ទូតអាមេរិកនិងមជ្ឈមណ្ឌល EducationUSA រៀបចំតាំងពិព័រណ៍ប្រចាំឆ្នាំនៅភ្នំពេញ

ភ្នំពេញ៖ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលអាមេរិក សំរាប់ការសិក្សា អប់រំនៅសហរដ្ឋអាមេរិក Education USA  នឹងរួមគ្នារៀបចំពិព័រណ៍ ឆ្នាំ ២០១៦ ស្តីពីការសិក្សាអប់រំ នៅសហរដ្ឋអាមេរិក។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពិព័រណ៍ប្រចាំឆ្នាំស្តីពីការអប់រំនេះ នឹងធ្វើឡើងនៅថ្ងៃទី១៨ កុម្ភៈឆ្នាំ នាសណ្ឋាគារអាំងទែកុងទីណង់តាល់ ។ តំណាងចំនួន ១៦ រូបមកពី មហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកនឹងជំរាបដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្មវិធី សិក្សានៅថ្នាក់ឧត្តមសិក្សា លក្ខខណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍នៅអាមេរិក។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា «ស្ថាប័នចូលរួមដទៃទៀត នៅក្នុងពិព័រណ៍នេះនឹងផ្តល់ព័ត៌មានស្តី ពីទិដ្ឋាការសំរាប់សិស្ស និស្សិត កម្មវិធីផ្លាស់ប្តូរគ្នារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសេវាផ្តល់ ប្រឹក្សាស្តីពីការសិក្សាអប់រំរបស់មជ្ឈមណ្ឌល EducationUSA  ។ ពិព័រណ៍នេះមានបំណងបង្ហាញឲ្យឃើញពីការគាំទ្ររបស់រដ្ឋាភិបាលអាមេរិក ចំពោះការខិតខំដើម្បី លើកកំពស់គុណភាព នៃការអប់រំ និងពង្រីកឱកាសក្នុងការសិក្សា និងក្នុងអាជីព សំរាប់ប្រជា ជនកម្ពុជា»។

ពិព័រណ៍នេះក៏ផ្តល់ជាមធ្យោបាយ ពិសេសមួយសំរាប់ឲ្យប្រជាជនកម្ពុជា ភ្ជាប់ទំនាក់ទំនងជាមួយ ស្ថាប័ន ឧត្តមសិក្សានៅអាមេរិក ហើយស្វែងយល់ពីអត្ថប្រយោជន៍នៃការទទួលបានការសិក្សានៅក្នុង សាកលវិទ្យាល័យ របស់អាមេរិកផងដែរ ៕