​ព្យាយាម​បើក​គេច​យ៉ាងណាក៏ដោយ​។​

សូមបញ្ជាក់​ផងដែរ​ថា រថយន្ត​បង្ក​បន្ទាប់ពី​បើក​បុក​ម៉ូតូ​ស្ត្រី​រងគ្រោះ​ហើយ​បាន​ព្យាយាម​បើក គេចខ្លួន​សំដៅ​ចូល​ផ្ទះ ដោយបាន​ទុក​រថយន្ត​នៅ​ខាងក្រៅ​ផ្ទះ ហើយ​បាន​ទៅសម្ងំ​ក្នុងផ្ទះ ពុំ​ចេញមក​ធ្វើការ​ដោះស្រាយ​នោះទេ រហូត​ព្រឹក​ឡើង​ទើប​អោយ​តំណាង​មក​ដោះស្រាយ​៕ សមុទ្រ​ខៀវ​

KA-16-02-2016-01 KA-16-02-2016-02 KA-16-02-2016-03 KA-16-02-2016-04 KA-16-02-2016-05