អ្នកពុលនំបញ្ចុក ៩៣នាក់ នៅត្រាំកក់ ស្ថានភាពប្រសើរវិញហើយ ៥០នាក់ បានចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះ

តាកែវ៖ អភិបាលស្រុកត្រំាកក់ លោក តឹក តុងលីន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថា អ្នកភូមិដែលពុលនំបញ្ចុកចំនួន ៩៣នាក់ ស្ថានភាពសុខភាពបានប្រសើរវិញហើយ ក្នុងនោះអ្នកភូមិ ៥០នាក់ បានត្រឡប់ទៅផ្ទះវិញ ឯ៤៣នាក់ទៀត និងចាកចេញពីមន្ទីរពេទ្យបង្អែកទៅផ្ទះ នៅរសៀលនេះ។

លោក តឹក តុងលីន បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ អ្នកភូមិចំនួន ៥០នាក់ បានត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា ហើយអ្នកភូមិ ៤៣នាក់ទៀត ក៏បានជាសះស្បើយអស់ហើយដែរ ប៉ុន្តែគ្រូពេទ្យឲ្យសម្រាកមួយព្រឹកទៀត មុននិងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

លោកអភិបាលស្រុកត្រំាកក់ បានបន្ថែមថា អ្នកពុលនំបញ្ចុកទំាងអស់មានចំនួន ៦ភូមិ ស្ថិតនៅក្នុងឃុំជាងទង និងឃុំត្រពំាងធំខាងជើង ខណៈដែលអ្នកភូមិបានរៀបចំពិធីមន្តលោកឆាន់ នៅក្នុងភូមិចំនួនពីរ ហើយបានអញ្ជើញអ្នកភូមិទាំងនោះមកពិសារនំបញ្ចុកជុំគ្នា ជាតាមទម្លាប់ក្នុងភូមិរបស់ខ្លួន។

លោក តឹក តុងលីន ថា "នំបញ្ចុកដែលប្រជាពលរដ្ឋគាត់ទទួលទាន ក្នុងកម្មវិធីទំាងពីរ នេះមានចំនួនទំាងអស់ ៥០គីឡូក្រាម មុននិងរៀបចំពិធីនេះ អ្នកភូមិបានយកអង្ករ ទៅឲ្យអ្នកធ្វើនំបញ្ចុក ដើម្បីធ្វើនំ យកមកកម្មវិធីនេះ ពេលពួកគាត់ពិសារភ្លាមនោះមិនអីទេ រហូតដល់ព្រឹកថ្ងៃទី១៦ ទើបអ្នកភូមិចាប់ផ្តើមមានអាការៈពុល រាលដាលពេញភូមិតែម្តង"។

ពាក់ព័ន្ធនិងករណីនេះ បើតាមការសន្និដ្ឋានជំហានដំបូង របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញថា ការពុលនំបញ្ចុកនេះ អាចបណ្តាលមកពីកង្វះអនាម័យ ច្រើនជាង ពោលបណ្តាលមកពីទឹកមិនស្អាតតែម្តង មិនមែនមានជាតិគីរីអ្វីផ្សេងលាយលំនោះទេ ព្រោះថា បើតាមការបញ្ជាក់របស់អ្នកធ្វើនំថា គាត់បានធ្វើនំបញ្ចុកនេះ រយៈពេលជាង ៧ឆ្នាំមកហើយ មិនដែរមានបញ្ហាអ្វីកើតឡើងនោះទេ ប៉ុន្តែស្រាប់តែពេលនេះ មានរឿងពុលនេះកើតឡើង មិនដឹងមូលហេតុអ្វីនោះទេ។

យ៉ាងណាក៏ដោយ លោកអភិបាលស្រុកត្រំាកក់ តឹក តុងលីន បានសម្តែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរបង្អែកអង្គរកា ដែលបានខិតខំជួយព្យាបាល និងជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈទទួលដំណឹង បានចុះទៅដល់ភូមិភ្លាមៗ ដើម្បីដឹក បញ្ជូនអ្នកភូមិទំាងអស់មកកាន់មន្ទីរពេទ្យ ព្យាបាលរហូតដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ បានល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋក្នុងភូមិចំនួន៦ នៃឃុំជាងទង និងឃុំត្រពាំងធំខាងជើង បានទទួលទាននំបញ្ចុក ខណៈពួកគាត់បានចូលរួមក្នុងពិធី មន្តលោកឆាន់ ក្នុងភូមិចំនួនពីរ ក្រោយពីបញ្ចប់កម្មវិធី អ្នកភូមិទំាងអស់ក៏បានត្រឡប់មកផ្ទះវិញ សម្រាក់រៀងៗខ្លួន លុះដល់ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ស្រាប់តែអ្នកភូមិចាប់ផ្តើមមានអាការៈមិនស្រួល ពុលចំណីអាហារ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យចំនួន៩៣ នាក់ ក្នុងមានពីរនាក់ ពុលធ្ងន់ធ្ងរជាងគេ ជាចាស់ជរា មានវ័យប្រមាណ ៧០ឆ្នាំ ប៉ុន្តែរហូតមកទល់ថ្ងៃទី១៧ ខែកុម្ភៈ សុខភាព របស់អ្នកភូមិទំាងអស់ បានប្រសើវិញគ្រប់គ្នាហើយ។

ដោយឡែកចំពោះការសន្និដ្ឋាន ករណីពុលនំបញ្ចុកនេះ នៅមិនទាន់បញ្ជាក់ជាផ្លូវការនោះទេ ពោលគឺរង់ចំា ការធ្វើពិសោធន៍ នៅវិទ្យាស្ថាន ប៉ាស្ទ័រនារាជធានីភ្នំពេញ សិន ដើម្បីដឹងថា តើជាករណីពុលនំបញ្ចុក ឬក៏កង្វះអនាម័យក្នុងការធ្វើនំបញ្ចុក៕

អ្នកពុលនំបញ្ចុក ៩៣នាក់ នៅត្រាំកក់ ស្ថានភាពប្រសើរវិញហើយ ៥០នាក់ បានចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះ

អ្នកពុលនំបញ្ចុក ៩៣នាក់ នៅត្រាំកក់ ស្ថានភាពប្រសើរវិញហើយ ៥០នាក់ បានចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះ