ឯកឧត្តម សម រង្ស៊ី ថា រដ្ឋាភិបាល​បង្កើត​បញ្ហា ហើយ​ដោះស្រាយ​បំភ័ន្ត​ភ្នែក​រាស្ត្រ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស បាន​លើកយក​វិធី​បំភ័ន្ត​ភ្នែក​និង​បន្ទន់ចិត្ត​ប្រជារាស្ត្រ​របស់​រដ្ឋាភិបាល មក​សម្រាយ​រិះគន់​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​កាសែត Cambodia daily ជា​ភាសា​អង់គ្លេស ដែលមាន​ចំណងជើង​ថា «Hun Sen Defend Value New Electronic Government» នោះ ឯកឧត្តម សម រង្ស៊ី បាន​ចំអក​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​ថា បាន​បង្កើត​បញ្ហា​១០០​ជំពូក​តាម​អំណាច​ផ្ដាច់​ការខ្លួន ហើយ​យូៗ​ម្ដង​ដោះស្រាយបាន​បញ្ហា​ណាមួយ​នោះ រដ្ឋាភិបាល​ក៏​យក​សង្គម​ហ្វេ​ស​ប៊ុ​កមក​ប្រកាស​យ៉ាង​អធិកអធម ដើម្បី​បំភ័ន្ត​ភ្នែក​និង​បន្ទន់ចិត្ត​ប្រជារាស្ត្រ​ប៉ុណ្ណោះ​។​

​ប្រមុខ​បក្សប្រឆាំង​រូបនេះ​បាន​បន្ថែម​ដូច្នេះ​ថា​៖«​គេ​បង្កើត​បញ្ហា ១០០ ជំពូក ហើយ​ដាក់បន្ទុក​លើ​ប្រជារាស្ត្រ ដោយសារតែ​គេ​ធ្វើ​សេចក្តីសម្រេច​តាមរបៀប​ផ្តាច់ការ និង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​។ តែ​យូរៗ​ម្តង គេ​បន្ធូរបន្ថយ​ភាពលំបាក​ខ្លះៗ ទាក់ទង​ទៅនឹង​បញ្ហា​ណា ១ ហើយ​គេ​ក៏​ប្រកាស​យ៉ាង​អធិកអធម (​ដូចជា​តាម​ហ្វេ​ស​ប៊ុ​ក​) អំពី​ការបន្ធូរបន្ថយ​នោះ​។ តែ​ចំពោះ​បញ្ហា ៩៩ ជំពូក​ទៀត​ដែល​គេ​បាន​បង្កើត គេ​ទុក​ឲ្យ​នៅ​ដដែល ឬក៏​គេ​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​សម្រាប់​ប្រជារាស្ត្រ​រងគ្រោះ​»​។​

​ការរិះគន់​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី នេះ គឺធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​របស់លោក​នៅពេលនេះ គឺជា​រដ្ឋាភិបាល​អេឡិចត្រូនិក​ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា E-government​។  E-government ពីព្រោះ សម្តេច ហ៊ុន សែន ក៏មាន Page Facebook ផ្ទាល់ខ្លួន អាច​ឆ្លងឆ្លើយ​ជាមួយ​ពលរដ្ឋ​ដោយផ្ទាល់ ដែល​សម្ដេច​ចាត់ទុកថា ការប្រើប្រាស់​បណ្ដេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅពេលនេះ គឺ​ជួយ​ឲ្យ​លោក​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ​ពី​ប្រជាពលរដ្ឋ​។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​តាម​ក្រសួង និង​ស្ថាប័ន​នានា តាមដាន​ហ្វេ​ស​ប៊ុ​កលោក​ដែរ ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ ខណៈដែល​អ្នកវិភាគ​យ​ល់​ថា យន្តការ​ប្រើប្រាស់​បណ្ដេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ​ច្រើនជាង​មុន និង​មិន​ហ៊ាន​ផ្ដល់​របាយការណ៍​ក្លែងក្លាយ​ដល់​សម្ដេច ហ៊ុន សែន ទៀតឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​