ក្រសួងការងារ នឹងបញ្ជូនពលករ ទៅបំរើការងារនៅ អារ៉ាប៊ីសាអូឌី តែមិនទាន់កំណត់ចំនួន

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងបញ្ជូនពលករ ខ្មែរជាច្រើននាក់ឲ្យទៅបំរើការងារ នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌី ជាលើកដំបូង ប៉ុន្តែទោះបីជា យ៉ាងមិនទាន់បាន ដឹងពីតួរលេខច្បាស់លាស់ នៅឡើយទេ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបើកសន្និបាត បូកសរុបលទ្ធផលការងារប្រឆ្នាំ ២០១៥ ទិសដៅឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្តីក្រសួងថា «យើង មិនទាន់មានផែនការបញ្ជូនពលករទៅបំរើការងារនៅប្រទេសអារ៉ាប់ប៊ីសាអូឌិតថា មានចំនួនប៉ុន្មាននោះទេ។ ប៉ុន្តែកិច្ចព្រមព្រៀងចំនួនពីរយើងបានចុះ MOU ជាមួយ អារ៉ាប់ប៊ីសាអូឌីត  គឺជាកិច្ចព្រមព្រៀងដើម្បីបង្កើត ឲ្យមានកិច្ចសហប្រតិបត្តិការ ជ្រើសរើស ការបញ្ចូន និងការគ្រប់គ្រង ការវិវត្តន៍របស់ពលករ ធ្វើការងារទូទៅ និងការងារតាមផ្ទះ និងលក្ខខណ្ឌការងារដើម្បី ដោះស្រាយរួចមកហើយ»។
លោកបន្តថា នៅពេលបញ្ជូនពលករ ទៅត្រូវតែមានលក្ខខណ្ឌការងារ ព្រោះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត មានលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលល្អប្រសើរដែរ ប៉ុន្តែបញ្ហាមួយគឺធាតុអាកាស ដោយសារនៅតំបន់នោះ ជាតំបន់សមុទ្រសាហារ៉ាមានអាកាសធាតុក្តៅខ្ពស់ ហើយត្រជាក់ក៏ផងដែរ។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា មុននឹងបញ្ចូនពលករខ្មែរ ទៅបំរើការងារនៅអារ៉ាប់ប៊ីសាអីឌីត ទាល់តែគណៈកម្មការនៃ ប្រទេសទំាងពីរជួប ជជែកពិភាក្សាគ្នា រួចសិន ។  ក្រុមការងារទំាងពីរ នឹងពិភាក្សាគ្នានៅខែមិនាខាងមុខ   ហើយក៏ត្រូវបញ្ចប់នៅខែមីនានោះផងដែរ។  នៅពេលអ្នកសារព័ត៌មានសួរ ថាតើក្រសួងមាន ការព្រួយបារម្ភចំពោះ ការបញ្ជូនពលករទៅអារ៉ាប់ប៊ីសាអូឌីតដូចនៅប្រទេសម៉ាឡេស៊ីដែរឬទេ? លោករដ្ឋមន្ត្រីឆ្លើយតប និងបានគូសបញ្ជាក់ថា «នេះជាពិសោធន៍ របស់យើង ក្នុងការទប់ស្កាត់ឲ្យបានអតិបរមា ដោយរៀបចំក្របខណ្ឌបច្ចេកទេសនានា ដើម្បី ធ្វើយ៉ាងម៉េចបន្ថយហានិភ័យរបស់ពលករ។ ជាពិសេសនោះការផ្តល់ព័ត៌ មានដល់ពលករ មុននឹងសម្រេចទៅធ្វើការងារនៅទីនោះ  ដោយបង្ហាញទាំងប្រាក់ឈ្នួល ទំាងលក្ខខណ្ឌការងារ ហើយពេលទៅក៏មានប្រព័ន្ធតាមដានគ្រប់គ្រង ធ្វើយ៉ាងណាកុំឲ្យមានរងគ្រោះដោយការជួញដូរ ឬកេងប្រវ័ញនៅពេលធ្វើការងារ»។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា សម្រាប់ពលករដែលទៅបំរើការងារ នៅអារ៉ាប់ប៊ីសាអូឌីតនឹងទទួលបានប្រាក់បៀវត្សច្រើនគួរសម ព្រោះនៅប្រទេសនោះ ជាប្រទេសអភិវឌ្ឍន៍មួយ ដូច្នេះនឹងមានចំណូលមធ្យមសម្រាប់ ប្រជាពលរដ្ឋក្នុងមួយឆ្នាំប្រហែលជា២ម៉ឺនដុល្លារ ។ ជាមួយគ្នានោះដែរលោក រដ្ឋមន្ត្រីក៏បានឲ្យដឹងពី ការបញ្ជូន ប្រាក់របស់ពលករមកក្នុង ស្រុកថា ពលករខ្មែរដែលទៅបំរើការងានៅក្រៅប្រទេសនោះ ពិតជារួមចំណែ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ។ តាមការប៉ាន់ប្រមាណរបស់ក្រសួងចំណូលដែលពលករបំរើការងារនៅក្រៅប្រទេសផ្ញើមកស្រុកវិញមានប្រមាណ១ពាន់លានដុល្លារ ។ បច្ចុប្បន្នមានពលករធ្វើការនៅក្រៅប្រទេស ស្របច្បាប់មានប្រមាណ៧៥ម៉ឺននាក់។

យ៉ាងណាក្តីលោក រដ្ឋមន្ត្រីបានអះអាងថា ក្រសួងនឹងខិតខំបំពេញការងារក្នុង គ្រប់គ្រងពលករដែលធ្វើ ការងារនៅគ្រប់ប្រទេស  ដែលទទួលបានសិទ្ធិស្របច្បាប់ និងព្យាយាមរកវិធីដល់ ពលករដែលមិនទាន់ស្របច្បាប់  ឲ្យបានស្របច្បាប់វិញតាមគ្រប់មធ្យោបាយទំាងផ្នែកការទូត និងទំនាក់ទំនងទ្វេភាគី និងពហុភាគី ។
គួរបញ្ជាក់ថា កម្ពុជា  និង អារ៉ាប់ប៊ី សាអូឌីត ក្នុងស្មារតីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី បានចុះអនុស្សារណៈយោគយល់លើកិច្ចព្រមព្រៀងចំនួនពីរទាក់ទិននឹង ការជ្រើសរើសពលរដ្ឋខ្មែរនៅបំរើការងារ គឺទី១  កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករកាងារផ្ទះ  និងទី២ កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករការងារ ទូទៅ ៕

ក្រសួងការងារ នឹងបញ្ជូនពលករ ទៅបំរើការងារនៅ អារ៉ាប៊ីសាអូឌី តែមិនទាន់កំណត់ចំនួន