ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការិយាល័យ​អ្នកនាំពាក្យ អ​.​ស​.​ប អះអាង​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ថា អតីត​អគ្គលេខាធិការ អ​.​ស​.​ប ជនជាតិ​អេ​ហ្ស៊ី​ប លោ​ប៊ូ​ត្រូ​ស ប៊ូ​ត្រូ​ស ហ្គា​លី ទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​៩៣​ឆ្នាំ ។

លោក​ប៊ូ​ត្រូ​ស ប៊ូ​ត្រូ​ស​ហ្គា​លី ជា​អ្នកនយោបាយ និង​ជា​អ្នកការទូត​អេ​ហ្ស៊ី​ប​ជា​អគ្គលេខាធិការ អ​.​ស​.​ប ពី​ឆ្នាំ​១៩៩២ ដល់​១៩៩៦ ។ លោក​ក្លាយជា​អគ្គលេខាធិការ​ដំបូង​គេ​នៃ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​ន អន្តរជាតិ​រវាង​ឆ្នាំ​១៩៩៧ ទៅ​២០០២ ។ លោក​ប៊ូ​ត្រូ​សប៊ូ​ត្រូ​ស​ហ្គា​លី ជា​រដ្ឋមន្ត្រី​ការ​បរទេស​អេ​ហ្ស៊ី​បរ​វាង​ឆ្នាំ​១៩៧៧-១៩៩១ ហើយ​លោក​ជា​អ្នក​ចរចា​សំខាន់​ម្នាក់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​អុ​ី​ស្រា​អែ​ល​-​អា​រ៉ាប់ ដែល​ចុះហត្ថលេខា​ដោយ​លោក​អា​នូ​អា អែ​ល​សា​ដា​ដ និង​លោក​មី​ណា​ហេម ប៊ី​ហ្គី​ន កាលពី​ឆ្នាំ​១៩៧៩ ។

លោក​ប៊ូ​ត្រូ​ស ប៊ូ​ត្រូ​ស​ហ្គា​លី កើត​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​១៩២២ នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​គ្រួសារ​អ្នក​កាន់សាសនា​គ្រិស្ត​មួយ ។ លោក​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិតខាងច្បាប់​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ក្រុងប៉ារីស និង​សញ្ញាបត្រ​ពី​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុងប៉ារីស ។

អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ បាន​សម្តែង​ពី​ការ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ពេល​ទទួល​ព័ត៌មាន​ពី​មរណភាព​របស់​លោក​ប៊ូ​ត្រូ​ស ប៊ូ​ត្រូ​ស​ហ្គា​លី ដែល​លោក​ចាត់ទុកជា​បុរស​រដ្ឋ​គួរ​ឱ្យ​គោរព​មួយ​រូប ៕