លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​ផ្លាស់ប្ដូរ​ចេញ​ក្រោយពេល​បែកធ្លាយ​អំពើពុករលួយ​

រឿងអាស្រូវ​ពុករលួយ​របស់លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ​ទាក់ទង​ទៅនឹង​រឿង​ធ្វើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ​។ ប្រការនេះ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ព័ទ្ធជុំវិញ​បឹង​មួយ​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ជឿថា ផ្លូវលំ​ដែលមាន​បណ្ដោយ​ប្រមាណ​១០០០​ម៉ែត្រ​និង​ទទឹង​១១​ម៉ែត្រ ត្រូវ​ចំណាយលុយ​ដល់​ទៅ​១៤០៩​លាន​រៀល​នោះទេ​។

​បន្ទាប់ពី​រឿងអាស្រូវ​ក្នុង​ការធ្វើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចមក ស្រាប់តែ​ធ្លាយ​ព័ត៌មាន​រឿង​ដកហូត​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចេញពី​តំណែង​ផងដែរ​។ ប្រភពពី​មន្ត្រីជាន់ខ្ពស់​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ បានតែងតាំង​លោក ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី ឲ្យ​ធ្វើជា​អភិបាលខេត្ត​នេះ ជំនួស​លោក អេង ប៊ុន​ហ៊ាង ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​។ មន្ត្រីជាន់ខ្ពស់​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ទៀតថា ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​មណ្ឌលគិរី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​ការគ្រោងទុក​។ ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី រីករាយ​យ៉ាងខ្លាំង​ព្រោះ​កន្លងមក​លោក អេង ប៊ុន​ហ៊ាង ពុំមាន​ស្នាដៃ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ក្នុងតួនាទី​ជា​អភិបាលខេត្ត​ឡើយ​។

​មានការ​រិះគន់ថា ករណី​ធ្វើ​ផ្លូវលំ​ប្រវែង​ប្រមាណ​១០០០​ម៉ែត្រ ត្រូវ​ចំណាយ​ថវិកាជាតិ​អស់​១៤០៩​លាន​រៀល​ឬ​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​នោះ មាន​បង្កប់​ទៅដោយ​អំពើពុករលួយ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ផងដែរ​។ លើស​នេះ​ទៅទៀត​ក្នុងពេលដែល​លោក អេង ប៊ុន​ហ៊ាង កាន់តំណែង​ជា​អភិបាលខេត្ត បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី កើតមាន​យ៉ាង​រាលដាល ហើយ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម គ្រឿងញៀន និង​ល្បែងស៊ីសង ក៏​កើតឡើង​គួរ​ឲ្យ​ព្រួ​បារម្ភ​ដែរ​។ ដូច្នេះ​ការផ្លាស់ប្ដូរ​តំណែង​លោក អេង ប៊ុន​ហ៊ាង នៅពេលនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី រីករាយ​យ៉ាងខ្លាំង ហើយ​សង្ឃឹមថា​អភិបាលខេត្ត​ថ្មី​លោក ស្វាយ សំ​អ៊ាង មិន​យក​គំរូ​តាម​លោក អេង ប៊ុន​ហ៊ាង នោះទេ​៕

អេង-ប៊ុនហ៊ាង1លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី

?????????????