លោក ជួង សុភា មិន​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ និង​ស្រុក​មោង​ប្ញ​ស្សី

លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តបាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​ឯក​ភ្នំ និង​ស្រុក​មោង​ប្ញ​ស្សី នោះទេ​។ ប្រជា​សហគមន៍​នេសាទ​នៅ​ស្រុក​មោង​ប្ញ​ស្សី និង​ស្រុក​ឯក​ភ្នំ បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីជលផល​ប្រចាំ​ស្រុក​ទាំង​២​នេះ គឺជា​អ្នក​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្តែង​ជនល្មើស​មួយចំនួន​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ពួកគេ​ចំណាយលុយ​ក្នុង​មួយ​រដូវៗ​មិន​ក្រោម​២០​លាន​រៀល​នោះទេ ទើប​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាត់​ត្រី​តាម​អំពើ​ចិត្ត​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ស្រុក​មោង​ប្ញ​ស្សី និង​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​តំបន់​អភិរក្ស​ចាប់ពី​ចំណុច​ព្រែកបាក់​ស្នោ ស្ថិតក្នុង​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី រហូតដល់​ភូមិ​ក្បាល​តោ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ ឧបករណ៍​ខុសច្បាប់​ដែល​ជនល្មើស​ប្រើប្រាស់​សម្រាប់​ចាប់​ត្រី​នោះ​មានដូចជា អូស​ម៉ាញ់ ប ណ​រ៉ាវ រុញ​ស៊ី​ប ឆក់ និង​មង​វិល​ជាដើម ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ក្នុងស្រុក​មោង​ប្ញ​ស្សី និង​ស្រុក​ឯក​ភ្នំ បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​តាម​អំពើ​ចិត្ត​។ ជនល្មើស​មួយចំនួន​បាន​ប្រាប់​ទៅ​ប្រជា​នេសាទ​ក្នុង​មូលដ្ឋាន​ថា ពួកគេ​បង់លុយ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ច្រើន​ស្ថាប័ន ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល​សរុប​ក្នុង​មួយឆ្នាំ​ប្រមាណ​២០​លាន​រៀល ទើប​អាចធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​មោង​ប្ញ​ស្សី និង​ស្រុក​ឯក​ភ្នំ មានការ​បើកដៃ​ពី​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ទើប​ពួកគេ​ហ៊ាន​បណ្ដោយ​ឲ្យ​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ឯក​ភ្នំ និង​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង នៅតែ​បន្ត​រាលដាល​ឥតឈប់ឈរ​ទាំ​ង​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​ជាបន្ទាន់ ហើយ​ត្រូវ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​ខេត្តបាត់ដំបង​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​៕

74812 79146