​ឃាតកម្ម​កាត់​ក្បាល​នារី នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស សំរាប់​ដើមឆ្នាំ​២០១៦​នេះ​

​សៀមរាប: មាន​ព័ត៌មាន​ចំនួន​ធំ នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា មាន​ភាព​សាហាវ ហើយ​ល្បីល្បាញ និង​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀតផង​។ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​មួយ​ថ្មី ដែល​បុរស​ម្នាក់ ប្រពន្ធ​រួចហើយ ធ្វើ​សកម្មភាព​ល្បួង​នារី ទៅ​កាត់​ក្បាល​សម្លាប់ នៅផ្ទះ​សំណាក់ ក្នុង​កន្លែង​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស សម្រាប់​ដើមឆ្នាំ ២០១៦​នេះ​។​
​    ​
​ការធ្វើ​ឲ្យ​កក្រើក នៅ​ព័ត៌មាន​នេះ មិន​ត្រឹមតែ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក តែមួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​នៅមាន​វេ​ប​សាយ ទាំង​ក្នុងស្រុក នៅក្រៅ​ស្រុក បានធ្វើការ​បង្ហោះ និង​ចុះផ្សាយ ជា​បន្តបន្ទាប់ ស្តីអំពី​ឃាតកម្ម​ដ៏​សាហាវ​នេះ​ថ្មី ដែល​អ្នកខ្លះ​ឈានដល់ និយាយថា មិនត្រូវ​ដាក់ពន្ធនាគា​រ​ទេ គួរតែ​ប្រហារជីវិត​។ ប៉ុន្តែ​ការ​ប្រហា​វ​ជីវិត សំរាប់​ធម្មនុញ្ញ របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​តម្រូវ​ឲ្យ​ប្រហារជីវិត គឺ​ត្រូវ​ដាក់ទោស​អស់​មួយជីវិត​។​    ​
​    ​
​អ្នកខ្លះ​បាន​និយាយថា ហេតុអ្វី​បានជា​ប្រជាជន មិន​ប្រើ​សិទ្ធិអំណាច កាត់ទោស​ជន​នោះ ប្រហារជីវិត នៅនឹងកន្លែង​ទៅ បន្ទាប់ពី​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់បាន​ភ្លាមៗ​។ ប៉ុន្តែ​ការនិយាយ​ថា ប្រហារជីវិត​នៅនឹងកន្លែង គឺ​សមត្ថកិច្ច​មានការ​ប្រយ័ត្នប្រយែង ពេល​ចាប់ខ្លួនបាន ក៏​បញ្ជូន​ជនដៃដល់ មកកាន់​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ភ្លាមៗ ដើម្បី​សួរចម្លើយ និង​បញ្ចៀស​នូវ​អំពើ​ហិ ង្សា​ណាមួយ មកលើ​ជនដៃដល់​។​
​    ​
​មានរឿង​ជាច្រើន​រួចមកហើយ នៅ​ដើមឆ្នាំ​២០១៦​នេះ មានរឿង​ខ្លះ​ជនដៃដល់ ចាប់​ក្មេងស្រី អាយុ​៥​ឆ្នាំ យកទៅ​រំលោភ ហើយ​សម្លាប់ចោល ខ្លះ​ប្លន់​សម្លាប់ និង​រឿងហេតុ​ការណ៍ ដ៏​សាហាវៗ​ជាច្រើន​ទៀត បានកើត​ឡើងជា​ហូរហែរ ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​មាន​ភាព កក្រើក​ខ្លាំងក្លា​នោះទេ​។  ប៉ុន្តែ​សម្រាប់​រឿង​សម្លាប់​កាត់​ក្បាល​នារី នៅ​ខេត្តសៀមរាប​នោះ ពិតជា​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​ល្បី​សុះសាយ ពេញ​ផ្ទៃ​ប្រទេស និង​ក្រៅប្រទេស​។​
​    ​
​រឿងហេតុ​ការណ៍​ខាងលើ កើតឡើង​យ៉ាង​ដូច្នេះ​ថា កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ឃាតកម្ម​កើតឡើង នៅ​បន្ទប់​លេខ​៣០១ នៃ​ផ្ទះសំណាក់​ប្រាសាទកែវ ក្នុងភូមិ​តាភុល សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។
​ក្រោយពី​ទទួល​ព័ត៌មាន សមត្ថកិច្ច​ចម្រុះ មាន​កងរាជអាវុធហត្ថ កង​នគរបាលជាតិ ខេត្តសៀមរាប ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​សាកសព ហើយ​ឲ្យ​ដឹងថា សាកសព​នោះ គឺ​ភេទ​ស្រី ពុំ​ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ ដោយ​គេ​សម្លាប់​កាត់​ក្បាល ដាច់ចេញពី​ដងខ្លួន ហើយ​រុំ​ភួយ​ញាត់ ចូល​ក្រោម​គ្រែ​។​
​    ​
​លុះដល់​ម៉ោង ១៥.២០​នាទី មាន​ស្ត្រី​ម្នាក់​ឈ្មោះ កេង ធីតា មាន​ទីលំនៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​កាត់​រូបថត របស់​កូនស្រី តូច​មួយ មកកាន់​កន្លែងកើតហេតុ ហើយ​បាន​សុំ​សមត្ថកិច្ច ចូល​មើល​ភិនភាគ សាកសព​។ នៅពេលនោះ ស្ត្រី​ឈ្មោះ កេង ធីតា បាន​ស្រែក​ទ្រហោ យំ​ថា សព​នោះ​គឺ ជា​កូនស្រី​របស់គាត់​ឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​នៅ​ភូមិ​វប្បធម៌ បាន​បាត់​ខ្លួន រយៈពេល​២​ថ្ងៃ ហើយ​មិនដឹង​មូលហេតុ គឺ​បាត់​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ រហូតដល់​ថ្ងៃកើតហេតុ​។
​    ​
​នេះ​គឺជា​ពន្លឺ​មួយ ដែល​សមត្ថកិច្ច ឈានដល់​ការស្រាវជ្រាវ ហើយ​សួរ​ម្តាយ​របស់​សាកសព ជាបឋម ហើយ​សមត្ថកិច្ច ក៏​ប្រញាប់ប្រញាល់​បំបែក​គ្នា ទៅកាន់​គេហដ្ឋាន ស្នាក់នៅ​របស់​ជនដៃដល់ ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ស្នាក់នៅ​ក្រុមទី​៣ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។
​    ​
​នៅពេល​សមត្ថកិច្ច​ទៅដល់ គឺ​ជន​នោះ បាន​កំពុង​នៅ​ខាងក្រោយ​ផ្ទះ របស់ខ្លួន ហើយ​កំពុង​ដុត ភ្លើង​មួយ​ភ្នក់ ហើយ​សមត្ថកិច្ច​ពេលនោះ បាន​កាយ​ភ្នក់ភ្លើង មើលឃើញ​ក្បាល​នារី​រងគ្រោះ ដែល​ឆេះ​ខ្លោច ហើយក៏​យក​ទឹក​ពន្លត់​។
​    ​
​ក្រោយពី​ចាប់ខ្លួន​នោះដែរ សមត្ថកិច្ច បាន​ប្រញាប់ប្រញាល់ ហៅ​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ហើយ​ជន​នោះ ក៏បាន​ឆ្លើយ​សារភាពថា នៅ​ម៉ោង ១៨​នាទី​យប់ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០១៦ រូបគេ (​ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់​) បាន​ទូរស័ព្ទ​ទៅ​នារី​រងគ្រោះ ដើម្បី​ល្បួង​មក​បន្ទប់​លេខ​២០៩ នៃ​ផ្ទះសំណាក់​ប្រាសាទកែវ ក្នុង​គោលបំណង​សម្លាប់​។ លុះដល់​យប់​ជ្រៅ​បន្តិច ជនដៃដល់​បាន​យក​ក្រមា រឹត​ក​សម្លាប់​ជនរងគ្រោះ ហើយ​កាត់​ក្បាល ច្រក​ក្នុង​កាបូប ដែលមាន​ការរៀបចំ​ជាស្រេច​។​
​    ​
​ជនដៃដល់ បាន​សារភាព​ទៀតថា ក្រោយពី​សម្លាប់​រូបនាង​ហើយ ជនដៃដល់ បាន​អូស​សាកសព យកមក​លាក់​នៅក្រោម​គ្រែ បន្ទប់​លេខ​៣០១ ហើយក៏​យក​កាបូប ដែលមាន​ក្បាល​នារី​រងគ្រោះ រួច​គេច​មក​ផ្ទះ​របស់ខ្លួន ដើម្បី​ដុតបំផ្លាញ​ភស្តុតាង​។​
​    ​
​រឿងហេតុ​ដែល​ធ្វើ​ឲ្យ​ជនដៃដល់ សម្លាប់​ជនរងគ្រោះ គឺ​ផ្តើមចេញពី​កន្លងមក បុរស​នោះ​ធ្លាប់ មាន​ប្រពន្ធ និង​កូន ហើយ​ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​ឈ្លោះ​គ្នា និង​មិនបាន​រស់នៅ​ជាមួយគ្នា​ទេ​។ ប៉ុន្តែ ក្រោយមក បុរស​ដៃដល់ មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​ជនរងគ្រោះ និង​ចុងក្រោយ បាន​ចូល​ស្តីដណ្តឹង និង​ដាក់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ថែម​ទៀតផង​។​
​    ​
​ការដាក់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ បាន​ល្បី​ដល់​ប្រពន្ធដើម ហើយ​ប្រពន្ធដើម ក៏បាន​មករក​រឿង និង​ប្រាប់​ក្រុមគ្រួសារ ខាង​នារី​រងគ្រោះ​ថា ប្តី​រូបនោះ​មិនទាន់ ផ្តាច់​សង្វាស ជា​ផ្លូវការ​ពីគ្នា​ទេ​។ ដោយ ហេតុនេះ គ្រួសារ​ខាង​នារី​រងគ្រោះ ក៏បាន​សុំ​ផ្តាច់​ពាក្យ ចាប់ពីពេលនោះ​មក ប៉ុន្តែ​ការទំនាក់ទំនង តាម​ទូរស័ព្ទ កើត​នៅមាន​ជា​ហូរហែ រវាង​សាកសព និង​ជនដៃដល់​។​
​    ​
​ដើម្បី​បញ្ចប់​នៅ​ពាក្យ​ថា អញ​យក​នាង​មិនបាន នរណា​ក៏​មិន​អាចយ​កនាង​បានដែរ ហេតុនេះ ជនដៃដល់ ក៏បាន​រៀបចំ​គំរោង​សម្លាប់ នារី​រងគ្រោះ​យ៉ាង​ដូច្នេះ​។ រឿងនិទាន​នេះ គឺ​មានតែ​ប៉ុណ្ណឹង ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា ជាពិសេស​ក្រុមគ្រួសារ​នារី​រងគ្រោះ មាន​ភាព​ក្តុល​ក្តួល​នោះ និង​វិប្បដិសារី ដោយសារ​តែមាន​ការបា​ត់ សមាជិកគ្រួសារ ជាទី​ស្រឡាញ់​ម្នាក់ ដែល​មិនអាច​ត្រឡប់ មក​រស់នៅ​ជាមួយ ក្រុមគ្រួសារ​វិញ​បាន​។​
​    ​
​នៅ​ល្ងាច​ថ្ងៃកើតហេតុ​នោះដែរ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​នាំយក​ថវិកា​ចំនួន ២ ពាន់​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​១​ពាន់​ដុល្លារ បានមកពី​ការឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅ​ចូលរួម​រំលែក​ទុកជា​មួយ ក្រុមគ្រួសារ​សព ដែល​តម្កល់​ធ្វើបុណ្យ តាម​ប្រពៃណី ស្ថិតនៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​៕V

​ឃាតកម្ម​កាត់​ក្បាល​នារី នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស សំរាប់​ដើមឆ្នាំ​២០១៦​នេះ​

​ឃាតកម្ម​កាត់​ក្បាល​នារី នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស សំរាប់​ដើមឆ្នាំ​២០១៦​នេះ​

​ឃាតកម្ម​កាត់​ក្បាល​នារី នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស សំរាប់​ដើមឆ្នាំ​២០១៦​នេះ​
​រូបភាព​៖​ឃាតកម្ម​កាត់​ក្បាល​នារី​នៅ​ខេត្តសៀមរាប ធ្វើអោយ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​សំរាប់​ដើមឆ្នាំ ២០១៦​នេះ​៕​គូលែន​