តំណាងរាស្ត្រ CNRP បំពេញការងារធម្មតា បន្ទាប់ពី យុវជនគាំទ្រ CPP បញ្ជាក់ជំហរជាថ្មីថា មិនធ្វើបាតុកម្ម

ភ្នំពេញ៖ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ បានចុះទៅមូលដ្ឋាន រៀងៗខ្លួន ដើម្បីបំពេញការងារ របស់ខ្លួន បន្ទាប់ពីគម្រោងធ្វើបាតុកម្ម នៅក្នុងស្រុកត្រូវបាន បោះបង់ចោលទាំងស្រុង ក្រោយក្រុមសម្ព័ន្ធយុវជនគាំទ្រ គណបក្សប្រជាជនកម្ពុជា (CPP) នៅព្រឹកថ្ងៃទី១៧កុម្ភៈនេះ ពួកគេបានបញ្ជាក់ជំហរជាថ្មី ដោយមិនធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្គ្រោះជាតិ(CNRP)នោះទេ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១៧ កុម្ភៈនេះ លោក សាំង សុង បញ្ជាក់ថា ការបោះបង់ចោល នៃគម្រោងធ្វើការ ដោយយោងទៅលើ ស្ថានភាពជាក់ស្ដែង ចំពោះក្រុមមនុស្សតវ៉ា នៅសហរដ្ឋអាមេរិក មានចំនួនត្រឹម១៥០នាក់ ។ លោកថា «តំណាងរបស់យើង នៅសហរដ្ឋអាមេរិក បានរាប់ចំនួន មនុស្ស ឃើញថាមានគ្នាតិច។ ហើយការតវ៉ានោះ មានចម្រុះជាតិសាសន៍ទៀត។ យើងក៏សម្រេចចិត្ត រំសាយតែម្ដងទៅ»។

ឆ្លើយតបបញ្ហានេះ មន្ត្រីអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធ ឲ្យដឹងថា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានចុះទៅមូលដ្ឋានរៀងៗខ្លួន បន្ទាប់ពីក្រុមតំណាងរាស្ត្រ ទាំងនោះ កាលពីថ្ងៃទី១៦ កុម្ភៈបានផ្អាក់សកម្មភាព របស់ខ្លួនមួយថ្ងៃ។ លោកបន្តថា« ចំពោះសភាពការណ៍ ទូទៅនៅទីស្នាក់ការបក្ស និងផ្ទះរបស់ ឯកឧត្តម កឹម សុខា មានសភាព ស្ងប់ ស្ងាត់ ប៉ុន្តែកម្លាំងការពារ របស់បក្សនៅប្រចាំការ ដដែល»។

ទោះមានការ ប្រកាសបោះបង់ចោល គម្រោងធ្វើបាតុកម្ម យ៉ាងណាក៏ដោយ លោក យ៉ែម ប៉ុញ្ញាឬទ្ធ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែមានការព្រួយបារម្ភ ពីសុវត្ថិភាព អ្នកតំណាងរាស្ត្រ ព្រោះហេតុការណ៍ វាយអ្នកតំណាងរាស្ត្រ ដោយមិនដឹងខ្លួនបានកើតឡើង ម្ដងរួចមកហើយ ក្នុងគ្រាដែលមានការធ្វើ បាតុកម្មទាមទារឲ្យ ឯកឧត្តម កឹម សុខា ចុះចេញពីតំណែង អនុប្រធានទី០១ រដ្ឋសភាកាលពីចុងឆ្នាំ២០១៥។

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជន បានប្រកាសស្វាគមន៍ចំពោះ ជំហរនេះដោយលោកបានពិនិត្យ ឃើញបាតុកម្មនៅ សហរដ្ឋអាមេរិក មានលក្ខណៈរប៉េះរប៉ោះ ដែលផ្ទុយពីអះអាងរបស់ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាម៉េរិកថា មានចំនួនរាប់ពាន់នាក់។ ហើយម្យ៉ាទៀតបាតុកម្ម នៅទីនោះធ្វើឡើង ចម្រុះជាតិសាសន៍។ លោកថា «ដូច្នេះពួកគេទាំងនោះ មិនអាចគៀងគរ ពលរដ្ឋខ្មែរដទៃទៀតបានទេ»។

ដោយឡែកចំពោះ អ្នកតាមដានស្ថានការ សង្គមវិញ លោក មាស នី យល់ថា ការបោះបង់ចោលគម្រោង នៃការធ្វើបាតុកម្ម ដោយសារតែក្រុមយុវជនគាំទ្រ គណបក្សប្រជាជន ពួកគេទទួលបានការបញ្ជាពី នាយករដ្ឋមន្ត្រីហើយ។ លោកបន្តថា « ម្យ៉ាងទៀតពួកគេ អាចមានបទពិសោធ ធ្លាប់បានធ្វើបាតុកម្ម លើកមុនមានការហួសហេតុ ដែលឈានទៅដល់ការប្រើហិង្សា លើអ្នកតំណាងរាស្ត្រ»។

ពាក់ព័ន្ធបញ្ហានេះ កន្លងមកអ្នកនាំ ពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា នឹងមានការជួយ សម្របសម្រួលដល់ គណបក្សសង្គ្រោះជាតិ ប្រសិនបើកើតមាន បាតុកម្មប្រឆាំងមែននោះ។

សូមបញ្ជាក់ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់ នៅអាម៉េរិក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជួបបាតុករ ដែលបានធ្វើបាតុកម្មប្រឆាំង រូបសម្ដេចប្រសិន បើក្បួនរថយន្តបើកកាត់ក្រុមអ្នកតវ៉ា៕

តំណាងរាស្ត្រ CNRP បំពេញការងារធម្មតា បន្ទាប់ពី យុវជនគាំទ្រ CPP បញ្ជាក់ជំហរជាថ្មីថា មិនធ្វើបាតុកម្ម