IFC ជួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ពង្រីក​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ជនបទ និង​កសិពាណិជ្ជកម្ម​

ភ្នំពេញ: សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IFC ដែលជា​សមាជិក​មួយរ​បស់​ក្រុម​ធនាគារពិភពលោក នឹង​ផ្តល់​សហ​ឥណទាន​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ ដើម្បី​ជួយ​ក្រុមហ៊ុន​នេះ​បង្កើន​ការផ្តល់​ប្រាក់កម្ចី​ដល់​អាជីវកម្ម​តូចៗ ជាពិសេស​ក្នុង​វិស័យ​កសិកម្ម និង​នៅតាម​តំបន់​ជនបទ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​ថ្ងៃទី​១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ បាន​លើកឡើងថា ជាមួយនឹង​កម្ចី​រួម​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក​នេះ អម្រឹត​នឹង​បង្កើន​ប្រតិបត្តិការ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ក្នុងការ​គាំទ្រ​ដល់​សហគ្រិន​ខ្នាតតូច​បំផុត​ចំនួន​ប្រមាណ​ជាង ៤០០.០០០​នាក់ ដែល​ភាគច្រើន​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​កម្ចី​ឥណទាន​ប្រមាណ​ជា ៩០០ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៤ ឆ្នាំ​បន្តទៀត​។​

​លោក ជា ផល្លា​រិ​ន អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត មានប្រសាសន៍ថា “​ជាមួយនឹង​បណ្តាញ​សាខា​ជាច្រើន​ក្នុង ២៥ ខេត្ត រាជធានី ទូទាំងប្រទេស យើង​នឹង​បន្ត​ពង្រីក​ប្រតិបត្តិការ​របស់​យើង​ដល់​សហគ្រាស​កសិកម្ម ដោយ​ផ្តល់ជូន​សហគ្រាស​ទាំងនោះ​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ ក្នុង​អត្រា​ការប្រាក់​សមស្រប ប្រកបដោយ​ភាព​ប្រកួតប្រជែង​។ ដោយសារ​ការគាំទ្រ​ពី IFC អម្រឹត​បាន​ពង្រីក​ប្រភព​ផ្តល់​មូលនិធិ និង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​ម្ចាស់​កម្ចី​អន្តរជាតិ​មួយចំនួន​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ នឹង​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការប្រមូល​មូលនិធិ​រយៈពេល​វែង​បន្ថែមទៀត ពី​វិនិយោគិន​ឯកជន​នានា​។​”
​ជាក់ស្តែង មួយ​ភាគបី នៃ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុងប្រទេស​កម្ពុជា​គឺជា កសិពាណិជ្ជកម្ម និង​ស្រូបយក​តម្រូវការ​ហិរញ្ញ  ប្ប​ទាន​ប្រមាណ​ជាង​ពាក់កណ្តាល​នៃ​តម្រូវការ​ហិរញ្ញប្បទាន​សរុប របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ទាំងអស់​។ កម្ចី​រយៈពេល​វែង​នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​អម្រឹត (​ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​ទី​បី​ក្នុងប្រទេស​កម្ពុជា បើ​គិត​លើ​ប្រាក់កម្ចី​សរុប​) បង្កើន​ប្រាក់ចំណូល ពង្រីក​អាជីវកម្ម និង​បង្កើត​ការងារ​ទូទាំងប្រទេស​។​

​លោក Adel Meer នាយក​គ្រប់គ្រង​ស្ថាប័នហិរញ្ញវត្ថុ IFC ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក មានប្រសាសន៍ថា “​ការបន្ត​ជួយ​ជ្រោមជ្រែង​របស់ IFC ចំពោះ​អម្រឹត នឹង​អនុញ្ញាត​ឲ្យ​ស្ថាប័ន​នេះ អាច​ព​ង្រើ​ក​ប្រតិបត្តិការ​របស់ខ្លួន​ទូទាំងប្រទេស​កម្ពុជា​។ ការណែនាំ​នូវ អ្នកផ្តល់​ប្រាក់កម្ចី​អន្តរជាតិ​ជាច្រើន​មកកាន់​អម្រឹត ក៏​នឹង​ជួយ​បង្កើន​មូលដ្ឋាន​នៃ​ការស្វែងរក​ប្រភព​ទុន​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​”

​កាលពី​ខែមីនា ឆ្នាំ​២០១៥ កន្លងមកនេះ IFC បានក្លាយ​ជា​ភាគ​ទុ​និករ​បស់​អម្រឹត ដែលមាន​ភាគហ៊ុន​សរុប​ចំនួន ១៩,៩ ភាគរយ​។ បន្ថែម​ពីលើ​ការផ្តល់​ហិរញ្ញប្បទាន IFC ក៏​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​អម្រឹត​ផងដែរ ទៅលើ​ការកែលម្អ​ការគ្រប់គ្រង​ហានិភ័យ​របស់ខ្លួន និង​ការពង្រឹង​អភិបាលកិច្ច​ក្រុមហ៊ុន ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​គ្រឹះស្ថាន​នេះ ឲ្យ​ក្លាយទៅជា​ធនាគារពាណិជ្ជ ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​នេះ​៕