ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ការ​ថត​ខ្សែភាពយន្ត​រង់ចាំ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ដោះស្រាយ​សំណង

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ការ​ថត​ខ្សែភាពយន្ត​រង់ចាំ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ដោះស្រាយ​សំណង

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង​សា​ជា​ថ្មី​មាន​រយៈពេល​ជិត​១​ស​ប្ដា​ហ៍ តាម​រយៈ​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​របស់​ក្រុមហ៊ុន​«​ហូ​លី​វូ​ដ​» ក្រោម​ចំណងជើង «​ដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» ដែល​ទើប​បញ្ចប់​ទៅ​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បាន​បន្សល់​ទុក​នូវ​ភាព​ចម្រូងចម្រាស​មួយ​ចំនួន ដែល​អាជ្ញាធរ​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នូវ​សំណង​ដែល​រង​ផល​ប៉ះពាល់ដោយសារ​សង្គ្រាម​សិប្ប​និ​មិ្ម​ត​នេះ​ប្រកបដោយ​តម្លាភាព ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រង់ចាំ​ដំណោះស្រាយ​នេះ​យ៉ាង​អន្ទះសា ។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ការ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​នេះ បាន​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​សម្រប​ស​ម្រូ​ល​អំពី​ប្រាក់​សំណង​។ ម្ចាស់ផ្ទះ​បើក​អាជីវកម្ម​លក់ទំនិញ​ភាគច្រើន បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ថា មុន​ថ្ងៃ​រៀបចំ​ថត​ខ្សែភាពយន្ត មន្ត្រី​មូលដ្ឋាន​ដែល​មាន​ទាំង​មន្ត្រី​សាលាក្រុង​បាត់ដំបង​ផង បាន​ចុះ​ទៅ​សម្រប​ស​ម្រូ​ល​ជាមួយ​ម្ចាស់​លំនៅ​ឋាន​នៅ​កន្លែង​រៀបចំ​ថត​ភាពយន្ត​ឱ្យ​បិទទ្វារ​ផ្ទះ​ផ្អាក​លក់ដូរ​ជា​បណ្ដោះអាសន្ន​មួយ​រយៈ ដើម្បី​យក​ទីតាំង​រៀបចំ​កន្លែង​ថត ។

អាជ្ញាធរ​បាន​ប្រាប់​ថា សាលាក្រុង​នឹង​ចេញ​សំណង​ពី​ផល​ប៉ះពាល់​ទាំងនោះ​ក្រោយ​បញ្ចប់​ការ​ថត  តែ​មិន​បាន​ពន្យល់​លម្អិត​អំពី​ប្រាក់​សំណង​នោះ​ទេ បើ​ទោះបីជា​ម្ចាស់ផ្ទះ​ព្យាយាម​សួរនាំ​ក្ដី ។ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ស្រាប់តែ​ខាង​ក្រុមការងារ​ថត​ខ្សែភាពយន្ត​ចាប់ផ្ដើម​រើ​ទម្លាក់​ស្លាក​យីហោ​នានា ហើយ​គេ​លើក​ស្លាក​ថ្មី និង​បញ្ជា​ឱ្យ​ម្ចាស់ផ្ទះ​ចាកចេញ ឬ​បិទទ្វារ​ផ្ទះ​តែ​ម្ដង​។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា ការ​រៀបចំ​ទីតាំង​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដើម្បី​ថត​ខ្សែភាពយន្ត​ខាងលើ​នេះ គឺ​អាជ្ញាធរ​ក្រុង​ហាក់​មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទេ គឺ​ហាក់​មាន​ភាព​លាក់លៀម​នូវ​ព័ត៌មាន​ខ្លះ​ៗ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ទីតាំង​ដែល​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​«​ហូ​លី​វូ​ដ​» រៀបចំ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ គឺ​ធ្វើ​ឡើង​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ជា​ពិសេស​នៅ​ម្ដុំ​រោង​ភាពយន្ត​បាត់ដំបង រោង​ភាពយន្ត​ប្រាសាទ​មាស និង​សាលា​បឋម​សិក្សា​២​ធ្នូ ។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចងខ្សែ​បិទផ្លូវ​ទាំងស្រុង ចាប់ពី​កំណាត់​ផ្លូវ​លេខ​១​កន្លះ ផ្លូវ​លេខ​២ និង​លេខ​២​កន្លះ ម្ដុំ​អាហារ​ដ្ឋា​ន​កុលាប​ស រហូត​ទៅ​ទល់​នឹង​របង​សារមន្ទីរ​ខេត្ត ដែល​ហ៊ុម​ព័ទ្ធ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រាប់រយ​ល្វែង​នៅ​តំបន់​នោះ ដែល​ជា​តំបន់​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ ។

ខ្សែភាពយន្ត​ខ្នាត​ធំ​នេះ បាន​ចំណាយពេល​ថត​នៅ​ក្នុង​ក្រុង​បាត់ដំបង​ជិត​មួ​យស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ។ ក្នុងអំឡុងពេល​ថត ដែល​មាន​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ចូលរួម​សម្ដែង​ផង សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងតែង មិន​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​ចេញ​ឬ​ចូល​ក្នុងផ្ទះ​ពេល​ថ្ងៃ​ទេ លុះ​សកម្មភាព​ថត​ត្រូវ​បាន​ផ្អាក ទើប​ម្ចាស់ផ្ទះ​អាច​បើកទ្វារ​ចេញចូល​ផ្ទះ​បាន ។

ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​លក់ដូរ​ធំ​ៗ​នៅ​តាម​ផ្លូវ​លេខ​២​ឬ​កន្លែង​ដទៃ​ទៀត បាន​ផ្ទុះ​ប្រតិកម្ម​តាំងពី​ចាប់ផ្ដើម​ថត​ដំបូង ចំពោះ​ការ​បិទផ្លូវ​របស់​សមត្ថកិច្ច ដែល​អតិថិជន​មិន​អាច​ចូល​ទិញ​ទំនិញ​ពួក​គាត់​បាន ។ ពួក​គាត់​និយាយ​ថា សកម្មភាព​ថត​ខ្សែភាពយន្ត​ខ្នាត​អន្តរជាតិ​នេះ បាន​ជួយ​លើក​ស្ទួយ​មុខមាត់​ខេត្តបាត់ដំបង​សម្បើម​ណាស់ ហើយ​ពួក​គាត់​ក៏​ត្រេកអរ​ក្នុង​ការ​ចូលរួម​ដែរ តែ​អាជ្ញាធរ​ហាក់​មិន​បាន​និយាយ​ប្រាប់​ពួក​គាត់​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការ​បិទផ្លូវ និង​អំពី​ការ​បង់​សំណង​លើ​ផល​ប៉ះពាល់​ដល់​ពួក​គាត់​ទេ ។ ពួក​គាត់​បាន​លេចឮ​នូវ​ព័ត៌មាន​នានា​ថា ខាង​ក្រុមហ៊ុន​ថត​ភាពយន្ត គេ​ព្រម​សង​សំណង​ទាំងអស់​អំពី​ការ​ខាតបង់​ពេលវេលា នៃ​ការ​ប្រកប​របរ​លក់ដូរ តែ​អាជ្ញាធរ​បែរជា​ព្យាយាម​បិទ​បាំង​ទៅ​វិញ ។

ក្រោយ​ពី​ប្រជាពលរដ្ឋ​ចង់​ផ្ទុះ​ប្រតិកម្ម​អំពី​បញ្ហា​នេះ អាជ្ញាធរ​ក្រុង​-​ខេត្ត និង​តំណាង​ក្រុម​អ្នក​ថត​ខ្សែភាពយន្ត ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ផង បាន​ធ្វើការ​ប្រជុំ​ពិភាក្សា​រឿង​នេះ​ភ្លាម​ៗ​ដែរ ដើម្បី​ពន្យល់​ដល់​ពួក​គាត់ ។ អាជ្ញាធរ​បាន​ពន្យល់​ថា ការ​បង់​សំណង​ផល​ប៉ះពាល់​ពិតជា​មាន​មែន ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ប្រាប់​ថា តើ​ការ​ដោះស្រាយ​សំណង​នោះ​ត្រូវធ្វើ​ឡើង​ដោយ​របៀប​ណា​នោះ​ទេ ?

ដោយសារ​តែ​ការ​ប្រកាស​ផ្ដល់​សំណង​មិន​ច្បាស់លាស់​នេះ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ចេញ​មុខ​ពន្យល់​ឱ្យ​បាន​ច្បាស់លាស់​។ ពួក​គាត់​និយាយ​ថា ម្នាក់​ៗ បាន​ដើរ​សួ​រត​ៗ​គ្នា​អំពី​រឿង​សំណង​នេះ ថែម​ទាំង​បាន​ទាក់ទង សួរនាំ​ទៅ​លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​ដោយ​ផ្ទាល់​ទៀត​ផង នៅ​តែ​គ្មាន​ចម្លើយ​ដដែល រីឯ​អាជ្ញាធរ​ភូមិ​-​សង្កាត់ បាន​ត្រឹម​គ្រវីក្បាល ហើយ​រុញ​ឱ្យទៅ​សួរនាំ​អភិបាលក្រុង​ដដែល ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​មួយ​រូប​និយាយ​ថា ការ​ផ្ដល់​ប្រាក់​សំណង​ដល់​ម្ចាស់ផ្ទះ​នៅ​កន្លែង​រៀបចំ​ថត​ខ្សែភាពយន្ត​ខាងលើ​នេះ ទំនង​ចៀស​មិន​ផុត​ពី​ការ​កើត​មាន​«​បញ្ហា​» នោះ​ទេ ។ មន្ត្រី​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ​បន្ត​ថា តាម​ពិត​ប្រាក់​ដែល​ក្រុមហ៊ុន​ថត​ភាពយន្ត​បម្រុង​ឧបត្ថម្ភ​ដល់​ម្ចាស់ផ្ទះ​នានា​ដែល​រង​ផល​ប៉ះពាល់ គឺ​គេ​បាន​ប្រគល់​ជួន​សាលាក្រុង​រួច​ស្រេច​ហើយ តែ​ខាង​សាល​ស​ក្រុង​ទេ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បែងចែក​ប្រាក់​សំណង​នេះ នាំ​ឱ្យ​មានការ​បែកធ្លាយ​នូវ​ពាក្យ​ចាម​អា​រ៉ា​ម​នានា​រហូត​លេចឮ​ថា អាជ្ញាធរ​ក្រុង​កំពុង​រៀបចំ​ជ្រែ​លុយ​នោះ​ដើម្បី​កេង​ចំណេញ​ពីលើ​ប្រជាពលរដ្ឋ​ទៀត​ផង ។

ប្រភព​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​នេះ បាន​បើកប្រាក់​តម្លៃ​ខ្លួន​រួចរាល់​អស់ហើយ លើកលែងតែ​ម្ចាស់ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​រាប់រយ​ល្វែង​នោះ​ទេ ដែល​មិន​ទាន់​ដោះស្រាយ​ហើយ​ក៏​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា ។ ដូច្នេះ អាជ្ញាធរ​ក្រុង​គួរតែ​ព​ន្លឿ​ន​អំពី​បញ្ហា​នេះ ចៀសវាង​កុំឱ្យ​ពលរដ្ឋ​លើកគ្នា​ទៅ​សួរនាំ​ដល់​សាលាក្រុង​នាំ​ឱ្យ​ខ្មាស​គេ ជា​ពិសេស​ខ្មាស​ម្ចាស់​លុយ​ដែល​ជួយ​ឧបត្ថម្ភ ។ ម្យ៉ាង ចៀសវាង​ការ​បែកធ្លាយ​នូវ​ព័ត៌មាន​អាក្រក់​នានា នាំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ថ្នាក់ដឹកនាំ​ខេត្ត​ផង​ដែរ ។

គេហទំព័រយើង​​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​អភិបាលក្រុង​បាត់ដំបង​ផង​ដែរ តែ​មិន​អាច​ទាក់ទង​បាន​ឡើយ រីឯ​អ្នក​ទ​ទូល​ខុស​ត្រូវ​ខាង​ក្រុមហ៊ុន​ថត​ខ្សែភាពយន្ត ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ។

សូម​បញ្ជាក់​ថា រឿង​«​ដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» ដែល​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​«​ហូ​លី​វូ​ដ​» ដឹកនាំ​ថត​ដោយ​លោកស្រី អែន ចូ​លី​ណា នេះ ហាក់​បាន​រំឭក និង​បង្ហាញ​អំពី​ស្រមោល​អតីតកាល​ដ៏​ជូរ​ចត់​ពី​សង្គ្រាម​ផ្ទៃក្នុង​ដ៏​ពិតប្រាកដ​មួយ​នៅ​កម្ពុជា ដែល​បាន​ឆាបឆេះ​ឡើង​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០ ។ ប៉ុន្តែ​សង្គ្រាម​សិប្ប​និ​មិ្ម​ត​ដែល​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដែល​ទើប​បញ្ចប់​ទៅ​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ មិន​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ ឬ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ទេ ។

ផ្ទុយ​ទៅ​វិញ ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​មួយ​នេះ ហាក់​កំពុង​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​នៃ​ទីក្រុង​បេ​តិក​ភ័​ណ្ឌ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ហើយ​ថែម​ទាំង​បាន​ជួយ​លើកកម្ពស់​មុខមាត់​ខេត្តបាត់ដំបង​ទាំងមូល​ឱ្យ​កាន់តែ​ល្បីល្បាញ​នៅ​លើ​សកលលោក​ទៀត​ផង ។

ដូច្នេះ​រាល់​ដំណោះស្រាយ​ដែល​នៅ​សេសសល់​ក្រោយ​ពី​សង្គ្រាម​សិប្ប​និ​មិ្ម​ត​បាន​បញ្ចប់ អាជ្ញាធរ​គួរតែ​ព​ន្លឿ​ន​ឱ្យ​បាន​ឆាប់ និង​ប្រកបដោយ​តម្លាភាព ចៀសវាង​នូវ​ការ​រិះគន់​ពី​ម​ជ្ឍ​ដ្ឋា​ន​នានា ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ដែល​កើត​ចេញពី​ការ​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន ៕