​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ជួយ​ធនាគារ​អេស៊ីលីដា បង្កើន​ការផ្តល់​កម្ចី​ដល់ អាជីវកម្ម​ខ្នាតតូច សហគ្រាស​ខ្នាតតូច និង​មធ្យម​

ភ្នំពេញ: សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា (IFC) ដែលជា​សមាជិក​មួយ របស់​ក្រុម​ធនាគារពិភពលោក នឹង​ផ្តល់​សហ​ឥណទាន ៥០ លាន​ដុល្លារ ដល់​ធនាគារ​អេស៊ីលីដា ដើម្បី​បង្កើន​ការផ្តល់​កម្ចី ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម ដែល​យ៉ាងហោចណាស់ ពាក់កណ្តាល​នៃ​កម្ចី​នេះ នឹង​ផ្តល់​ការគាំទ្រ ដល់​សហគ្រាស​ស្ត្រី​។​ ជាមួយនឹង​ហិរញ្ញប្បទាន​នេះ ធនាគារ​អេស៊ីលីដា មាន​គោលបំណង បង្កើន​ចំនួន​កម្ចី ដែល​កំពុងផ្តល់​ឲ្យ​សហគ្រិន​ស្ត្រី ដល់​ជាង ១,៥ ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ ២០១៩​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថាៈ “​អាជីវកម្ម របស់​ស្ត្រី គឺជា​ផ្នែក​ដ៏​សំខាន់​មួយ របស់​សេដ្ឋកិច្ច ប៉ុន្តែ​ការទទួលបាន​ហិរញ្ញប្បទាន របស់​អាជីវកម្ម​ទាំងនេះ នៅមានកម្រិត​នៅឡើយ​។

​ការផ្តល់​មូលនិធិ រយៈពេល​វែង​នេះ នឹង​ជួយ​ឲ្យ​ធនាគារ​អេស៊ីលីដា មានលទ្ធភាព​ពង្រឹង​អាជីវកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម ដែលមាន​ស្រាប់​របស់ខ្លួន និង​បង្កើន​ការផ្តល់​កម្ចី ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​របស់​ស្ត្រី ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ក្នុង​គោលបំណង​ជួយ​សហគ្រាស​ទាំងនេះ ឲ្យ​មានការ​រីកចម្រើន និង​អាច​ពង្រីក​ខ្លួន​បន្ថែមទៀត ក្នុង​រយៈពេល ៤ ឆ្នាំ​បន្ទាប់​។ ​កម្ចី​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ឱកាស​សហគ្រិន​ស្ត្រី (​ហៅ​កាត់​ថា WEOF) ជា​កម្មវិធី​សកល​ថ្មី​មួយ ដែលមាន​គោលបំណង ពង្រីក​លទ្ធភាព​ទទួល​បាន មូលធន​សម្រាប់​សហគ្រិន​ស្ត្រី​។

​កម្មវិធី WEOF នេះ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត តាមរយៈ​កម្មវិធី​ធនាគារ សម្រាប់​ស្ត្រី​របស់ IFC និង​កម្មវិធី​ស្ត្រី​មួយ​ម៉ឺន​នាក់ (10,000 Women) របស់ Goldman Sachs ក្នុង​ឆ្នាំ ២០១៤​។ កម្មវិធី​នេះ មាន​គោលបំណង​ជួយ​លុបបំបាត់ គម្លាត​ឥណទាន សម្រាប់​សហគ្រាស​របស់​ស្ត្រី នៅ​ទូទាំង ពិភពលោក​។​

“​សហគ្រាស​ខ្នាតតូច និង​មធ្យម ជាង​ពីរភាគបី នៃ ១០.០០០ សហគ្រាស​របស់​ស្ត្រី ក្នុងប្រទេស​កម្ពុជា កំពុង​ជួប​ការលំបាក ក្នុងការ​ទទួលបាន​ក​ម្ចី ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​នាំ​ឲ្យ​មាន​គម្លាត​ហិរញ្ញប្បទាន ប្រមាណ​ជាង ១៧២ លាន​ដុល្លារ ក្នុង​មួយឆ្នាំ​” នេះ​បើតាម​ប្រសាសន៍​របស់ លោក Kyle Kelhofer នាយក​គ្រប់គ្រង​សាជីវកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។ IFC និង​ធនាគារ​អេស៊ីលីដា មាន​គោលបំណង​តែមួយ គឺ​ការផ្តល់​ឲ្យ​ស្ត្រី​នូវ​ធនធាន ដែល​ពួកគេ​ត្រូវការ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ មានការ​រីកចម្រើន ដោយ​ផ្តល់​ឲ្យ​ពួកគេ នូវ​ថាមពល ដើម្បី​អាច​សម្រេចបាន នូវ​សក្តានុពល​របស់​ពួកគេ ក៏ដូចជា​ចូលរួមចំណែក លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា ផងដែរ​។

​ការពង្រីក​កម្ចី ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម របស់​ស្ត្រី នឹង​ជួយ​ឲ្យ​ធនាគារ​អេស៊ីលីដា ក្លាយជា​អ្នក​នាំមុខគេ ខាង​ផ្តល់​កម្ចី ដែល​ផ្ដោតលើ​យេនឌ័រ ក្នុង​តំបន់​មេគង្គ​នេះ​”​។ ​កញ្ចប់​ហិរញ្ញប្បទាន ៥០ លាន​ដុល្លារ​នេះ មាន ៣០ លាន​ដុល្លារ​ពី​គណនី​ផ្ទាល់​របស់ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង ២០ លាន​ដុល្លារ ពី​ក្រុម​ធនាគារ​បារាំង ដែលមាន​ឈ្មោះថា BRED Banque Populaire ដែល​សហការ​រៀបចំ​កា​រ​ផ្តល់​កម្ចី​នេះ​។​

​លោកស្រី Noa Meyer នាយក​គ្រប់គ្រង របស់​កម្មវិធី​ស្ត្រី មួយ​ម៉ឺន​នាក់ បាន​មានប្រសាសន៍ថា “​លទ្ធភាព​ទទួលបាន​មូលធន គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ សម្រាប់​ការរីកចម្រើន​របស់​ស​ហ​គ្រិន​ជា​ស្ត្រី​។ ការស្រាវជ្រាវ ដែល​ធ្វើឡើង​ដោយ Goldman Sachs បង្ហាញថា ការលុបបំបាត់​គម្លាត​នេះ អាច​បង្កើន​ចំណូល​ប្រជាជន​ម្នាក់ៗ ប្រមាណ​ជា ១២ ភាគរយ គិត​ត្រឹម​ឆ្នាំ ២០៣០​។ ភាពជា​ដៃគូ​ថ្មី​នេះ នឹង​នាំ​មូលធន​បន្ថែមទៀត ដល់​សហគ្រិន​ស្ត្រី ក្នុងប្រទេស​កម្ពុជា ដែល​អាចជួយ​ជម្រុញ កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​បន្ថែមទៀត នាពេល​អនាគត​”​។​

​ធនាគារ​អេស៊ីលីដា គឺជា​អតិថិជន​ចំណាស់ របស់ IFC ពោលគឺ​ចាប់តាំងពី​ពេល ដែល IFC ធ្វើការ​វិនិយោគមូលធន ក្នុង​ធនាគារ​នេះ ក្នុង​ឆ្នាំ ២០០០ មក​។ ភាពជា​ដៃគូ​នេះ​បានផ្តល់​លទ្ធភាព ឲ្យ​ធនាគារ​អេស៊ីលីដា អាច​ផ្តល់​សេវា​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត ជាង ២,៥ លាន​នាក់ ក្នុងប្រទេស​កម្ពុជា និង​បានផ្តល់​ការគាំទ្រ ដល់​អាជីវកម្ម​ខ្នាតតូច​បំផុត និង​ខ្នាតតូច ក្នុង​តំបន់​មេគង្គ​ទាំងមូល​។​
 កម្មវិធី​ធនាគារ សម្រាប់​ស្ត្រី​របស់ IFC កំពុង​ដើរតួនាទី​ជាក​តា​លី​ករ ក្នុង​ការជួយ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា អាចបំពេញ​តំរូវការ​របស់​សហគ្រិន​ស្ត្រី ប្រកបដោយ​និរន្តរភាព និង ផ្តល់នូវ​ប្រាក់ចំណេញ​ដល់​ពួកគេ​។

​ចាប់តាំងពី​ដាក់​ឲ្យ​អនុវត្ត ក្នុង​ឆ្នាំ ២០១០ មក កម្មវិធី​នេះ​បានធ្វើការ​វិនិយោគ​ចំនួន ៣៣ គម្រោង ក្នុង​សកលលោក​ទាំងមូល ក្នុង​ទឹកប្រាក់​សរុប​ជិត ១ ពាន់​លាន​ដុល្លារ​។

អំពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)

​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ជា​សមាជិក​មួយ​នៃ ក្រុម​ធនាគារពិភពលោក គឺជា​ស្ថាប័ន​អភិវឌ្ឍន៍​ធំជាងគេ ធ្វើការ​ផ្តោតទៅលើ​ផ្នែក​ឯកជន និង​ប្រទេស​កំពុង​រី​កម​ច្រើន​។ យើង​ប្រើប្រាស់ មូលធន ជំនាញ និង ឥទ្ធិពល​របស់​យើង ធ្វើការ​ជាមួយ​សហគ្រាស​អាជីវក​ម្ម ជាង​២០០០ ដើម្បី​បង្កើត​ឱកាស នៅ​ទីកន្លែង​ដែល​ត្រូវការ​បំផុត​។ ក្នុង​ឆ្នាំសារពើពន្ធ ២០១៥ ការវិនិយោគទុន​រប​ស់​យើង នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ បាន​កើនឡើង​ជិត ១៨ ពាន់​លាន​ដុល្លារ​។ ការវិនិយោគទុន​នេះ បាន​ជួយ​ផ្នែក​ឯកជន​ឲ្យ ដើរតួ​សំខាន់​ក្នុង​កិច្ចប្រឹងប្រែង​សកល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ និង លើកតម្កើង​វិបុលភាព​។​

​សូមបញ្ជាក់ថា ​បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ចំនួន ៥ គឺ ៖ ធនាគារ អេស៊ីលីដា ឡាវ​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា​, អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​, អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ​, និង អេស៊ីលីដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី​។ គិត​ត្រឹម​ចុងខែ មករា ឆ្នាំ ២០១៦ ធនាគារ​អេស៊ីលីដា មានទ្រព្យ​សរុប ៣.៩១០ លាន​ដុល្លារ​, បំណុល​សរុប ២.៥២២ លាន​ដុល្លារ និង​ប្រាក់​តំកល់ សរុប ២.៦៦២ លាន​ដុល្លារ​៕V​