​មន្ត្រី​សុរិយោដី ឃាត់​ការសង់​ផ្ទះ​អត់​ប្លង់ដី អត់​ច្បាប់ ដោយ​ចរចា​ថ្លៃ​គ្នា​មិនត្រូវ​

បន្ទាយមានជ័យ: ប្រជាពលរដ្ឋ បាននាំគ្នា​ចំអក និង​រិះគន់​ដល់​មន្ត្រី​ភូមិបាល ក្រុង​ប៉ោយប៉ែត​ថា ដូច​ទើប​ភ្ញាក់ពីដេក ឬ​លេបថ្នាំ​ខុស​ទេ​ដឹង ដែល​នេះ​អាចជា​លើកដំបូង​ហើយ បាន​ចេញមក​ហាមឃាត់សំណង់​រឹងមាំ​ក្នុង​ក្រុង ដែល​គ្មាន​ប្លង់ដី និង​គ្មាន​ច្បាប់​សាងសង់​។​

​លោក​ប្រាក់ ប៉ូ​លីន អនុប្រធាន​ក្តាប់​រួម ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ក្រុង​ប៉ោយប៉ែត បាន​បញ្ជូន​មន្ត្រី ទៅ​ហាមឃាត់​សំណង់​របស់​ឈ្មោះ ឆ​យ អាយុ​ជាង​៥០​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត កាលពីពេល​ថ្មីៗ​នេះ​។​
   
​មកទល់​ថ្ងៃទី​១៧ កុម្ភ​: ឆ្នាំ​២០១៦ នេះ ឈ្មោះ​ឆ​យ​នេះ នៅ​មិនទាន់​ហ៊ាន​សាងសង់​សំណង់ផ្ទះ​ដ៏​ធំ កម្ពស់​៣​ជាន់​របស់ខ្លួន បន្ត​នោះទេ​។​
    
​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃមុន​នេះ លោក ប្រាក់ ប៉ូ​លីន បាន​ប្រើ​មន្ត្រី​ខ្លួន ចុះទៅ​ហាមឃាត់​សំណង់​ផ្ទះថ្ម​៣​ជាន់ របស់​ឈ្មោះ ឆ​យ នេះ ដោយ​ថា ដី​ក៏​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ (​ប្លង់រឹង​) ហើយ​សំណង់ ក៏​គ្មាន​ច្បាប់​, ការសាងសង់ ក៏​អត់​សុំច្បាប់​បើក​ការដ្ឋាន​។​
     
​ម្ចាស់​សំណង់​នេះ បាន​ប្រាប់​សារព័ត៌មាន​ថា ដី និង​សំណង់​ខ្លួន​អត់​ច្បាប់​មែន តែ​បាន​សុំ​ជជែក​បង់លុយ អោយ​អនុប្រធាន​ក្តាប់​រួម និង​មន្ត្រី​ភូមិបាល​ក្រុង​ដែរ តែ​ខុស​ថ្លៃ​គ្នា ទើប​មន្ត្រី​ចុះមក​ហាមឃាត់ មិន​ឲ្យ​សាងសង់​សំណង់ ដែល​សង់​បាន​យ៉ាងច្រើន​ហើយ​នេះ​។​
    
​ប៉ុន្តែ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​សំណង់​នោះ និង​នៅ​ក្រុង​ប៉ោយប៉ែត​ទាំងមូល បាន​ចំអក និង​រិះគន់​ខ្លាំង ដល់​មន្ត្រី​ភូមិបាល​ក្រុង និង​អាជ្ញាធរ​ដែនដី​ក្រុង និង​សង្កាត់​ថា បើ​ហាមឃាត់​សំណង់ ម្តេច​មិន​ហាម​ពី​ពេល​សាងសង់​ដំបូងៗ​មក​។ ម្យ៉ាង​សំណង់​នេះ​ធំ កម្ពស់​៣​ជាន់​ឯណោះ បើ​ដី​គ្មាន​ប្លង់ ស្វ័យប្រវត្តិ មិនអាច​សាងសង់​ទេ​។ តែ​ហេតុ​អី​នៅ​សាងសង់​បាន​ដល់​ម្ល៉េះ​?
   
​ពលរដ្ឋ បាន​និយាយថា​: នៅ​ក្រុង​ប៉ោយប៉ែត រយ​:​ពេល ៣-៤​ឆ្នាំ ចុងក្រោយ​នេះ សំណង់​តូចធំ បាន​សាងសង់​រីក​ដូច​ផ្សិត​។ នៅ​ឆ្នាំ​២០១៦​នេះ សំណង់​ធំៗ បាន​សាងសង់​កាន់តែច្រើន​។ តែ​បញ្ហា​នៅត្រង់​សំណង់​នៅ​ក្រុង​នេះ ៨០​ទៅ​៩០​ភាគរយ អត់​មាន​ប្លង់ដី និង​អត់​ច្បាប់​សាងសង់​ឡើយ​។​
 
​សំណង់​អត់​ច្បាប់​មែន តែ​គ្មាន​ម្ចាស់​សំណង់​ណា មិនបាន​ទៅ​ជួប និង​ចរចា តថ្លៃ​ក្រៅផ្លូវការ​នឹង​មន្ត្រី​ភូមិបាល ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​ក្រុង​នោះឡើយ​។ ដូច្នេះ​ករណី​ខាងលើ ក៏ដូចជា​កន្លងមក​ដែរ ក្រុមមន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ រួមទាំង​ម្នាស់​សំណង់​ផងដែរ បាន​ឃុបឃិត​គ្នា រំលោភ​លើ​ច្បាប់​រដ្ឋ ជា​ធរមាន ហើយ​នៅពេល​មាន​បញ្ហា​សូកប៉ាន់ មិន​ត្រូវរ៉ូវ​គ្នា ទើប​បែកធ្លាយ​រឿង ដោយ​សំអាង​លើ​ហេតុផល​រៀងៗ​ខ្លួន​។ ករណីបែបនេះ គប្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស្រាវជ្រាវ​អង្កេត និង​ចាត់វិធានការ តាម​នីតិវិធី​ច្បាប់​ប្រឆាំង​អំពើពុករលួយ​៕V/S

​មន្ត្រី​សុរិយោដី ឃាត់​ការសង់​ផ្ទះ​អត់​ប្លង់ដី អត់​ច្បាប់ ដោយ​ចរចា​ថ្លៃ​គ្នា​មិនត្រូវ​