IFC ផ្តល់​សហ​ឥណទាន ៥០ លាន​ដុល្លារ​ជួយ​ធនាគារ​អេស៊ីលីដា បង្កើន​ការផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច និង​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​របស់​ស្ត្រី

ភ្នំពេញ: សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា (IFC) ដែលជា​សមាជិក​មួយរ​បស់​ក្រុម​ធនាគារពិភពលោក នឹង​ផ្តល់​សហ​ឥណទាន ៥០ លាន​ដុល្លារ ដល់​ធនាគារ​អេស៊ីលីដា ដើម្បី​បង្កើន​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ដែល​យ៉ាងហោចណាស់​ពាក់កណ្តាល​នៃ​កម្ចី​នេះ នឹង​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ស្ត្រី​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​ថ្ងៃទី​១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ បាន​លើកឡើងថា ជាមួយនឹង​ហិរញ្ញប្បទាន​នេះ ធនាគារ​អេស៊ីលីដា​មាន​គោលបំណង​បង្កើន​ចំនួន​កម្ចី ដែល​កំពុងផ្តល់​ឲ​សហគ្រិន​ស្ត្រី ដល់​ជាង ១,៥ ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ ២០១៩​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា មានប្រសាសន៍ថា “​អាជីវកម្ម របស់​ស្ត្រី គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​សេដ្ឋកិច្ច ប៉ុន្តែ​ការទទួលបាន​ហិរញ្ញប្បទាន​របស់​អាជីវក​ម្ម​ទាំងនេះ​នៅមានកម្រិត​នៅឡើយ​។ ការផ្តល់​មូលនិធិ​រយៈពេល​វែង​នេះ នឹង​ជួយ​ឲ្យ​ធនាគារ​អេស៊ីលីដា មានលទ្ធភាព​ពង្រឹង​អាជីវកម្ម​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលមាន​ស្រាប់​របស់ខ្លួន និង​បង្កើន​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​របស់​ស្ត្រី​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ក្នុង​គោលបំណង​ជួយ​សហគ្រាស​ទាំងនេះ ឲ្យ​មានការ​រីកចម្រើន និង​អាច​ពង្រីក​ខ្លួន​បន្ថែមទៀត​ក្នុង​រយៈពេល ៤ ឆ្នាំ​បន្ទាប់​។​”
​កម្ចី​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ឱកាស​សហគ្រិន​ស្ត្រី (​ហៅ​កាត់​ថា WEOF) ជា​កម្មវិធី​សកល​ថ្មី​មួយ ដែលមាន​គោលបំណង​ពង្រីក​លទ្ធភាព​ទទួលបាន​មូលធន​សម្រាប់​សហគ្រិន​ស្ត្រី​។ កម្មវិធី WEOF នេះ​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​តាមរយៈ​កម្មវិធី​ធនាគារ​សម្រាប់​ស្ត្រី​របស់ IFC និង​កម្មវិធី​ស្ត្រី​មួយ​ម៉ឺន​នាក់ (10,000 Women) របស់ Goldman Sachs ក្នុង​ឆ្នាំ ២០១៤​។
​កម្មវិធី​នេះ​មាន​គោលបំណង​ជួយ​លុបបំបាត់​គម្លាត​ឥណទាន​សម្រាប់​សហគ្រាស​របស់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​។​
“​សហគ្រាស​ខ្នាតតូច និង​មធ្យម ជាង​ពីរភាគបី​នៃ ១០០០០ សហគ្រាស​របស់​ស្ត្រី ក្នុងប្រទេស​កម្ពុជា​កំពុង​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​នាំ​ឲ្យ​មាន​គម្លាត​ហិរញ្ញប្បទាន​ប្រមាណ​ជាង ១៧២ លាន​ដុល្លារ ក្នុង​មួយឆ្នាំ​” នេះ​បើតាម​ប្រសាសន៍​របស់ លោក Kyle Kelhofer នាយក​គ្រប់គ្រង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។ “IFC និង​ធនាគារ​អេស៊ីលីដា មាន​គោលបំណង​តែមួយ គឺ​ការផ្តល់​ឲ្យ​ស្ត្រី​នូវ​ធនធាន​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​មានការ​រីកចម្រើន ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ថាមពល ដើម្បី​អាច​សម្រេចបាន​នូវ​សក្តានុពល​របស់​ពួកគេ ក៏ដូចជា​ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ ការពង្រីក​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម របស់​ស្ត្រី នឹង​ជួយ​ឲ្យ​ធនាគារ​អេស៊ីលីដា ក្លាយជា​អ្នក​នាំមុខគេ​ខាង​ផ្តល់​កម្ចី​ដែល​ផ្ដោតលើ​យេនឌ័រ​ក្នុង​តំបន់​មេគង្គ​នេះ​។​”

​កញ្ចប់​ហិរញ្ញប្បទាន ៥០ លាន​ដុល្លារ​នេះ មាន ៣០ លាន​ដុល្លារ​ពី​គណនី​ផ្ទាល់​របស់ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង ២០ លាន​ដុល្លារ ពី​ក្រុម​ធនាគារ​បារាំង ដែលមាន​ឈ្មោះថា BRED Banque Populaire ដែល​សហការ​រៀបចំ​កា​រ​ផ្តល់​កម្ចី​នេះ​។​

​លោកស្រី Noa Meyer នាយក​គ្រប់គ្រង របស់​កម្មវិធី​ស្ត្រី​មួយ​ម៉ឺន​នាក់ (10,000 Women) មានប្រសាសន៍ថា “​លទ្ធភាព​ទទួលបាន​មូលធន គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​ការរីកចម្រើន​របស់​ស​ហ​គ្រិន​ជា​ស្ត្រី​។ ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ Goldman Sachs បង្ហាញថា ការលុបបំបាត់​គម្លាត​នេះ​អាច​បង្កើន​ចំណូល​ប្រជាជន​ម្នាក់ៗ​ប្រមាណ​ជា ១២ ភាគរយ គិត​ត្រឹម​ឆ្នាំ ២០៣០​។ ភាពជា​ដៃគូ​ថ្មី​នេះ នឹង​នាំ​មូលធន​បន្ថែមទៀត​ដល់​សហគ្រិន​ស្ត្រី​ក្នុងប្រទេស​កម្ពុជា​ដែល​អាចជួយ​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​បន្ថែមទៀត​នាពេល​អនាគត​។​”

​ធនាគារ​អេស៊ីលីដា គឺជា​អតិថិជន​ចំណាស់​របស់ IFC ពោលគឺ​ចាប់តាំងពី​ពេលដែល IFC ធ្វើការ​វិនិយោគមូលធន​ក្នុង​ធនាគារ​នេះ ក្នុង​ឆ្នាំ ២០០០ មក​។ ភាពជា​ដៃគូ​នេះ​បានផ្តល់​លទ្ធភាព​ឲ្យ​ធនាគារ​អេស៊ីលីដា អាច​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​ជាង ២,៥ លាន​នាក់ ក្នុងប្រទេស​កម្ពុជា និង​បានផ្តល់​ការគាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច​បំផុត និង​ខ្នាតតូច ក្នុង​តំបន់​មេគង្គ​ទាំងមូល​។​
​កម្មវិធី​ធនាគារ​សម្រាប់​ស្ត្រី​របស់ IFC កំពុង​ដើរតួនាទី​ជាក​តា​លី​ករ​ក្នុង​ការជួយ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា អាចបំពេញ​តំរូវការ​របស់​សហគ្រិន​ស្ត្រី ប្រកបដោយ​និរន្តរភាព និង ផ្តល់នូវ​ប្រាក់ចំណេញ​ដល់​ពួកគេ​។ ចាប់តាំងពី​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ឆ្នាំ ២០១០ មក កម្មវិធី​នេះ​បានធ្វើការ​វិនិយោគ​ចំនួន ៣៣​គម្រោង ក្នុង​សកលលោក​ទាំងមូល ក្នុង​ទឹកប្រាក់​សរុប​ជិត ១ ពាន់​លាន​ដុល្លារ​៕