ក្រសួងបរិស្ថាន ជំរុញឲ្យ ម្ចាស់រោងចក្រ សហគ្រាស បន្តយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថាន ក្នុងរោងចក្រ

ភ្នំពេញ៖ មន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជំរុញឲ្យបណ្តាម្ចាស់រោងចក្រ សហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ ទៅលើការថែរក្សាបរិស្ថាន អនាម័យ នៅក្នុងរោងចក្រ ដើម្បីសុភាពកម្មករ-កម្មការិនី ពិសេសទប់ស្កាត់ការដួលសន្លប់របស់កម្មករ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន បានរៀបចំផែនការ ក្នុងការចុះធ្វើអនាម័យបរិស្ថាន នៅតាមរោងចក្រសហគ្រាសជាបន្តទៀត នៅតាមបណ្តាខេត្ត មួយចំនួន ដែលមានការប្រមូលផ្តុំទៅដោយ រោងចក្រ មានដូចជានៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងក្រុងបាវិតខេត្តស្វាយរៀងជាដើម។ បន្ទាប់ពីកាលពី ឆ្នាំ២០១៥កន្លងទៅ ក្រុមការងាររបស់ក្រសួងបរិស្ថាន បានចុះទៅធ្វើអនាម័យ នៅតាមបណ្តារោងចក្រ សហគ្រាស នៅក្នុង រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងការចុះធ្វើអនាម័យបរិស្ថាន នៅតាមរោងចក្រ នេះដែរ មន្រ្តីជំនាញក្រសួងបរិស្ថាន បានធ្វើការត្រួតពិនិត្យ និងណែនាំទៅ ដល់ម្ចាស់រោងចក្រសហគ្រាស ទាំងអស់ ត្រូវទុកដាក់សំណល់រឹង និងរាវឲ្យបានត្រឹមត្រូវ ជៀសវាងការដាក់ចោល ពាសវាលពាសកាល ហើយមិនត្រូវបង្ហូរទឹកសំអុយផ្តេសផ្តាសនោះឡើយ។

លោកបានមានប្រសាសន៍បន្តថា «អ្វីដែលសំខាន់មួយទៀតនោះ គឺក្រសួងបានជំរុញ ឲ្យម្ចាស់រោងចក្រ  សហគ្រាសទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ទៅលើបរិយាកាសនៅក្នុងរោងចក្រ ដើម្បីធានាបានថា បរិយាកាសនៅក្នុងរោងចក្រសហគ្រាសរបស់ខ្លួន មិនត្រូវបានបំពុល ដែលអាចបណ្តាល ឲ្យប៉ះពាល់ដល់ សុខភាព របស់កម្មករ-កម្មការិនី ពិសេសការដួលសន្លប់របស់កម្មករ” ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវទៅកាន់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវចូលរួម សហការជាមួយក្រុមការងារ របស់ក្រសួង បរិស្ថាន ក្នុងការរៀបចំធ្វើយ៉ាងណា ឲ្យរោងចក្រសហគ្រាស មានបរិស្ថានអនាម័យល្អ ដើម្បីជាប្រយោជន៍រួម សម្រាប់សង្គមជាតិទាំងមូល៕