នគរបាល​ឃាត់ខ្លួន ចោរឆក់​កាបូប​ជនបរទេស បាន​២​នាក់

ភ្នំពេញ: ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​១គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ នៅមុខ​ក្រុមហ៊ុនរថយន្តក្រុង​យីហោ វី​រះ​ប៊ុន​ថាំ​មិនបាន​សម្រេច ក៏ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ដែលកំពុង​ល្បាត​នៅក្បែរនោះ​អន្តរ​គម​ន៍​ចាប់​ឃាត់ខ្លួន​តែម្តង​។​

​ហេតុការណ៍​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦នៅ​ផ្លូវ​លេខ ១០៦ កែង ព្រះស៊ីសុវត្ថិ​ភូមិ 0៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

 ជនសង្ស័យ​ទាំង​២​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លូន​នេះ ទី​១-​ឈ្មោះ ចាន់​ស៊ីថាភេទប្រុស អាយុ​១៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​316E5សង្កាត់​មិត្តភាព ខណ្ឌ​7​មករា​(​ជាអ្នកបើក​ម៉ូតូ​) ។​ទី​២-​ឈ្មោះ សិទ្ធិ រិទ្ធី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ (ជា​អ្នក​ឆក់​កាបូប​)​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​សំភារៈ ជនសង្ស័យ​រួមមាន​ម៉ូតូ​១​គ្រឿង​ម៉ាកស៊ុយ​ហ្ស៊ូ​គី វី​វា​ពណ៌​ខ្មៅ ស្លាក​លេខ​ព្រៃវែង 1A-1103 ផលិត​ឆ្នាំ ២00៦ ។​ចំណែកឯជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​ដឹងថា​ជាជនជាតិ​បរទេស​ភេទ​ស្រី ក្រោយ​កើតហេតុ​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្ដឹង ។​

​នៅ​មុនពេល​កើតហេតុ គឺ​គេ​ឃើញ​ស្រី្ត​ជនបរទេស​ម្នាក់​កំពុងតែ​ឈរ​ស្ពាយ​កាបូបនៅមុខ​ក្រុមហ៊ុន​រថយន្តក្រុង​យីហោ វី​រះ​ប៊ុន​ថាំ​ស្រាប់តែ​​ជនសង្ស័យ​២​នាក់​នេះបាន​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ក្បែរ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​តែម្តង ប៉ុន្តែមិនបាន​សម្រេច​នោះទេ ហើយ​ជនរងគ្រោះ​បាន​ស្រែ​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ចដែល​កំពុង​ល្បាត​នៅក្បែរនោះ​អន្តរ​គម​ន៍​ចាប់​ក្របួច​ជាប់​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាននគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូងរាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕​

នគរបាល​ឃាត់ខ្លួន ចោរឆក់​កាបូប​ជនបរទេស បាន​២​នាក់