មាន​សកម្មភាព​ជីក​រ៉ែ​ត្បូង​ខុសច្បាប់​នៅ​មាត់​ស្ទឹង​ប​រយ៉ា​ខា សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​

​សកម្មជន​បរិស្ថាន​នៅ​ខេត្ត​ប៉ៃលិន​បាន​រាយការណ៍​មក​ថា បច្ចុប្បន្ននេះ មាន​ក្រុម​ឈ្មួញ​មួយក្រុម​បាន​យក​គ្រឿងចក្រ​ទៅធ្វើ​សកម្មភាព​ជីក​កកាយ​ដី​យក​រ៉ែ​ត្បូង​ជា​ទ្រង់ទ្រាយ​ធំ នៅ​ចំណុច​ជាប់មាត់​ស្ទឹង​ប​រយ៉ា​ខា ស្ថិតក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​នោះទេ ហើយក៏​មិនបាន​បញ្ជាក់ថា​សកម្មភាព​របស់​ឈ្មួញ​ជា​អំពើ​ល្មើសច្បាប់ ឬ​ស្របច្បាប់​ផងដែរ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​រាយការណ៍​មក​ថា ក្រុម​ឈ្មួញ​ទាំងនោះ​បានធ្វើ​សកម្មភាព​ជីក​កកាយ​ដី មាន​ទំហំ​ទទឹង​ជិត​៥០​ម៉ែត្រ និង​បណ្តោយ​ប្រហែល​៧០​ម៉ែត្រ និង​មាន​ជម្រៅ​ប្រហែល​ជាង​៥​ម៉ែត្រ​ដើម្បី​យក​រ៉ែ​ត្បូង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​មិនបាន​ចុះមក​ពន្យល់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ពី​សកម្មភាព​របស់​ឈ្មួញ​នោះទេ ហើយ​ថែមទាំង​មានការ​ឆ្លើយបំភ្លឺ​ដោយ​មិន​ស៊ីសង្វាក់​គ្នា​ទៀតផង​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ខាង​មន្ទីរ​មិនបាន​អនុញ្ញាត​ឲ្យ​មានការ​ជីក​កកាយ​ដូច​ការរៀបរាប់​ខាងលើនេះ​ទេ​។ លោក គឹម សុខា បាន​បន្តថា ការជីក​បែបនេះ វា​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ហើយ​បើ​ខាង​ណា​គេ​អនុញ្ញាត ក៏​អនុញ្ញាត​ទៅ តែ​ខាង​លោក​មិនអាច​អនុញ្ញាត​ឲ្យ​ជីក​កកាយ​នោះឡើយ​។​

​ចំណែក លោក វណ្ណ ស៊ីរ៉ា​ណេ ប្រធានការិយាល័យ​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បែរជា​បាន​ទទួលស្គាល់ថា ពិតជា​បានអនុញ្ញាត​ឲ្យ​ឈ្មួញ​ជីក​កកាយ​យក​រ៉ែ​នោះ​មែន ព្រោះ​ក្រសួង​អនុញ្ញាត​ចេញ​ច្បាប់​ជា​លក្ខណៈ​គ្រួសារ ហើយ​គេ​អាច​ប្រើ​គ្រឿងចក្រ​តូច និង​ធំ​បាន​។ តែ​ប្រជា​ពល​ដ្ឋ​បាន​រិះគន់ថា គ្មាន​ការជីក​រ៉ែ​ជា​លក្ខណៈ​គ្រួសារ​នោះទេ គឺ​មានតែ​ឈ្មួញ ដូច្នេះ​មន្ត្រី​ជំនាញ​នៅ​ក្រសួង​រ៉ែ និង​ថាមពល គប្បី​ចុះមក​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៅក្នុង​ខេត្ត​ប៉ៃលិន​៕

Pic12 Pic13