​ឃុំខ្លួន​ជនសង្ស័យ ២​នាក់ ពីបទ​ប្រើ​អំពើហិង្សា​

បន្ទាយមានជ័យ: តុលាការខេត្ត​បន្ទាយមានជ័យ បានចេញ​ដីការ​ឃុំខ្លួន ជនសង្ស័យ​២​នាក់ ពីបទ​បង្ក​អំពើហិង្សា​លើ​អ្នកដទៃ​។
   
​បើតាម​ជនរងគ្រោះ ឈ្មោះ ធឹ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ថា​: ឈ្មោះ ហោ កា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ តុ​ប ផេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ពីបទ​ប្រើ​អំពើហិង្សា មកលើ​ខ្លួន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​
    
​បន្ទាប់ពី​មាន​បទល្មើស និង​បណ្តឹង​របស់​ជនរងគ្រោះ​ផង កម្លាំង​អាវុធហត្ថ បាន​ឃាត់ខ្លួន រួច​បញ្ជូនមក​អាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។
 
​លោក​វរៈសេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​: មុនពេល​កើតហេតុ នៅវេលា​ម៉ោង ៩ យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅផ្ទះ​លក់​គ្រឿងសំណង់ គង់ គឹម​ទី​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឺ​ក​ថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ និង​ជនបង្ក បាននាំគ្នា​ផឹកស៊ី ដោយមាន​គ្នា​ចំនួន​៥​នាក់ ក្នុងនោះ​មាន​មនុស្ស​ចាស់​ម្នាក់​ផង​។ ដោយសារតែ​រឿង ប្រើពាក្យ​សំដី​របស់ ជនសង្ស័យ និង​សំដី​តវ៉ា​របស់​ជនរងគ្រោះ កុំ​ឲ្យ​ប្រើពាក្យ​សំដី​អសុរ​ស ជនសង្ស័យ និង​បក្ខពួក​ម្នាក់ទៀត បាននាំគ្នា​ព្រួត​គ្នា វាយ​ទៅលើ​ជនរងគ្រោះ មិន​ឲ្យ​តដៃ​បាន ហើយ​ត្រូវរបួស​ពេញ​ខ្លួនប្រាណ ស្ទើរ​សន្លប់ នៅនឹងកន្លែង​កើតហេតុ​។ ម្ចាស់ផ្ទះ​បាន​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ដឹងខ្លួន ក៏​មក​ដាក់​ពាក្យបណ្តឹង នៅ​កងរាជអាវុធហត្ថ តែ​ជនល្មើស​គេចខ្លួនបាត់​អស់ហើយ កាល​ក្រោយ​កើតហេតុ​។​
   
​ថ្ងៃ​បន្ទាប់ លោក ម៉ែន ភិរម្យ បាន​ដឹកនាំ​អាវុធហត្ថ​មួយក្រុម ចុះ​ស្រាវជ្រាវ​ឈាន ដល់​ឃាត់ខ្លួន​ជនល្មើស បាន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ទឹកថ្លា​។​
    
​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ទាំង​២​នាក់ ពិតជា​បាន​វាយ​ទៅលើ​ជនរងគ្រោះ​មែន តែ​មកពី​ជនរងគ្រោះ វាយ​ទៅលើ​បក្ខពួក​ខ្លួន​មុន​ដែរ​។​

​អាវុធហត្ថ​បាន​កសាង​សុំ​ណុំ​រឿង បញ្ជូន​ជនសង្ស័យ​ទាំងពីរ ទៅ​តុលាការ ហើយ​តុលាការ ក៏​ពិនិត្យ ហើយ​សម្រេច​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ ពីបទ​បង្ក​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស​៕V/S